កីឡាអន្តរជាតិ
អន្តរជាតិ
Sarri យក​អតីត​ខ្សែប្រយុទ្ធ Chelsea ធ្វើ​ជំនួយការ​
19, Jul 2018 , 10:59 pm        
រូបភាព
Gianfranco Zola អតីត​ខ្សែប្រយុទ្ធ Chelsea បាន​ត្រលប់​ទៅកាន់​ទឹកដី Stamford Bridge វិញ​ដើម្បី​ធ្វើជា​ជំនួយការ​របស់​អ្នកចាត់ការ​ទូទៅ​ថ្មី​លោក Maurizio Sarri​។​



​បន្ទាប់ពី​លោក Sarri អាយុ​៥៩​ឆ្នាំ បាន​ចុះហត្ថលេខា​រយៈពេល​៣​ឆ្នាំ ដើម្បី​ដឹកនាំ Chelsea បន្ត​ពី​លោក Antonio Conte មិត្ត​រួម​ជាតិ​អ៊ីតាលី​របស់ខ្លួន​នោះ តោ​ខៀវ ក៏បាន​ប្រកាស​ពី​ការតែងតាំង​បុរស​សញ្ចា​តិ​អ៊ីតាលី​ម្នាក់ទៀត​ដើម្បី​ធ្វើជា​ជំនួយការ​របស់​អ្នកចាត់ការ​ទូទៅ​ថ្មី​នេះ​ផងដែរ​។​
 
Zola ដែល​បាន​លាលែង​ពី​តំណែង​អ្នកចាត់ការ​ទូទៅ Birmingham City កាលពី​ខែមេសា​ឆ្នាំ ២០១៧ នឹងត្រូវ​ចូលរួម​ជាមួយ​ក្រុម​រហ​ស្សនាម​តោ​ខៀវ ដើម្បី​ធ្វើដំណើរ​ទៅ​អូស្ត្រាលី​ក្នុង​យុទ្ធនា​ការប្រកួត​កំដៅ​សាច់ដុំ​មុន​បើក​រដូវ​កាល​ថ្មី​។​


 
​កាល​នៅ​ជា​កីឡាករ Zola ធ្លាប់ជួយ Chelsea ឈ្នះ​ពានរង្វាន់ FA Cup ពីរដង រួមទាំង Uefa Cup, Uefa Super Cup និង League Cup មួយ​លើក​ដូចគ្នា​នៅ​ចន្លោះ​ឆ្នាំ ១៩៩៦ ដល់ ២០០៣​។​
«​សម្រាប់​ខ្ញុំ​វា​គឺជា​រឿង​មួយ​ដ៏​អស្ចារ្យ​។ ខ្ញុំ​​ពិតជា​រីករាយ​ណាស់​ដែល​បានមក​ទីនេះ​»​។ Zola និយាយ​ដូច្នេះ​។​
 
​បុរស​វ័យ ៥២​ឆ្នាំ​បន្ថែមទៀតថា​៖«​វា​ពិតជា​អស្ចារ្យ​ណាស់​ក្នុងការ​ទទួលជោគជ័យ​ជាមួយ Sarri និង​ក្លិប ហើយ​ខ្ញុំ​នឹង​ផ្តល់​អ្វីដែល​ល្អ​បំផុត​របស់ខ្ញុំ​ដូចដែល​ខ្ញុំ​ធ្លាប់​បានធ្វើ​កាល​នៅ​ជា​កីឡាករ​ម្នាក់​នៅទីនេះ​»៕

Tag:
 បាល់ទាត់​
  Chelsea
  Gianfranco Zola
  Maurizio Sarri
© រក្សាសិទ្ធិដោយ thmeythmey.com