អន្តរជាតិ
នយោបាយអន្តរជាតិ
ម៉ាឡេស៊ី ចាប់ខ្លួនជនសង្ស័យដែលគំរាមធ្វើឃាតមហាក្សត្រនិងនាយករដ្ឋមន្ត្រី មហាធៀ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ និងមហាក្សត្រ Sultan Muhammad V (រូបភាព AFP)
× ប៉ូលិសម៉ាឡេស៊ី បានចាប់ខ្លួនជនសង្ស័យជាភេរវជនចំនួន៧នាក់ដែលជាប់ពាក់ព័ន្ធក្រុមជ្រុលនិយមនៅអាស៊ីអាគ្នេយ៍។ ក្នុងចំណោមជនសង្ស័យទាំង៧នាក់ មានម្នាក់បានគំរាមធ្វើឃាតមហាក្សត្រម៉ាឡេស៊ី នាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ និងរដ្ឋមន្ត្រីមួយរូបទៀត។
មេប៉ូលិសជាតិម៉ាឡេស៊ី Mohd Fuzi Harun បានប្រកាសនៅថ្ងៃទី១៩ ខែកក្កដា ប៉ូលិសបានចាប់ខ្លួនជនជាតិម៉ាឡេស៊ី៤នាក់ និងជនជាតិឥណ្ឌូណេស៊ី៣នាក់ដែលជាប់ទាក់ទងបណ្ដាញក្រុមភេរវជន។ ជនសង្ស័យទាំង៤ ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការមួយចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែកក្កដា នៅរដ្ឋចំនួន៤ គឺ Terengganu, Selangor, Perak និង Johor ។
ក្នុងសេចក្ដីប្រកាសរបស់ខ្លួន លោក Fuzi និយាយថា ជនសង្ស័យម្នាក់ក្នុងចំណោមជនជាតិឥណ្ឌូណេស៊ីទាំង៣នាក់ មានទំនាក់ទំនងជាមួយសមាជិកក្រុម Jamaah Ansharut Daulah ដែលជាបណ្ដាញរបស់ក្រុមជ្រុលនិយមរដ្ឋឥស្លាម និងជាប់ពាក់ព័ន្ធក្នុងករណីសម្លាប់ប៉ូលិសឥណ្ឌូណេស៊ីម្នាក់កាលពីខែឧសភា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺការចាប់ខ្លួនជនសង្ស័យម្នាក់ជាអ្នកគាំទ្រក្រុមរដ្ឋឥស្លាម ដែលគំរាធ្វើឃាតប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី។
យោងតាមទូរទស្សន៍សិង្ហបុរី Channel NewsAsia ជនសង្ស័យដែលត្រូវបានចាប់ខ្លួននៅរដ្ឋ Johor បានបង្ហោះសារគំរាមធ្វើគុតមហាក្សត្រ Muhammad V នាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ និងរដ្ឋមន្ត្រីការិយាល័យនាយករដ្ឋមន្ត្រី Mujahid Yusof Rawa ។ មេប៉ូលម៉ាឡេស៊ីដដែលបញ្ជាក់ថា មូលហេតុនៃការគំរាមនេះ គឺជាដោយសារជនសង្ស័យចាត់ទុកស្ដេចស៊ុលតង់ លោក មហាធៀ និងមន្ត្រីម្នាក់ មិនមែនជាមេដឹកនាំឥស្លាម ដែលមិនដឹកនាំប្រទេសតាមច្បាប់ Sharia របស់ឥស្លាម។
ជនសង្ស័យជាជនជាតិម៉ាឡេស៊ីពីរនាក់ទៀតក៏ត្រូវបានចាប់ខ្លួននៅរដ្ឋ Johor ដែរ។ ម្នាក់ក្នុងចំណោមនេះជាអ្នកបច្ចេកទេសវ័យ៤២ ដែលធ្លាប់គំរាមវាយប្រហារគ្រាប់បែកនៅម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីនក្រោយពិធីបុណ្យ Hari Raya ។ ដើមឡើយ ជនសង្ស័យដែលមិនត្រូវបញ្ចេញឈ្មោះនេះ មានទំនាក់ទំនងជាញឹកញាប់ជាមួយសមាជិកក្រុមរដ្ឋឥស្លាមនៅស៊ីរីឈ្មោះ Muhammad Wanndy Mohamed Jedi ដើម្បីទទួលព័ត៌មានពីស្ថានភាពនៅមជ្ឈិមបូព៌ា។
វត្តមានក្រុមជ្រុលនិយមកំពុងក្លាយជាបញ្ហាប្រឈមមុខសម្រាប់តំបន់ ព្រោះចំនួនសកម្មជនភេរវជនក្នុងតំបន់កើនឡើងជាបន្ទាប់ បន្ថែមពីលើចំនួនក្រុមភេរវករខ្លះដែលបាក់ទ័ពពីមជ្ឈិមបូព៌ាផងនោះ។ បើតាមរបាយការណ៍ចារកម្មឥណ្ឌូណេស៊ី ក្នុងចំណោមក្រុមភេរវជនដែលបរទេសដែលជាសមាជិកក្រុមរដ្ឋឥស្លាម មាន៨០០នាក់ ជាពលរដ្ឋអាស៊ីអាគ្នេយ៍ ខណៈសកម្មប្រយុទ្ធចេញពីឥណ្ឌូណេស៊ី មានរហូតដល់៤០០នាក់ផងនោះ៕
Tag:
ម៉ាឡេស៊ី
មហាធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com