អន្តរជាតិ
នយោបាយអន្តរជាតិ
ឥណ្ឌា៖ តំបន់«ឥណ្ឌូប៉ាស៊ីហ្វិក»រាប់បញ្ចូលគ្រប់ភាគី ហើយក៏គ្មានមហិច្ឆតាប្រឆាំងមហាអំណាចចិនដែរ
× (ញូដេលី)៖ ឥណ្ឌាអះអាងថា «គោលគំនិតឥណ្ឌូប៉ាស៊ីហ្វិក» គឺរួមបញ្ចូលគ្រប់ភាគីទាំងអស់មិនរើសអើង ហើយវាផ្តោតសំខាន់លើការធានាសេរីភាព ការបើកចំហ និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ទម្លាប់។ គោលគំនិតនេះគ្មានគោលដៅប្រឆាំងអ្នកណាមួយឡើយ ហើយឥណ្ឌាក៏គ្មានគោលដៅណាប្រជែង ឬប្រឆាំងមហាអំណាចចិនដែរ។
ក្នុងជំនួបជាមួយអ្នកកាសែតអាស៊ាន ដាច់ដោយឡែកពីវេទិកាសន្ទនាដេលីលើកទីដប់ (Delhi Dialogue) លោកស្រីលោកស្រី Preeti Saran រដ្ឋលេខាធិការក្រសួងការបរទេសឥណ្ឌាទទួលបន្ទុកភាគខាងកើត (Secretary [East]) បានផ្តល់យោបល់ថា គោលគំនិតឥណ្ឌូប៉ាស៊ីហ្វិកមិនមែនជារឿងថ្មីទេ ប៉ុន្តែវាមិនត្រូវបានគេលើកឡើងញឹកញាប់។
តំណាងក្រសួងការបរទេសឥណ្ឌារូបនេះផ្តល់និយមន័យមូលដ្ឋាននៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកថា សម្រាប់ឥណ្ឌា ឥណ្ឌូប៉ាស៊ីហ្វិកគឺ សំដៅលើភូមិសាស្ត្រដែលលាតសន្ធឹងចេញពីភាគខាងកើតទ្វីបអាហ្វ្រិកមកដល់តំបន់ប៉ាស៊ីហ្វិកខាងលិចដែលវាជាផ្លូវទឹកដ៏សំខាន់ភ្ជាប់មហាសមុទ្រឥណ្ឌាជាមួយមហាសមុទ្រប៉ាស៊ីហ្វិក។
«ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូលដែលយើងកំពុងរស់នៅមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់អ្នកណាមួយឡើយ។ វាជាតំបន់រួមប្រកបដោយបរិយាបន្ន។ ប៉ុន្តែអ្វីដែលយើងចង់បាននោះគឺ ស្ថិរភាព និងសន្តិភាពតំបន់ ដែលគ្រប់ភាគអាចអនុវត្តសេរីភាពនាវាចរណ៍ និងអាចធានាសណ្តាប់ធ្នាប់អន្តរជាតិផ្អែកសំខាន់លើច្បាប់អន្តរជាតិត្រូវភាគីទាំងអស់គោរពប្រតិបត្តិ»។ លោកស្រី Preeti បានអះអាងដូច្នេះ។
បើតាមមន្ត្រីជាន់ខ្ពស់ឥណ្ឌារូបនេះ ខណៈដែលអាស៊ានជាបេះដូងនៃ«តំបន់ឥណ្ឌូប៉ាស៊ីហ្វិក» ឥណ្ឌាបន្តពង្រឹង និងពង្រីកចំណងមិត្តភាព, គាំទ្រសាមគ្គី និងរួបរួមគ្នារបស់អាស៊ាន ហើយឥណ្ឌានៅតែរក្សាជំហរឥតងាករេក្នុងការបន្តគាំទ្រតួនាទីស្នូលរបស់អាស៊ាន (ASEAN Centrality) ក្នុងការកសាងនិងដឹកនាំនិម្មាបនកម្មតំបន់ (Regional Architecture)ដែរ។ លោកស្រីក៏សង្កត់ធ្ងន់ដែរថា អនាគតនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺអាស្រ័យលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាននេះជាពិសេសតាមផ្លូវសមុទ្ររវាងឥណ្ឌានិងអាស៊ានតែម្តង។
ដោយសារហេតុនេះហើយ រដ្ឋាភិបាលឥណ្ឌាបច្ចុប្បន្នក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី នារិន្ទ្រា ម៉ូឌីយកចិត្តដាក់ខ្លាំងលើតំបន់អាស៊ានតាមរយៈការអនុវត្តគោលនយោបាយការបរទេស «ធ្វើសកម្មភាពនៅភាគខាងកើត» (Act East Policy) ចាប់ពីឆ្នាំ ២០១៤។ លោក ម៉ូឌី ព្យាយាមប្តូរទស្សនវិស័យដែលមានទៅជាសកម្មភាពជាក់ស្តែង ដោយបន្តលើកស្ទួយចំណងមិត្តភាពជាមួយអាស៊ានឲ្យរឹងមាំនិងស៊ីជម្រៅទាំងនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងវិស័យផ្សេងទៀតដែរ។
ត្រឡប់មកវិញ គោលគំនិតឥណ្ឌូប៉ាស៊ីហ្វិកត្រូវបានគេលើកឡើងដំបូងនិងកាន់តែញឹកញាប់នៅចុងឆ្នាំ ២០១៧ ដោយរដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំ។ បើតាមអ្នកជំនាញ គ្មាននិយមន័យផ្លូវការណាមួយនៃគោលគំនិតដ៏ល្បីល្បាញនេះត្រូវបានគេកំណត់នោះឡើយនៅពេលបច្ចុប្បន្ន។ មានមិតខ្លះយល់ថា ការលើកឡើងពីគោលគំនិតនេះជាយុទ្ធសាស្ត្រក្នុងការជំរុញការហ៊ុមព័ទ្ធឬទប់ស្កាត់ការរះត្រដែតរបស់ចិន។
ប្រធានមជ្ឈមណ្ឌលសិក្សាអាស៊ាននៃវិទ្យាស្ថានសិង្ហបុរី ISEAS-Yusof Ishak លោកបណ្ឌិត Tang Siew Mun បានអះអាងថា បើទោះជាគោលគំនិតឥណ្ឌូប៉ាស៊ីហ្វិកនេះត្រូវបានគេលើកយកមកនិយាយជាហូរហែររហូតដល់កម្រិតគោលនយោបាយការបរទេសក្តី និយមន័យ និងគោលដៅនៃគោលគំនិតឥណ្ឌូប៉ាស៊ីហ្វិកនៅតែស្រពេចស្រពិល។ ចំណែកប្រទេសនីមួយៗតែងតែផ្តល់និយមន័យ និងបកស្រាយផ្សេងៗគ្នាកន្លងមកទៀត។
លោកបណ្ឌិតយល់ឃើញដែរថា មានប្រជាជន ១,៣ ពាន់លាននាក់ ឥណ្ឌាពិតមានតួនាទីស្នូលក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសារឥណ្ឌាជាមហាអំណាចសេដ្ឋកិច្ចផង និងជាមហាអំណាចដែនសមុទ្រផង។ ប៉ុន្តែលោកជឿជាក់ថា បើសិនជាគោលគំនិតនេះបង្កើតឡើងក្នុងន័យប្រឆាំង ឬហ៊ុមព័ទ្ធតួអង្គណាមួយក្នុងតំបន់ជាពិសេសចិនដូចការពិភាក្សាមែននោះ វាជារឿងគួរឲ្យសោកស្តាយបំផុត។
ឥណ្ឌាគ្មានមហិច្ឆតាប្រជែងចិន?
រដ្ឋាភិបាលឥណ្ឌាយល់ថា វាគ្មានហេតុផលដែលឥណ្ឌា និងចិនដែលសុទ្ធតែជាមហាអំណាចគីឡូធ្ងន់ដែលមានប្រជាជនជាងមួយពាន់លាននាក់ត្រូវប្រជែងឬប្រឆាំងគ្នាឡើយ។ ទាំង ឥណ្ឌា និង ចិនសុទ្ធតែជាមហាអំណាចគីឡូធ្ងន់ដែលធ្លាប់មានអរិយធម៌រុងរឿង និងធ្លាប់គ្រប់គ្រងពិភពលោកមុនសម័យអាណានិគមចាប់ផ្តើម។
លោកស្រី Preeti និយាយថា៖«ប៉ុន្តែគ្រប់យ៉ាងផ្លាស់ប្តូរពេលបណ្តាប្រទេសចក្រព័ត្តិដាក់អាណានិគម។ ប៉ុន្តែបច្ចុប្បន្នឥណ្ឌា និងចិនស្ថិតនៅលើផ្លូវរួមគ្នាទៅរកការអភិវឌ្ឍ។ យើងត្រូវឈរដោយខ្លួនឯង យើងមានចំណងវប្បធម៌អរិយធម៌រឹងមាំ ហើយយើងមិនប្រឆាំងអ្នកណាមួយឡើយ។ តំបន់អាស៊ីជាអនាគតយើងទាំងអស់គ្នា។ សតវត្សទី២១ ជាសតវត្សរបស់អាស៊ី»។
តំណាងក្រសួងការបរទេសឥណ្ឌារូបនេះបានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាង ចិននិងឥណ្ឌាមិនមែនជាកិច្ចប្រតិបត្តិការចាញ់-ឈ្នះទេ ប៉ុន្តែឈ្នះទាំងសងខាង។ ចិននៅជាដៃគូដ៏សំខាន់របស់ចិនទាំងសេដ្ឋកិច្ច នយោបាយ និងការទូតទាំងពេលបច្ចុប្បន្ន និងពេលអនាគត៕
Tag:
ឥណ្ឌា
Delhi Dialogue
ឥណ្ឌូប៉ាស៊ីហ្វិក
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com