ជាតិ
សេដ្ឋី​ខ្មែរ​បួនរូប ត្រូវបាន​អង្គការ​អន្តរជាតិ​មួយ សុំ​ឲ្យ​អាមេរិក ដាក់ទណ្ឌកម្ម​
21, Jul 2018 , 4:43 pm        
រូបភាព
រូបគំនូរដែលតំណាងឧកញ៉ាទាំងបួន ត្រូវបានផលិតដោយអង្គការ Global Witness។ ពីឆ្វេងទៅស្តាំ៖ លោក ម៉ុង ឫទ្ធី, លោក លី យ៉ុងផាត់, លោក ទ្រី ភាព, លោក ឡៅ ម៉េងឃីន។
រូបគំនូរដែលតំណាងឧកញ៉ាទាំងបួន ត្រូវបានផលិតដោយអង្គការ Global Witness។ ពីឆ្វេងទៅស្តាំ៖ លោក ម៉ុង ឫទ្ធី, លោក លី យ៉ុងផាត់, លោក ទ្រី ភាព, លោក ឡៅ ម៉េងឃីន។
ដោយ: ថ្មីៗ
​ឧកញ៉ា​ខ្មែរ​បួនរូប គឺ​លោក ម៉ុង ឫទ្ធី លោក លី យ៉ុង​ផាត់ លោក ទ្រី ភាព និង​លោក ឡៅ ម៉េង​ឃី​ន ត្រូវបាន​អង្គការ​ឃ្លាំមើល​ពិភពលោក​មួយ​ឈ្មោះ Global Witness ប​ញ្ជូ​ល​ទៅក្នុង​បញ្ជីខ្មៅ  ហើយក៏​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្ម​លើ​ពួកគេ​។ ក្នុងចំណោម​អ្នក​ទាំង​បួន មាន​ម្នាក់ ចេញមក​បកស្រាយ និង​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់ខ្លួន​។

  

ខណៈការបោះឆ្នោតនៅកម្ពុជា ជិតមកដល់ Global Witness ស្រាប់តែចេញសេចក្តីប្រកាស​ព័ត៌មាន​មួយ នៅពី​ថ្ងៃ​២០​ខែកក្កដា ឆ្នាំ​២០១៨ ស្តីពី​ការស្នើ​ឲ្យ​សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្ម​លើ​ឧកញ៉ា​ខ្មែរ​​បួន​រូប។ សេចក្តីប្រកាស​ព័ត៌មាន​នេះ មាន​ចំណងជើង​ថា «​តើ​អ្នកណាខ្លះ ដែល​ទទួលបាន​ផលប្រយោជន៍​ពី​ការសម្លាប់​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​?»​។​

Global Witness ដែល​តែង​តែចេញ​របាយការណ៍​ទិតៀន​រដ្ឋាភិបាល​កម្ពុជា និង​ធ្លាប់​បើកកកាយ​ពីមុខ​ជំនួយ​របស់​ក្រុមគ្រួសារ​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន នាពេល​កន្លងមក បាន​ចោទ​ជារួម​លើ​ឧកញ៉ា​ទាំង​បួន​ថា ធ្វើ​ជំនួញ​មិន​ត្រឹមត្រូវ​។ ក្នុងចំណោម​អ្នក​ទាំង​បួន អ្នកខ្លះ ត្រូវបាន​អង្គការ​ឃ្លាំមើល​ពិភពលោក​មួយ​នេះ ចោទថា រំលោភ​ដីធ្លី​របស់​ប្រជាពលរដ្ឋ និង​រកស៊ី​កាប់​ឈើ ហើយ​អ្នកខ្លះ រង​ការចោទប្រកាន់ថា បូ​មខ្សា​ច់លក់ និង​រត់ពន្ធ​កញ្ឆា ជាដើម​។

Global Witness ក៏បាន​អះអាង​ដែរ​ថា អ្នកជំនួញ​ល្បីឈ្មោះ​ទាំង​បួន ដើរតួនាទី​យ៉ាងសកម្ម​ក្នុងការ​សម្លាប់​លទ្ធិប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ អង្គការ​នេះ ថែមទាំង លើកឡើងថា អ្នកជំនួញ​ខាងលើ តែង​រួចផុត​សំណាញ់​ច្បាប់ (​និ​ទណ្ឌ​ភាព​) ដោយសារតែ​ពួកគេ គឺជា​ខ្នងបង្អែក​ដ៏​សំខាន់​របស់​សម្តេច ហ៊ុន សែន ក្នុងការ​គាំទ្រ​ផ្នែក​នយោបាយ និង​ការផ្គត់ផ្គង់​ផ្នែក​ហិរញ្ញវត្ថុ​ដល់​យោធា​។

​អង្គការ​ឃ្លាំមើល​ពិភពលោក បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​អ្នកជំនួញ​ទាំងនោះ ទទួលបាន​ផលចំណេញ​យ៉ាង​សម្បើម ពី​ការ​កាន់អំណាច​របស់លោក ហ៊ុន សែន​»​។

​លោក ម៉ុង ឫទ្ធី ដែលជា​មនុស្ស​ម្នាក់ ក្នុងចំណោម​មនុស្ស​ទាំង​បួន បាន​ច្រានចោល​ទាំងស្រុង​នូវ​រាល់​ការចោទប្រកាន់​របស់ Global Witness​។ តាមរយៈ​ការផ្តល់​បទ​សម្ភាស់​ដល់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ នៅ​រសៀល​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨​នេះ លោក ម៉ុង ឫទ្ធី បាន​បកស្រាយ​យ៉ាង​ដូច្នេះ​ថា​៖«​គេ​ចោទ ជា​សិទ្ធិ​របស់គេ​។ និយាយ​ឲ្យ​ខ្លី គឺជា​រឿង​នយោបាយ​ទេ នៅពេល​ការបោះឆ្នោត​ជិត​មកដល់​»​។ 

​បច្ចុប្បន្ន តំណាងរាស្ត្រ​សហរដ្ឋ​អាម​រិ​ក​មួយចំនួន កំពុង​ធ្វើ​ច្បាប់​ថ្មី​មួយទៀត ដើម្បី​ដាក់ទណ្ឌកម្ម​បន្ថែម​មកលើ​រដ្ឋាភិបាល​កម្ពុជា​។ នេះ​ជា​មូលហេតុ ដែល Global Witness សម្រេចចិត្ត​ស្នើ​ទៅ​សហរដ្ឋអាមេរិក ឲ្យ​ដាក់ទណ្ឌកម្ម​លើ​ឧកញ៉ា​ទាំង​បួន ដោយ​មិន​បានស្នើ​ទៅ​ប្រទេស​ណា​ផ្សេង​។

​ម្យ៉ាងទៀត ប្រទេស​មហាអំណាច​មួយ​នេះ បានធ្វើ​សកម្មភាព​ជាក់ស្តែង​រួចហើយ ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​កម្ពុជា ដូចជា ផ្តាច់ជំនួយ​លើ​ការបោះឆ្នោត និង​រឹតបន្តឹង​ការផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​កម្ពុជា​។ ថ្មីៗ​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង មេ​អង្គរក្ស​របស់​សម្តេច ហ៊ុន សែន  ត្រូវបាន​សហរដ្ឋអាមេរិក បង្កក​ទ្រ​ព​សម្បត្តិ ដោយ​ចោទថា​លោក ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​។

​ចំណែកឯ មេ​ប្រដាប់អាវុធ​ជាន់ខ្ពស់​១៤រូប​របស់​កម្ពុជា ក៏​ទើប​នឹងរង​ការចោទប្រកាន់​ពី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំ​លោព​សិទ្ធមនុស្ស​ដូចគ្នា​៕


Tag:
 បោះឆ្នោត​
  Global Witness
  ឧកញ៉ា​ខ្មែរ​
  ទណ្ឌកម្ម​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com