លោកស្រី រ៉ូ​ណា ស្មី​ត​៖ ការអំពាវនាវ​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត គួរតែ​ត្រូវបាន​អនុញ្ញាត
ជាតិ
បោះឆ្នោត
លោកស្រី រ៉ូ​ណា ស្មី​ត​៖ ការអំពាវនាវ​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត គួរតែ​ត្រូវបាន​អនុញ្ញាត
21, Jul 2018 , 10:58 am        
រូបភាព
ដោយ: ថ្មីៗ
​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​មានការ​អំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​។ លោកស្រី យល់ថា គ្រាន់តែ​អំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត គឺ​មិនមែនជា​ទោសកំហុស​នោះទេ​។



​សារ​ខាងលើ​របស់​លោកស្រី ដែល​និយាយ​មកកាន់​រដ្ឋាភិបាល​ក​ម្ពុ​ជា ត្រូវបាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ឧ​ត្ត​ម​ស្នងការ​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ លោកស្រី សង្កត់ធ្ងន់ថា ការបោះឆ្នោត​នៅ​កម្ពុជា មិនមែនជា​កាតព្វកិច្ច ដែល​ត្រូវតែ​ចូលរួម​ឡើយ​។



​អ្នករាយការណ៍​របស់​អង្គការសហប្រជាជាតិ​រូបនេះ បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ សូម​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ឲ្យ​ច្បាស់​ថា ការអំពាវនាវ​ឲ្យ​ធ្វើពហិការ​មិន​ទៅ​បោះឆ្នោត គួរតែអនុញ្ញាត​ឲ្យ​ធ្វើបាន​»​។​

​ការលើកឡើង​របស់លោក​ស្រី រ៉ូ​ណា ស្មី​ត ដូច​មិនទាន់​ឃើញ​មាន​មន្ត្រី​រដ្ឋាភិបាល​ឬ​គណបក្សកាន់អំណាច ចេញមក​ឆ្លើយតប​នោះទេ​។ ក៏ប៉ុន្តែ មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​គណបក្សកាន់អំណាច ជាពិសេស​លោក សុខ ឥសាន ដែលជា​អ្នកនាំពាក្យ បាន​បកស្រាយ​យ៉ាងច្រើន​ក្នុងន័យ​វិជ្ជមាន អំពី​ការបោះឆ្នោត នៅ​ឆ្នាំ​២០១៨​នេះ​។

​លោក សុខ ឥសាន ធ្លាប់បាន​អះអាងថា រដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​លើ​ការបោះឆ្នោត និង​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ឲ្យ​ស្របតាម​សិទ្ធិ​របស់​ពួកគេ​។ លោក និយាយ​ទៀត​ថា រដ្ឋាភិបាល​កម្ពុជា មិនបានគំរាមកំហែង​ប្រជាជន​នោះទេ ទាក់ទង​នឹង​ការបោះឆ្នោត​។

​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​គណបក្ស​កាន់​អំណ​ច នៅតែ​អះអាងថា ការអំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត គឺជា​រឿង​ខុសឆ្គង​។ តាមរយៈ​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម លោក បាន​សរសេរ​សារ​ទៅកាន់​អ្នកកាសែត​យ៉ាង​ដូច្នេះ​ថា​៖«​ក្រុម ដែល​ប្រើ​ឧបាយកល មិន​ឲ្យ​ប្រជាជន​ទៅ​បោះឆ្នោត គឺជា​ការរំលោភ​សិទ្ធិពល​រដ្ឋ​»​។​

​កន្លងមក​សម្តេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា និង​ជា​ប្រធាន​គណបក្សកាន់អំណាច ក៏​ចាត់ទុក​ការអំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ថា​ជាការ​រំលោភ​សិទ្ធិពលរ​ដ្ឋ និង​ច្បាប់​កម្ពុជា​ដែរ​។ ចំណែក ក្រសួងមហាផ្ទៃ បាន​ព្រមាន​ចាត់វិធានការ​ចំពោះ​ការអំពាវនាវ​បែបនេះ ដោយមាន​ការ​សាទរ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។

​ទោះជា​រង​ការព្រមាន​ក្តី តែ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​បក្សពួក​នៅក្រៅ​ប្រទេស នៅតែ​បន្ត​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ដដែល​។ ពួកគេ បាន​បង្កើត​យុទ្ធនាការ​មួយ​នៅតាម​បណ្តាញ​សង្គម ដែល​ហៅថា «​យុទ្ធនាការ​ម្រាមដៃ​ស្អាត​»​។

​នៅសល់តែ​៨​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការបោះឆ្នោត​នឹង​មកដល់​។ ពេលនេះ គណបក្ស​នានា កំពុងតែ​ឃោសនា​រក​សំឡេងឆ្នោត​រៀងៗ​ខ្លួន​៕

Tag:
 បោះឆ្នោត​
  រ៉ូ​ណា ស្មី​ត
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម