ជាតិ
បទវិភាគ
បោះឆ្នោត
ព្រះសង្ឃ អាចចូលរួមក្នុងនយោបាយបាន តែមានដែនកំណត់ ព្រះអង្គ ហង្ស ដារ៉ា ស្ថាបនិកគណបក្សសញ្ជាតិកម្ពុជា ជួបបរិស័ទដែលគាំទ្រគណបក្សរបស់ព្រះអង្គ នាពេលកន្លងមក។ រូបពីទំព័រហ្វេសបុកឈ្មោះ គណបក្សសញ្ជាតិកម្ពុជា Cambodian Natioality's Party
× ទាំងវិន័យព្រះពុទ្ធសាសនា ទាំងច្បាប់កម្ពុជា មិនបានដកព្រះសង្ឃ ចេញពីនយោបាយឡើយ។ ព្រះសង្ឃ ក៏ទទួលបានសិទ្ធិនយោបាយ ហើយក៏អាចចូលរួមធ្វើសកម្មភាពសង្គម និងនយោបាយ ដូចប្រជាពលរដ្ឋទូទៅដែរ។ ប៉ុន្តែ សិទ្ធិនយោបាយរបស់សង្ឃ មានដែនកំណត់ ដោយមិនអាចចូលរួម ឬធ្វើសកម្មភាពនយោបាយឲ្យហួសប្រមាណនោះទេ។
មួយរយៈចុងក្រោយនេះ ជាពិសេសចាប់តាំងគណបក្សនយោបាយនានានៅកម្ពុជា ចាប់ផ្តើមធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតមក ព្រះភិក្ខុមួយអង្គ ព្រះនាម ហង្ស ដារ៉ា ដែលជាស្ថាបនិកនៃគណបក្សសញ្ជាតិកម្ពុជា បានរងការរិះគន់យ៉ាងខ្លាំង ពីមជ្ឈដ្ឋានមួយចំនួន នៅពេលគេ ឃើញព្រះអង្គ ចេញឃោសនាឲ្យគណបក្សរបស់ព្រះអង្គ។ ព្រះអង្គមិនត្រឹមតែ អំពាវនាវឲ្យប្រជាពលរដ្ឋគាំទ្រគណបក្សសញ្ជាតិកម្ពុជានោះទេ តែព្រះអង្គ ថែមទាំងវាយប្រហារអតីតគណបក្សប្រឆាំងទៀតផង ជាពិសេសគឺលោក សម រង្ស៊ី និងលោក កឹម សុខា។
ថ្មីៗនេះ ព្រះអង្គ បានប្រើពាក្យសម្តីធ្ងន់ៗ ក្នុងការទិតៀនទៅលើវិទ្យុអាស៊ីសេរី និងសហរដ្ឋអាមេរិក ខណៈព្រះអង្គ ជួបជាមួយអ្នកគាំទ្រគណបក្សសញ្ជាតិកម្ពុជា ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ នៅចំពោះមុខអ្នកគាំទ្រ ព្រះអង្គ បានបង្ហាញព្រះទ័យខ្ញាល់យ៉ាងខ្លាំងចំពោះវិទ្យុអាស៊ីសេរី ដោយព្រះអង្គ អះអាងថា វិទ្យុបរទេសមួយនេះ បានចោទព្រះអង្គថាជាអ្នកដែលចាំតែទ្រគណបក្សប្រជាជនកម្ពុជារបស់សម្តេច ហ៊ុន សែន។ ព្រះអង្គថែមទាំងចោទអាមេរិកថា មានបំណងធ្វើឲ្យប្រទេសកម្ពុជា ធ្លាក់ចូលក្នុងភ្លើងសង្គ្រាម។
វីដេអូឃ្លីបទាំងប៉ុន្មានរបស់ព្រះអង្គ នៅលើបណ្តាញសង្គម ដែលបង្ហាញពីវត្តមានរបស់ព្រះអង្គក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ហើយនិងបានពោលពាក្យវាយប្រហារអ្នកដទៃជាសាធារណៈបែបនេះ ភាគច្រើនទទួលបាននូវការមិនពេញចិត្តពីប្រជាពលរដ្ឋ។ ពួកគេ យល់ថា ព្រះអង្គ ក្នុងនាមជាអ្នកបួស មិនគួរប្រព្រឹត្តនូវទង្វើបែបនេះឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា។
តើអ្នកបួសអាចចូលរួមក្នុងរឿងនយោបាយបានដែរឬទេ? បើអ្នកបួសចូលរួមឈឺឆ្អាលក្នុងរឿងនយោបាយ និងកិច្ចការប្រទេសជាតិ តើវាខុសនឹងព្រះវិន័យ និងសីលធម៌អ្នកបួសឬ? តើវា ផ្ទុយពីសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស ហើយថាតើវាប្រាសចាកពីរដ្ឋធម្មនុញ្ញកម្ពុជាឬ?
និយមន័យមួយនៃពាក្យនយោបាយ ក្នុងចំណោមនិយាមន័យជាច្រើន គឺថា នយោបាយ ជាការប្រកួតប្រជែង ដើម្បីបានអំណាចក្នុងការដឹកនាំប្រទេស។ ត្រង់ចំណុចនេះ វា គឺជាគោលដៅ និងជាមហិច្ឆតារបស់អ្នកនយោបាយ។
ដូច្នេះ ការធ្វើនយោបាយ ដើម្បីដណ្តើមអំណាច មិនមែនជាភារកិច្ចរបស់អ្នកបួសឡើយ។ យ៉ាងណា អ្នកបួស អាចចូលរួមគិតគូររឿងប្រទេសជាតិ និងនយោបាយ ជាមួយប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្នុងសង្គមប្រជាធិបតេយ្យតែម្តង។
តាមពិត គោលដៅអ្នកបួសធំធេងសម្បើមណាស់។ បួសមិនមែនបួសលេង, បួសមិនមែនបួសដើម្បីតែសប្បាយ, បួសមិនមែនបួសព្រោះគេចពីការងារផ្ទះ, បួសមិនមែនបួសដើម្បីសន្សំទ្រព្យ, បួសមិនមែនបួសដើម្បីឋានន្តរសក្តិ, បួសមិនមែនបួសដើម្បីគេចពីអាជ្ញារដ្ឋ។ តែបួសដើម្បីស្វែងរកធម៌រំលត់ទុក្ខទាំងពួង ហើយដើម្បីជួយសង្គ្រោះ និងប្រោសសត្វលោកឲ្យរួចចាកទុក្ខផងដែរ។
អ្នកបួស ដែលក្លាយខ្លួនជាឧត្តមភេទ ក្រៅពីស្វែងរកមាគ៌ា ដើម្បីចេញចាកទុក្ខ ក៏មានកាតព្វកិច្ចដ៏ចាំបាច់ផងដែរ ក្នុងការជួយសង្គ្រោះបងប្អូន គ្រួសារ សាច់ញាតិ និងសង្គមទាំងមូល។ ការជួយសង្គ្រោះនេះ គឺមានរូបភាពផ្សេងៗគ្នា ដូចជា អប់រំ ទេសនាប្រៀនប្រដៅ, ជួយតម្រង់ទិដ្ឋិតាមព្រះពុទ្ធោវាទ និងអាចចូលរួមក្នុងរឿងនយោបាយ ពេលណាដែលប្រទេសជាតិជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយប្រជាជន រងភាពអយុត្តិធម៌។
ក្នុងទ្រឹស្តីព្រះពុទ្ធសាសនា គេមិនឃើញថា ព្រះសម្មាសម្ពុទ្ធ ទ្រង់ហាមប្រាមអ្នកបួសមិនឲ្យចូលរួមឈឺឆ្អាលក្នុងកិច្ចការនយោបាយ និងបញ្ហាសង្គមឡើយ។ ព្រះអង្គ មានតែជំរុញឲ្យសង្គ្រោះមនុស្សថែមទៀត ទោះតាមការទេសនាក្តី ឬតាមការចូលរួមក្នុងកិច្ចការសង្គមក្តី។ ការដោះខ្លួនចេញចាកកាមតណ្ហា និងការសង្គ្រោះមនុស្សឲ្យផុតពីសេចក្តីទុក្ខ គឺជាកាតព្វកិច្ច និងទឹកចិត្តរបស់អ្នកបួស។
បើរម្លឹកទៅដល់សម័យអាណានិគមបារាំង យើងឃើញមានបុព្វវីរសមណសង្ឃជាច្រើនអង្គ ដូចជាព្រះគ្រូអាចារ្យ ហែម ចៀវ ព្រះគ្រូខៀវ ជុំ ព្រះគ្រូប៉ាង ខាត់ ជាដើម សុទ្ធតែលះបង់ជីវិតក្នុងរឿងនយោបាយ ដើម្បីស្រោចស្រង់ប្រទេសជាតិដោយឥតចង់បានអ្វី។
ក្រៅពីទ្រឹស្តីក្នុងព្រះពុទ្ធសាសនា ច្បាប់អន្តរជាតិ និងច្បាប់កម្ពុជា ក៏បានផ្តល់សិទ្ធិឲ្យព្រះសង្ឃ ចូលរួមក្នុងនយោបាយដែរ។
សេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស ត្រង់មាត្រា២បានចែងថា៖«មនុស្សគ្រប់រូបមានសិទ្ធិ និងសេរីភាពគ្រប់បែបយ៉ាងទាំងអស់ ដោយគ្មានការបែងចែក ជាតិសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា មតិនយោបាយ ឬមតិផ្សេងៗទៀត ប្រភពជាតិ ឬសង្គម ទ្រព្យសម្បត្តិ កំណើត ឬឋានៈដទៃៗទៀតឡើយ»។
មាត្រាផ្សេងទៀត ដូចជាមាត្រា មាត្រា២១ ក៏បានចែងដែលថា៖ «មនុស្សគ្រប់រូប មានសិទ្ធិចូលរួមក្នុងរដ្ឋាភិបាលនៃប្រទេសរបស់ខ្លួន ដោយផ្ទាល់ ឬតាមរយៈតំណាងទាំងឡាយ ដែលគេបានជ្រើសរើសដោយសេរី។ ឆន្ទៈនេះនឹងត្រូវបានសម្ដែងចេញតាមរយៈការបោះឆ្នោតយ៉ាងទៀងទាត់ តាមពេលកំណត់ និងពិតប្រាកដ ដែលនឹងត្រូវធ្វើជាសកល និងមានសិទ្ធិបោះឆ្នោតស្មើៗគ្នា។
រីឯ រដ្ឋធម្មនុញ្ញកម្ពុជាវិញ ត្រង់មាត្រា៣១ បានចែងយ៉ាងនេះថា៖«ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និង កតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និង សិទ្ធិកុមារ»។
លើសពីនេះ មាត្រា៣៥នៃរដ្ឋធម្មនុញ្ញាដដែល ក៏បានចែងដែរថា៖ «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌របស់ប្រទេសជាតិ»។
នៅមាត្រាផ្សេងទៀតដូច មាត្រា៤២ វាក្យខណ្ឌទី២ នៃរដ្ឋធម្មនុញ្ញ បានចែងថា៖ «ប្រជាពលរដ្ឋខ្មែរទាំងឡាយ អាចចូលរួមក្នុងអង្គការមហាជន ជួយគ្នាទៅវិញទៅមក ការពារសមិទ្ធផលជាតិ និង សណ្ដាប់ធ្នាប់សង្គម»។
កម្ពុជា មិនត្រឹមតែគោរព និងទទួលស្គាល់សិទ្ធិមនុស្សប្រកាសជាសាកល ដែលពាក់ព័ន្ធ និងសិទ្ធិយោបាយ សិទ្ធិពលរដ្ឋ ដោយឥតបែងចែងភេទនោះទេ ថែមទាំងចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនផង ដើម្បីផ្តល់សិទ្ធិ ផ្តល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងការចូលរួមក្នុងជីវភាពនយោបាយ ជួយអភិវឌ្ឍប្រទេសជាតិ។
នៅមានច្បាប់ស្តីពីគណបក្សនយោបាយមួយទៀត ដែលបានចែងអំពីសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋ។ មាត្រា១២ នៃច្បាប់ស្តីពីគណបក្សនយោបាយ បានចែងថា៖ «ប្រជាពលរដ្ឋខ្មែរដែលមានអាយុយ៉ាងតិច១៨ឆ្នាំ និងមានសិទ្ធិពលរដ្ឋ អាចចូលជាសមាជិកគណបក្សនយោបាយបាន»។
ទឡ្ហីករណ៍ខាងលើ ដែលរួមមានទស្សនៈព្រះពុទ្ធសាសនា គោលការណ៍នៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស រដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់ស្តីពីគណបក្សនយោបាយ បានបង្ហាញថា វា មិនមែនជារឿងខុសឆ្គងនោះទេ ដែលព្រះសង្ឃ ចូលរួមក្នុងនយោបាយ។
ក៏ប៉ុន្តែ ថ្វីដ្បិតព្រះសង្ឃមានសិទ្ធិអាចចូលរួមគិតគូរក្នុងរឿងនយោបាយក៏ពិតមែន តែក៏គួរយល់ពីកម្រិតដែលខ្លួនអាចធ្វើបានដែរ ដោយផ្អែកទៅលើវិន័យព្រះពុទ្ធសាសនា និងតាមច្បាប់កម្ពុជា។
មានចំណុចសំខាន់ៗមួយចំនួន ដែលព្រះសង្ឃ មិនអាចធ្វើបាននៅក្នុងសកម្មភាពនយោបាយ មានដូចជា បង្ហាញការគាំទ្រឬការប្រឆាំងលើគណបក្សណាមួយ, ចេញឃោសនារកសំឡេងឆ្នោត, បង្កើតគណបក្សផ្ទាល់ខ្លួន និងធ្វើជាតំណាងរបស់ប្រជាពលរដ្ឋ ជាដើម។
តាមច្បាប់ស្តីពីគណបក្សនយោបាយ ព្រះសង្ឃអាចចូលជាសមាជិក និងគាំទ្រគោលនយោបាយ នៃគណបក្សណាមួយបាន តែមិនត្រូវបញ្ចេញសកម្មភាពជាក់ស្តែងដើម្បីបង្ហាញជាសាធារណថា ខ្លូនគាំទ្របក្សណាមួយ ហើយស្អប់គណបក្សផ្សេងនោះទេ។ ក្នុងនាមជាអ្នកបួស ត្រូវដើរតាមមាគ៌ានៃឧបេក្ខាធម៌។
មាត្រា១៥ វាក្យខណ្ឌទី២ នៃច្បាប់ស្តីពីគណបក្សនយោបាយ បានចែងថា៖ «បុព្វជិត មន្ត្រីតុលាការ កងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិ អាចចូលជាសមាជិកគណបក្សនយោបាយនានាបាន តែមិនត្រូវធ្វើសកម្មភាពគាំទ្រឬប្រឆាំងគណបក្សនយោបាយណាមួយឡើយ។ គណបក្សនយោបាយមិនត្រូវរៀបចំរចនាសម្ព័ន្ធចាត់តាំងក្នុងស្ថាប័នសាសនា តុលាការ កងយោពលខេមរភូមិន្ទនិងកងកម្លាំងនគរបាលជាតិទេ»។
បើព្រះសង្ឃ មិនអាចបង្ហាញការគាំទ្រចំពោះគណបក្សដែលខ្លួនពេញចិត្ត ឬមិនអាចបង្ហាញការប្រឆាំងចំពោះគណបក្សខ្លួនស្អប់នៅទីសាធារណៈ អ៊ីចឹងការចេញទៅធ្វើយុទ្ធនាការឃោសនារកសន្លឹកឆ្នោត ក៏មិនបានដែរ ពីពោះថា ការដើរឃោសនា ក៏ជាការបង្ហាញសកម្មភាពជាសាធារណៈដូចគ្នា។ ម្យ៉ាងទៀត បើព្រះសង្ឃ ដើរឃោសនាជាមួយគ្រហស្ថ ហើយកាន់ឧគ្ឃោសនសព្ទអំពាវនាវឲ្យប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សនេះ ឬគណបក្សនោះ គឺរឹតតែមើលទៅមិនគាប់ភ្នែក។
សូម្បីតែ បង្ហាញការគាំទ្រ និងឃោសនារកសំឡេងឆ្នោតឲ្យគណបក្សណាមួយ ក៏ព្រះសង្ឃ មិនត្រូវបានអនុញ្ញាតផង ចុះឲ្យទៅបង្កើតគណបក្ស ហើយដឹកនាំដោយខ្លួនឯងផ្ទាល់ យ៉ាងដូចម្តេចកើត? ប្រាកដជាទៅមិនរួចជាឡើយ។
តាមពិតទៅ ច្បាប់កម្ពុជា មិនបាននិយាយអ្វីសោះ អំពីការហាមឃាត់ព្រះសង្ឃក្នុងការបង្កើតគណបក្សនយោបាយ។ ប៉ុន្តែក្នុងប្រវត្តិសាស្ត្រកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ មិនគាំទ្រឲ្យមានគណបក្សនយោបាយ ដែលត្រូវបានបង្កើត និងដឹកនាំដោយព្រះសង្ឃនោះទេ។
វាជារឿងចម្លែកបំផុត បើព្រះសង្ឃនៅកម្ពុជា អាចបង្កើតគណបក្សនយោបាយ និងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ដើម្បីកាន់អំណាច ដូចគ្រហស្ថ។
ចំណែក ការធ្វើជាតំណាងរបស់ប្រជាពលរដ្ឋ ក៏ព្រះសង្ឃ មិនមានសិទ្ធិដែរ។ នៅប្រទេសកម្ពុជា ព្រះសង្ឃ មានសិទ្ធិចូលរួមបោះឆ្នោត ដើម្បីជ្រើសរើសតំណាងរាស្ត្របាន។ ប៉ុន្តែច្បាប់កម្ពុជាមិនចែងថា ព្រះសង្ឃ អាចឈរឈ្មោះជាបេក្ខជន ឲ្យគេបោះឆ្នោតឲ្យនោះទេ។
ទោះជា រដ្ឋធម្មនុញ្ញកម្ពុជា ចែងថាប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតក៏ដោយ តែការចែងនោះ គឺសំដៅតែទៅលើប្រជាពលរដ្ឋទូទៅប៉ុណ្ណោះ។
បើព្រះសង្ឃអង្គណា ចង់បង្កើតគណបក្សផ្ទាល់ខ្លួន, ចង់ធ្វើនយោបាយ, ចង់បានអំណាច, ឬក៏ចង់ធ្វើជាតំណាងរាស្ត្រ ព្រះសង្ឃអង្គនោះ ត្រូវតែលាចាកសិក្ខាបទជាមុនសិន។
ជារួម ព្រះសង្ឃ អាចចូលរួមក្នុងនយោបាយបាន។ ប៉ុន្តែ ព្រះសង្ឃ ក៏គួរយល់ពីដែននៃសិទ្ធិរបស់ខ្លួនដែរ។ បើព្រះសង្ឃ ចេះតែចូលរួម ឬធ្វើសកម្មភាពនយោយបាយប៉ាតណាប៉ាតណី ដោយភ្លេចពីព្រះវិន័យនិងច្បាប់រដ្ឋ នោះនឹងធ្វើឲ្យតម្លៃនៃព្រះពុទ្ធសាសនា ធ្លាក់ចុះជាមិនខាន៕
Tag:
បោះឆ្នោត
ឃោសនា
ហង្ស ដារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com