ជាតិ
សម្ដេច ហេង សំរិន ប្រាប់ឲ្យមន្ត្រីបក្ស លុបបំបាត់ភាពក្រអឺតក្រទមខ្លួន
× ភ្នំពេញ៖ ប្រធានរដ្ឋសភា សម្ដេច ហេង សំរិន ប្រាប់ឲ្យមន្ត្រីគណបក្សប្រជាជន ផ្លាស់ប្តូរឥរិយាបថ ក្រអឺតក្រទមខ្លួន ហើយបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ។ ការលើកឡើងរបស់ប្រធានរដ្ឋសភានេះ ធ្វើឡើងនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងខេត្តត្បូងឃ្មុំកាលពីពេលថ្មីនេះ។
សម្ដេច ហេង សំរិន បានរៀបរាប់ពីស្នាដៃរបស់គណបក្សប្រជាជន ដែលបានតស៊ូរំដោះប្រទេសជាតិ ចេញភ្លើងសង្គ្រាម ទើបមានការទុកចិត្តពីប្រជាពលរដ្ឋ ហើយអាចកាន់អំណាចដល់បច្ចុប្បន្ននេះ។ ទន្ទឹមនេះសម្ដេច បានប្រាប់ឲ្យមន្ត្រីបក្សខ្លួន បម្រើផលប្រយោជន៍ពលរដ្ឋឲ្យបានល្អ ដើម្បីជួយការពារស្នាដៃរបស់គណបក្ស។
នៅលើហ្វេសប៊ុកប្រធានរដ្ឋសភា អមជាមួយរូបថតជួបសមាជិក សមាជិកាបក្ស នៅខេត្តត្បូងឃ្មុំ បានសរសេរដូច្នេះថា៖«ផ្លាស់ប្តូរឥរិយាបទរបស់ខ្លួនលុបបំបាត់ភាពក្រអឺតក្រទម ភាពជានាយម៉ឺននិយម ទៅជាមន្ត្រីអ្នកបម្រើប្រជាពលរដ្ឋ ដោយសាមញ្ញដាក់ខ្លួនឲ្យទាបជាមួយប្រជាពលរដ្ឋ អ្វីដែលប៉ះទង្គិចផលប្រយោជន៍របស់ ប្រជាពលរដ្ឋត្រូវជៀសវាងជាដាច់ខាត»។
បន្ថែមពីនេះសម្ដេច ហេង សំរិន បានបញ្ជាក់ថា ការងារផ្ដល់សេវាសាធារណៈ ដែលជាតម្រូវការរបស់ពលរដ្ឋ គឺជាកាតព្វកិច្ចរបស់មន្ត្រី ត្រូវបំពេញឲ្យបានត្រឹមត្រូវ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ ឃើញថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានព្រមាន និងស្តីឲ្យមន្ត្រីថ្នាក់ក្រោមជាបន្តបន្ទាប់ ស្របពេលការបោះឆ្នោតជិតមកដល់នេះ។ កន្លងមកសម្ដេច ហ៊ុន សែន ក៏ធ្លាប់ព្រមានដកមន្ត្រីណា ដែលអសកម្មដោះស្រាយបញ្ហាពលរដ្ឋហើយ បែរជាលាបពណ៌ពួកគាត់ជាក្រុមប្រឆាំងផងដែរ។ ក្រៅពីព្រមានមន្ត្រីថ្នាក់ក្រោម សម្ដេច ក៏ធ្លាប់ផ្ញើសារទៅរដ្ឋមន្ត្រីទាំងអស់ថា បើរដ្ឋមន្ត្រីណា មិនបានបំពេញការងារល្អត្រឹមត្រូវទេ នោះពួកគេនឹងគ្មានវត្តមានធ្វើជារដ្ឋមន្ត្រី នៅក្នុងនីតិកាលទី៦ឡើយ ។
គួរបញ្ជាក់ថា ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ កក្កដា ដោយមានគណបក្សចំនួន២០ ចូលរួមប្រកួតប្រជែង។ ចំណែកពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត មានជាង៨លាននាក់៕
Tag:
ហេង សំរិន
បោះឆ្នោត
CPP
© រក្សាសិទ្ធិដោយ thmeythmey.com