ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាលគ្រោងចំណាយ ១១០លានដុល្លារ កែលម្អផ្លូវជាតិលេខ៤ នៅដើមឆ្នាំ២០១៩
× ភ្នំពេញ៖ រដ្ឋាភិបាល គ្រោងចំណាយថវិកា១១០លានដុល្លារអាមេរិក សម្រាប់ការកែលម្អផ្លូវជាតិលេខ៤ នៅដើមឆ្នាំ២០១៩ខាងមុខ។ នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ។
រដ្ឋាភិបាលបានទទួលកម្ចីពីធនាគារពិភពលោកចំនួន ១១០លានដុល្លារអាមេរិក សម្រាប់គម្រោងកែលម្អផ្លូវជាតិលេខ៤។ បើតាមសេចក្ដីប្រកាសព័ត៌មាន គម្រោងទឹកប្រាក់ ១១០លានដុល្លារនេះ មានគោលដៅកែលម្អលក្ខខណ្ឌសុវត្ថិភាព និងភាពធន់អាកាសធាតុរបស់ផ្លូវជាតិលេខ៤ ប្រវែងជាង ២០០គីឡូម៉ែត្រ។ ធនាគារពិភពលោក ឲ្យដឹងថា ផ្លូវជាតិមួយនេះ កំពុងរងសម្ពាធចរាចរណ៍យ៉ាងមមាញឹក ឆ្លងកាត់តំបន់សេដ្ឋកិច្ច និងតំបន់កសិកម្មសម្បូរបែបជាច្រើនកន្លែង។
គម្រោងនេះនឹងជួយបង្កើនគុណភាពផ្លូវជាតិលេខ៤ ឲ្យល្អជាងមុន និងការរៀបចំកែលម្អចញ្ចើមសងខាងផ្លូវ ដាក់លូបង្ហូរទឹក និងធ្វើស្ពាន។ ជាពិសេសផ្ដោតទៅលើការបង្កើនគុណភាពស្ថានីយថ្លឹងទម្ងន់រថយន្តធំដែលមានស្រាប់ ដំឡើងសញ្ញាតំបន់ល្បឿនលឿនមានកម្រិត សញ្ញានាំផ្លូវ ប្រព័ន្ធភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យ និងកាមេរ៉ាចាប់ល្បឿនបើកបរ។
ទោះយ៉ាងណាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកញ្ជូន លោក វ៉ា ស៊ឹមសុរិយា មិនអាចបញ្ជាក់បានថាតើផ្លូវជាតិលេខ៤នេះ នឹងអាចបញ្ចៀសបានពីទឹកជំនន់ ឬយ៉ាងណា? លោកអះអាងថាមិនទាន់បានឃើញគំរូរចនារបស់គម្រោងកែលម្អផ្លូវមួយនេះ។
គួរបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក បានចុះហត្ថលេខាទទួលហិរញ្ញប្បទានសម្រាប់គម្រោងកែលម្អផ្លូវនេះ ព្រមគ្នាជាមួយគម្រោងកម្មវិធីអប់រំមួយផ្សេងទៀត កាលពីថ្ងៃទី១២ខែមិថុនា ៕
Tag:
World Bank
ផ្លូវជាតិលេខ៤
© រក្សាសិទ្ធិដោយ thmeythmey.com