ជាតិ
សង្គមជាតិ
លោក ស៊ុន ចាន់​ថុ​ល៖ កំណាត់​ផ្លូវជាតិ​៤ ត្រូវ​បិទ រហូតដល់​ទឹក​ស្រក​អស់​
20, Jul 2018 , 12:30 pm        
រូបភាព
លោក ស៊ុន ចាន់​ថុ​ន រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន (ពាក់មួកពណ៌ស)។ រូបពីហ្វេសប៊ុករបស់ក្រសួងសាធារណការ
លោក ស៊ុន ចាន់​ថុ​ន រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន (ពាក់មួកពណ៌ស)។ រូបពីហ្វេសប៊ុករបស់ក្រសួងសាធារណការ
ដោយ:
រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​ប្រាប់​ទៅ​អភិបាលខេត្ត​ព្រះសីហនុ ឱ្យ​បន្ត​បិទផ្លូវ​ជាតិ​លេខ​៤ ត្រង់ចំណុចស្ពាន​ស្ទឹងច្រាល និង​ស្ពាន​ស្ទឹង​សំរោង​។ ការបិទ​បណ្ដោះអាសន្ន​នេះ ដោយសារ​ជំនន់​ទឹក​ភ្លៀង​នៅតែ​មិនទាន់​ស្រក​ទាំងស្រុង​នៅឡើយ ដែល​កំពុង​ហូរ​កាត់​ផ្លូវ ហើយ​ការធ្វើ​ចរាចរណ៍​របស់​រថយន្ត​ធុន​ធ្ងន់​នឹង​អាច​បណ្ដាលឱ្យ​ផ្លូវ​នេះ​រង​ការខូចខាត​ធ្ងន់ធ្ងរ​។​


 
​លោក ស៊ុន ចាន់ថុល បាន​ចុះទៅពិនិត្យ​កំណាត់​ផ្លូវជាតិ​លេខ​៤ នៅ​ចំណុច​ខាងលើ នា​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា​នេះ ដោយមាន​ការចូលរួម​ពីអ​ភិ​បាល​ខេត្ត​ព្រះសីហនុ និង​កំពង់ស្ពឺ ព្រមទាំង​មន្ត្រី​ប​ច្ចេ​កទេស​ខាង​ផ្លូវ ហើយ​និង​មន្ត្រី​ពាក់ព័ន្ធ​ផងដែរ​។​
 
​លោក​រដ្ឋមន្ត្រី បាន​លើកឡើងថា ក្រុមបច្ចេកទេស​នឹង​ចាប់ផ្តើម​ជួសជុល និង​ស្តារ​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និងស្ពាន​ឡើងវិញ​ជាបន្ទាន់ បន្ទាប់ពី​ជំនន់​ទឹកភ្លៀង​បាន​ស្រក​ទៅវិញ ដើម្បី​ធានាឱ្យមាន​និរន្តរភាព​ចរាចរណ៍​ជា​ប្រក្រតី​។​
 
​លោក បន្ថែមថា បច្ចុប្បន្ន ផ្លូវ​នេះ មាន​ប្រវែង​៧​ម៉ែត្រ (ទទឹង) ដូច្នេះ​ក្រសួង​គ្រោង​នឹង​ពង្រីកដល់ទៅ១៤​ម៉ែត្រ ហើយ​និង​ខ្ពស់ជាង​នេះ ដើម្បី​កុំឱ្យ​ជន់​លិច​ពី​ទឹកភ្លៀង​បន្តទៀត ហើយ​សម្រាប់​គម្រោង​នេះ ប្រាក់កម្ចី​ពី​ធនាគារពិភពលោក​។ លោក និយាយទៀតថា ក្នុងករណី ដែល​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​អាច​ផ្ទេរ​ដាក់​តាមផ្លូវ​ដែក​សិន ដើម្បី​រក្សា​ស្ថានភាព​ផ្លូវថ្នល់​។


កំណាត់ផ្លូវជាតិលេខ៤ ដែលលិចទឹក។ រូបពីក្រសួងសាធារណការ

ព័ត៌មាន​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​របស់​ក្រសួង​សាធារណការ បាន​ឲ្យ​ដឹងថា ក្រៅពី​កំណាត់​ផ្លូវជាតិ​លេខ​៤ និង​កំណាត់​ផ្លូវ​ខេត្ត​លេខ​១៣២ រួមទាំង​ផ្លូវជាតិ និង​ផ្លូវ​ខេត្ត​មួយចំនួនទៀត ក៏​ទទួលរង​ការខូចខាត​ស្រទាប់​ផ្លូវ​ផ្នែក​ផ្ទៃ​ខាងលើ​ផងដែរ ដែល​បង្ក​ឲ្យ​មានការ​លំបាក​ធ្វើ​ចរាចរណ៍​​៕
 

Tag:
 ​ទឹកភ្លៀង​
 ​ផ្លូវជាតិ​លេខ​៤
 ​ស៊ុន ចាន់​ថុ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com