អន្តរជាតិ
រូបិយប័ណ្ណផ្លូវការរបស់ប្រទេសសមាជិកអាស៊ានមានអ្វីខ្លះ?
× សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ាន ជាអង្គការអន្តររដ្ឋាភិបាលក្នុងតំបន់មួយ ដែលសមាជិកនីមួយៗ មានសាវតាខុសឆ្ងាយពីគ្នារួមទាំងសង្គមវប្បធម៌ នយោបាយ និងសេដ្ឋកិច្ចទៀតផង។ ខុសពីសហភាពអឺរ៉ុប ដែលជាអង្គការអន្តររដ្ឋាភិបាលក្នុងតំបន់មួយដូចគ្នាដែរនោះ អាស៊ាន មិនទាន់មានគោលនយោបាយអនុវត្តការប្រើប្រាស់រូបិយប័ណ្ណរួមនោះទេ។
តាមបទពិសោធន៍នៃការអនុវត្តរបស់បណ្តាប្រទេសនៅសហភាពអឺរ៉ុប ការប្រើប្រាស់រូបិយប័ណ្ណតែមួយ(អឺរ៉ូ)ក្នុងតំបន់ មានសារៈសំខាន់ណាស់ក្នុងការធានាពីស្ថិរភាពអត្រាប្តូរប្រាក់, ការធ្វើពាណិជ្ជកម្មតាមច្រកព្រំដែន និងជាពិសេសនោះ វា ក៏ជួយរក្សាស្ថិរភាពសេដ្ឋកិច្ចក្នុងតំបន់ជារួមផងដែរ។
យ៉ាងណាក៏ដោយ គោលនយោបាយនេះ ទំនងជាមិនអាចអនុវត្តបានក្នុងបរិការណ៍តំបន់អាស៊ានបាននៅឡើយនោះទេ។ បើទោះបីអាស៊ាន មានគោលដៅធ្វើសមាហរណកម្មតំបន់ឲ្យក្លាយសហគមន៍តែមួយក៏ដោយ គោលនយោបាយនេះ មិនអាចធ្វើទៅបានឡើយ ដ្បិតខុសពីបណ្តាប្រទេសអឺរ៉ុប ប្រទេសអាស៊ាន នៅមានគម្លៀតសេដ្ឋកិច្ចឆ្ងាយពីគ្នា។
ខាងក្រោមនេះ គឺជារូបិយប័ណ្ណរបស់បណ្តាប្រទេសអាស៊ាន ដែលដកស្រង់ពីគេហទំព័រផ្លូវការរបស់ធនាគារជាតិកម្ពុជាស្តីពីអាត្រាប្តូរប្រាក់គោលរវាងរូបិយប័ណ្ណបរទេសជាមួយប្រាក់រៀល ចុះថ្ងៃ២០កក្កដា ឆ្នាំ២០១៨៖
១. កម្ពុជា មានរូបិយប័ណ្ណផ្លូវការ «រៀល»
២. ឥណ្ឌូណេស៊ី មានរូបិយប័ណ្ណផ្លូវការ « រ៉ូពី » ដែល ១០០០រ៉ូពី ជាមធ្យមស្មើ ២៨២.៥០ រៀល
៣. ឡាវ មានរូបិយប័ណ្ណផ្លូវការ « គីប » ដែល ១០០០គីប ជាមធ្យមស្មើ ៤៩៧.៥០ រៀល
៤. ម៉ាឡេស៊ី មានរូបិយប័ណ្ណផ្លូវការ « រីង្គហ្គីត » ដែល ១រីងហ្គីត ជាមធ្យមស្មើ ១,០០៤.០០ រៀល
៥. មីយ៉ាន់ម៉ា មានរូបិយប័ណ្ណផ្លូវការ « ក្យាត » ដែល ១០០ក្យាត ជាមធ្យមស្មើ ២៨៨.៥០ រៀល
៦. ហ្វីលីពីន មានរូបិយប័ណ្ណផ្លូវការ « ប៉េសូ » ដែល ១០០ប៉េសូ ជាមធ្យមស្មើ ៧,៦១៦.០០ រៀល
៧. សិង្ហបុរី មានរូបិយប័ណ្ណផ្លូវការ «ដុល្លារសិង្ហបុរី» ដែល ១ដុល្លារសិង្ហបុរី ជាមធ្យមស្មើ ២,៩៨០ រៀល
៨. ថៃ មានរូបិយប័ណ្ណផ្លូវការ « បាត » ដែល ១បាត ជាមធ្យមស្មើ ១២២ រៀល
៩. វៀតណាម មានរូបិយប័ណ្ណផ្លូវការ « ដុង » ដែល ១០០០ដុង ជាមធ្យមស្មើ ១៧៧.០០រៀល
១០ ព្រុយណេ គ្មានទិន្នន័យ៕
Tag:
រូបិយបណ្ណ័
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com