កីឡាជាតិ
ជាតិ
កីឡាករ​នី​ហ្សេ​រី​យ៉ា Emmanuel លើក​ទង់ជាតិ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍ ONE Warrors នៅ​សិង្ហ​បុរី​
20, Jul 2018 , 1:20 pm        
រូបភាព
ដោយ:
​អ្នកលេង​គុន​ខ្មែរ​នី​ហ្សេ​រី​យ៉ា Emmanuel Onyedikachi ដែល​ហ្វឹកហាត់​នៅ​ក្លិប​របស់​កីឡាករ ចាន់ រតនា បាន​លើក​ទង់ជាតិ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍ ONE Warrors Series 2 នៅ​ប្រទេស​សិង្ហ​បុរី ក្រោយ​រូបគេ​យកឈ្នះ​កីឡាករ​ឥណ្ឌា​។ ជាមួយគ្នានេះ កីឡាករ ចាន់ សំអាត បាន​រង​ការខកចិត្ត​ក្រោម​ថ្វីដៃ​កីឡាករ​ហ្វីលីពីន Michael Fangki ទាំង​មិន​អស់ចិត្ត​។

​ 


កីឡាករ​នី​ហ្សេ​រី​យ៉ា Emmanuel Onyedikachi បានបង្ហាញ​ភាពខ្លាំង​លើ​ឆាក​អន្តរជាតិ​លើកដំបូង​របស់ខ្លួន តាមរយៈ​ការ​ផ្តួល​កីឡាករ​ឥណ្ឌា Sandeep Kumar Dahiya ឲ្យ​បោះបង់​ការប្រកួត​ត្រឹម​ទឹក​ទី​១​ក្នុង​ព្រឹត្តិការណ៍ ONE Warrors Series 2 នៅ​ប្រទេស​សិង្ហ​បុរី កាលពី​យប់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​។



​ ជ័យជម្នះ​របស់​កីឡាករ​នី​ហ្សេ​រី​យ៉ា​រូបនេះ គឺ​បន្ទាប់ពី​រូបគេ​ប្រើ​ជើង​ទាត់​រហូត​ធ្វើ​ឲ្យ​កីឡាករ​ឥណ្ឌា​ខូច​ជើង​ស្តាំ​យ៉ាងធ្ងន់ធ្ងរ​រហូត​មិនអាច​បន្ត​ការប្រកួត​បាន​។ អ្វី​ដែលជា​មោទកភាព​សម្រាប់​កម្ពុជា​នោះ គឺ​កីឡា​ករនី​ហ្សេ​រី​យ៉ា​រូបនេះ បាន​ពាក់​ទង់ជាតិ​កម្ពុជា​នៅលើ​ស្មា ពេល​អាជ្ញាកណ្តាល​លើកដៃ​ឲ្យ​រូបគេ​ឈ្នះ​កីឡាករ​ឥណ្ឌា​។ 
 
​តែ​អ្វីដែល​គួរ​ឲ្យ​សោកស្តាយ​ក្នុង​ព្រឹត្តិការណ៍​នេះ គឺ​មិត្ត​រួម​ក្រុម​កីឡាករ ចាន់ សំអាត បាន​ប្រកួត​ចាញ់​កីឡាករ​ហ្វីលីពីន Michael Fangki ត្រឹម​ទឹក​ទី​១​ទាំង​មិន​អស់ចិត្ត​។ ព្រោះ កីឡាករ ចាន់ សំអាត មិនបាន​ប្រើ​ស្នៀត​ពិសេស​ណាមួយ តបត​ជាមួយ​កីឡាករ​ហ្វីលីពីន​ខាងលើ​នោះឡើយ​។ គ្រាន់តែ​ស្នូរ​ជួង​ទឹក​ទី​១​ចាប់ផ្តើម​មិនបាន​ប៉ុន្មាន​ផង កីឡាករ Michael Fangki បាន​ឡើង​ជិះ​ពីលើ​កីឡាករ ចាន់ សំអាត នឹង​បាន​ប្រើ​កណ្តាប់ដៃ​រួមជាមួយ​កែង​មកលើ សំអាត ដែល​ព្យាយាម​រើ​បម្រាស់​ពី​ការ​គ្រប​សង្កត់​។ កីឡាករ​ហ្វីលីពីន​រូបនេះ បាន​គ្រប់គ្រង​ស្ថានការណ៍​រហូត​អាជ្ញាកណ្តាល​បញ្ឈប់​ការប្រកួត​ត្រឹម​ទឹក​ទី​១​តែម្តង​។​
 
​ជ័យជម្នះ​នេះ​មានន័យថា វា​ដូចនឹង​អ្វីដែល​កីឡាករ​ហ្វីលីពីន​រូបនេះ​បាន​និយាយ​ទុក​មុន​មែន​។ មុន​ការប្រកួត​មកដល់​កីឡាករ​ហ្វីលីពីន​ខាងលើ បាន​បោះសម្តី​ឌឺដង​ឲ្យ​កីឡាករ ចាន់ សំអាតថា ត្រៀម​តែ​រង​ការខកចិត្ត​ឲ្យ ​ហើយ​ទៅ​៕  



Tag:
 ​ប្រដាល់​គុន​ខ្មែរ​
  ONE Warrors
  សិង្ហ​បុរី
© រក្សាសិទ្ធិដោយ thmeythmey.com