អន្តរជាតិ
អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក ហ្គឺ​ន​ហេ ទទួលទោស​៨​ឆ្នាំ​ទៀត​
20, Jul 2018 , 2:30 pm        
រូបភាព
អតីតប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក ហ្គឺនហេ (រូបភាព AFP)
អតីតប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក ហ្គឺនហេ (រូបភាព AFP)
​តុលាការក្រុង​សេ​អ៊ូ​ល នៅ​ថ្ងៃទី​២០ ខែកក្កដា បានសម្រេច​កាត់ទោស​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក ហ្គឺ​ន​ហេ ឲ្យ​ជាប់ពន្ធនាគា​រយៈពេល​៨​ឆ្នាំ​លើ​សំណុំរឿង​លូកលាន់​ការបោះឆ្នោត​សភា​ឆ្នាំ​២០១៦ និង​ធ្វើ​ឲ្យ​បាត់បង់​ថវិកាជាតិ​។ បច្ចុប្បន្ននេះ លោកស្រី ប៉ាក ហ្គឺ​ន​ហេ អនុវត្ត​ទោស​ចំនួន​២៤​ឆ្នាំ​រួចហើយ​ពាក់ព័ន្ធ​ករណី​ពុករលួយ ស៊ីសំណូក និង​បំពាន​អំណាច​ផង​។ ទាំង​ករណីនេះ ទាំង​ករណី​លើក​មុន អតីត​ប្រធានាធិបតី​រូបនេះ​សុទ្ធតែ​បដិសេធ​ទាំងអស់​។​



​សវនាការ​កាត់ទោស​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក ហ្គឺ​ន​ហេ នៅ​ថ្ងៃទី​២០ ខែកក្កដា ត្រូវបាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ទូទាំងប្រទេស​។ តុលាការ​តំបន់​សេ​អ៊ូ​ល​កណ្ដាល បាន​កាត់ទោស​ឲ្យ​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ជាប់ពន្ធនាគារ​រយៈពេល​៨​ឆ្នាំ​ថែមទៀត​លើ​ករណី​ចំនួន​ពីរ ខណៈ​ទណ្ឌិត​ធ្វើពហិការ​ចូលរួម​សវនាការ​នេះ ដោយ​អះអាងថា រដ្ឋអាជ្ញា និង​ចៅក្រម​មិន​យុត្តិធម៌ ហើយ​សំណុំ​រឿងនេះ​ជា​រឿង​នយោបាយ​។​

​តុលាការ​រកឃើញថា លោកស្រី ប៉ាក បានទទួល​ប្រាក់​ពី​អង្គភាព​ចារកម្ម​រដ្ឋ (NIS) ចំនួន​ជាង​២៦​លាន​ដុល្លារ​ដែលជា​លុយ​របស់​រដ្ឋ​។ យោងតាម​ការ​ទីភ្នាក់ងារ​ព័ត៌មាន Yonhap អតីត​ប្រធានាធិបតី​រូបនេះ​បាន​ប្រើប្រាស់​លុយ​នេះ​មួយផ្នែក​ដើម្បី​ចំណាយ​ផ្ទាល់ខ្លួន​ដូចជា​ថ្លៃ​ទូរ​សព្ទ​សម្ងាត់​ជាមួយ​មនុស្ស​ជំនិត ជួសជុល​គេហដ្ឋាន​ផ្ទាល់ខ្លួន និង​ថ្លៃ​ព្យាបាល​ជំងឺ​។ ជាមួយគ្នា​នោះ លោកស្រី ប៉ាក ក៏​យកលុយ​មួយចំនួន​ទៅ​ឲ្យ​ទីប្រឹក្សា​របស់លោក​ស្រី​ផង​។​

​ក្រៅពី​ករណី​ទទួល​សំណូក​នេះ តុលាការ​កូរ៉េខាងត្បូង​ក៏​រកឃើញ​កំហុស​របស់​លោកស្រី ប៉ាក វ័យ​៦៦​ឆ្នាំ លើ​ករណី​ជ្រៀតជ្រែក​ការបោះឆ្នោត​សភា​ឆ្នាំ​២០១៦ ដោយ​ពេលនេះ​លោកស្រី​បាន​លូកដៃ​ចូលក្នុង​ការជ្រើសរើស​បេក្ខភាព​សមាជិកសភា​របស់​ប​ក្ស​កាន់អំណាច​ពេលនោះ Saenuri ដែរ​។

​សរុប​ទាំង​លើក​នេះ​ទៀត អតីត​មេដឹកនាំ​ស្ត្រី​ទីមួយ​របស់​កូរ៉េខាងត្បូង​រូបនេះ អាច​ជាប់ពន្ធនាគា​រដ​ល់​ទៅ​៣២​ឆ្នាំ​ឯណោះ ព្រោះ​លោកស្រី​កំពុង​អនុវត្ត​ទោស​ចំនួន​២៤​ឆ្នាំ​ទៅហើយ​។ កាលពី​ខែមេសា តុលាការ​កូរ៉េខាងត្បូង​បាន​កាត់ទោស​លោកស្រី​លើ​សំណុំរឿង​ដោយឡែក​ដូចជា​ពុករលួយ ស៊ីសំណូក បំពាន​អំណាច និង​ការបង្ខំ​។ ទោះជា​យ៉ាងណា លោកស្រី​បាន​ច្រានចោល​រាល់​ការចោទប្រកាន់​ទាំងអស់​លើ​ខ្លួន​។​

​លោកស្រី ប៉ាក ត្រូវបាន​តុលាការ​ធម្មនុញ្ញ​កូរ៉េខាងត្បូង​ដកតំណែង​ប្រធានាធិបតី​កាលពី​ខែមីនា ឆ្នាំ​២០១៧ និង​ត្រូវបាន​ចាប់ឃុំខ្លួន​រហូតដល់​ពេល​កាត់ទោស​មួយឆ្នាំ​ក្រោយមក​។ ការឃុំខ្លួន​លោកស្រី​ក្នុង​រយៈពេល​យូរ​បែបនេះ ក៏​ធ្វើ​ឲ្យ​មាន​ការលើក​ពី​ឯករាជ្យភាព​របស់​ប្រព័ន្ធយុត្តិធម៌​កូរ៉េខាងត្បូង​ផងដែរ​។ លោកស្រី ប៉ាក ធ្លាប់​លើកឡើងថា មាន​របៀបវារៈ​សងសឹក​នយោបាយ​នៅ​ខាងក្រោយ​ការកាត់ទោស​សវនាការ​នេះ​៕


Tag:
 កូរ៉េខាងត្បូង​
  ប៉ាក ហ្គឺ​ន​ហេ
© រក្សាសិទ្ធិដោយ thmeythmey.com