អន្តរជាតិ
អគ្គរដ្ឋទូតចិនប្រចាំម៉ានីល៖ ចិន មិនឲ្យហ្វីលីពីនធ្លាក់ក្នុងបំណុលរបស់ខ្លួនឡើយ លោក ឌូទើតេ និងអគ្គរដ្ឋទូតចិន (រូបភាព AFP)
× ហ្វីលីពីនក្រោមការដឹកនាំដោយរដ្ឋបាលលោក រ៉ូឌ្រីហ្គោ ឌូទើតេ កំពុងតែទទួលបានទាំងជំនួយ និងទាំងកម្ចីចិនក្នុងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗរបស់ប្រទេស។ ស្ថានភាពបែបនេះ ធ្វើឲ្យមានការព្រួយបារម្ភខ្លះ ថាហ្វីលីពីនអាចធ្លាក់ចូលក្នុងបំណុលងើបមិនរួច តែក្រុងប៉េកាំង អះអាងថា ខ្លួនមិនឲ្យរដ្ឋដៃគូ ធា្លក់ចូលស្ថានភាពហិរញ្ញវត្ថុអាក្រក់បែបនេះឡើយ។
នាពិធីសម្ពោធស្ពានក្នុងរដ្ឋធានីម៉ានីលដែលជាជំនួយពីរដ្ឋាភិបាលចិន លោក Zhao Jianhua អគ្គរដ្ឋទូតចិនប្រចាំហ្វីលីពីន នៅថ្ងៃ១៧ កក្កដា បានអះអាងថា ជំនួយដែលប្រទេសចិនផ្តល់ឲ្យរដ្ឋាភិបាលហ្វីលីពីនមិនមានលក្ខខណ្ឌជាមួយឡើយ ពោលគឺចិន មិនបានមើលឃើញផលប្រយោជន៍អ្វីឡើយពីហ្វីលីពីន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ព័ត៌មាន Reuters។
តាមប្រភពព័ត៌មានដដែលនោះ លោកអគ្គរដ្ឋទូត សង្កត់ធ្ងន់ផងដែរថា៖«សម្រាប់កម្ចីរបស់ចិនដែលមានគោលដៅដើម្បីគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធនោះ ក៏មិនធ្វើឲ្យហ្វីលីពីនត្រូវធ្លាក់ចូលបំណុលវ័ណ្ឌកអ្វីដែរ។»
លោកអគ្គរដ្ឋទូតដដែលនោះ បន្ថែមថា រដ្ឋាភិបាលចិន នឹងខិតខំឲ្យអស់ពីលទ្ធភាពដើម្បីបង្ហាញថាគោលនយោបាយការបរទេសឯករាជ្យរបស់លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ នឹងផ្តល់ផ្លែផ្កាជាប្រយោជន៍ដល់ប្រជាជនហ្វីលីពីនយ៉ាងពិតប្រាកដ។
សេចក្តីថ្លែងការណ៍របស់មន្ត្រីការទូតជាន់ខ្ពស់របស់ចិនរូបនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផែនការសេដ្ឋកិច្ចហ្វីលីពីន បានក្រើនរលឹកគណៈរដ្ឋមន្ត្រីលោកឌូទើតេពីចំនួនលើសលប់នៃកម្ចីពីចិន ខណៈពេលដែលអ្នកវិភាគមួយចំនួន ក៏បានរំពឹងទុកពីផលអវិជ្ជមានពីជំនួយ និងកម្ចីរបស់ចិន ថាអាចធ្វើឲ្យហ្វីលីពីន ធ្លាក់ចូលក្នុងអន្ទាក់នៃបំណុលរបស់ចិនផងនោះ។
នៅថ្ងៃ១៦ កក្កដា កន្លងទៅ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying ក៏បានបដិសេធលើការចោទប្រកាន់ដែលថា គំនិតផ្តួចផ្តើមវិថី និងក្រវ៉ាត់របស់ចិន នឹងនាំឲ្យបណ្តាប្រទេសដៃគូជំពាក់វ័ណ្ឌកនឹងកម្ចីចិន។ អ្នកនាំពាក្យ បានអះអាងថា មិនទាន់មានប្រទេសណាធ្លាក់ក្នុងវិបត្តិបំណុលដោយសារខ្លួនឡើយ។
សូមជម្រាបថា មុនអាណត្តិដឹកនាំរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ហ្វីលីពីន មិនសូវមានទំនាក់ទំនងល្អជាមួយនឹងចិនស៊ីជម្រៅប៉ុន្មាននោះទេ។ ក៏ប៉ុន្តែបន្ទាប់ពីលោក ឌូទើតេ ប្រកាសអនុវត្តគោលនយោបាយការបរទេសឯករាជ្យក្នុងគោលដៅ អះអាងថាខ្លួនមិនស្ថិតក្រោមអាមេរិកនោះ ហ្វីលីពីន ក៏ចាប់ផ្តើមជិតស្និទ្ធជាមួយនឹងចិន និងថែមទាំងបានស្នើឲ្យចិនធ្វើកិច្ចសហប្រតិបត្តិការ និងជួយអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសវិស័យសេដ្ឋកិច្ចជាតិ៕
Tag:
ចិន
ហ្វីលីពីន
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com