ជាតិ
សង្គមជាតិ
ប្រមុខរាជរដ្ឋាភិបាលប្រាប់អាជ្ញាធរគ្រប់ជាន់ថ្នាក់បង្កើនការយកចិត្តទុកដាក់ខ្ពស់លើគ្រោះទឹកជំនន់ឆ្នាំនេះ
× ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន តាមរយៈសេចក្តីណែនាំស្ដីពី ការត្រៀមបង្ការដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្ដរាយទឹកជំនន់ បានប្រាប់ដល់មន្ដ្រីគ្រប់ជាន់ថ្នាក់ទាំងអស់ ឱ្យមានស្មារតីយកចិត្តទុកដាក់ខ្ពស់។ សេចក្តីណែនាំនេះ ដើម្បីឱ្យអាជ្ញាធរប្រាកដថា បានត្រៀមខ្លួនជាស្រេចនៅពេលមានហានិភ័យកើតឡើងដោយសារគ្រោះទឹកជំនន់។
ក្នុងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៨ ប្រមុខរាជរដ្ឋាភិបាល បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី រាជធានី ខេត្ត ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ត្រូវបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់បំផុត និងត្រូវរៀបចំជាមុន ដោយប្រើកម្លាំងសរុប មធ្យោបាយសរុប នៅពេលមានទឹកជំនន់កើតឡើង។ សេចក្តីណែនាំដដែល បានបញ្ជាក់ថា ត្រូវជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព មិនត្រូវឱ្យប៉ះពាល់ដល់អាយុជីវិត និងការខូចខាតផ្សេងៗ ដែលកើតឡើងជាយថាហេតុ។
សេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ធ្វើឡើងស្របពេលមានការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលធ្វើឱ្យកម្ពុជារងឥទ្ធិពលព្យុះដែលបង្កឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលធ្វើឱ្យបណ្តាខេត្តមួយចំនួន មានជំនន់ទឹកភ្លៀង។ ខេត្តទាំងនោះរួមមាន ខេត្ដកំពត ព្រះសីហនុ កោះកុង កំពង់ស្ពឺ បាត់ដំបង និងខេត្តប៉ៃលិន។ ចំណែកតំបន់ផ្ទៃរងទឹកភ្លៀងទន្លេមេគង្គ ក្នុងប្រទេសឡាវ និងថៃ ក៏មានភ្លៀងធ្លាក់ច្រើនបង្កឱ្យទឹកទន្លេហក់ឡើងផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com