កីឡាអន្តរជាតិ
អន្តរជាតិ
ប្រទេស​ណាខ្លះ​ដែល​ធ្លាប់​ឈ្នះ World Cup តាំងពី​ឆ្នាំ​១៩៣០ មក​?
21, Jul 2018 , 9:59 pm        
រូបភាព
​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក World Cup ដែល​បច្ចុប្បន្ន​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា FIFA World Cup បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៣០ ដែល​កាលណោះ​អ៊ុយ​រូ​ហ្គា​យ​បាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ដំបូង​គេ​បង្អស់​។ ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ​១៩៣០ គឺជា​ការប្រកួត​តែមួយគត់​ដែល​មិនមាន​វគ្គ​ជម្រុះ​តាម​ពូ​ល ហើយ​មាន​ប្រទេស​ចំនួន​១៣​ប៉ុណ្ណោះ​ដែល​ជាប់ទាក់ទង​នឹង FIFA (​ហស​ព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​) ត្រូវបាន​អ​ញ្ញើញ​ទៅ​ចូលរួម​ប្រកួតប្រជែង​។ ក្រុម​មកពី​អាមេរិក​ខាងត្បូង អ៊ុយ​រូ​ហ្គា​យ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​បានក្លាយ​ជា​ម្ចាស់​ជើងឯក​ពិភពលោក​ដំបូង​គេ​ក្រោយ​យកឈ្នះ​អា​ហ្ស​ង់​ទីន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​លទ្ធផល ៤​ទល់នឹង​២​។​



​ចាប់តាំងពី​ឆ្នាំ​១៩៣០ មក ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក​មួយ​នេះ បាន​ប្រារព្ធ​ធ្វើឡើង​២១​លើក​មកហើយ ដែល​លើកចុងក្រោយ រុស្ស៊ី​ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំ​២០១៨​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ក្នុងចំណោម​ប្រទេស​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក​មាន​ប្រទេស​តែ​៨​ប៉ុណ្ណោះ​ដែល​ស្គាល់​ជាតិ​លើក​ពាន World Cup​។​

​ក្នុងចំណោម​ប្រទេស​ទាំង​៨ ប្រេ​ស៊ី​ល​ជា​ប្រទេស​ជោគជ័យ​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ពិភពលោក​ដោយ​គ្រង​ជើងឯក​រហូតដល់​ទៅ​៥​សម័យកាល ខណៈ​អ​ល្លឺ​ម៉​ង និង​អ៊ីតាលី​ឈ្នះ​៤​ដង​ដូចគ្នា​។ ក្រៅពី​អ៊ុយ​រូ​ហ្គា​យ និង​អា​ហ្ស​ង់​ទីន​ដែល​លើក​ពាន​២​លើក បារាំង​ក៏​ទើប​ឈ្នះ​ពាន​លំដាប់​ពិភពលោក​នេះ​២​ដង​ផងដែរ ​ក្រោយ​ឈ្នះក្រូអាស៊ី ៤-២ ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ក្រុង​មូ​ស្គូ​ប្រទេស​រុស្ស៊ី នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨​។ ចំណែក​អង់គ្លេស និង​អេ​ស្ប៉ា​ញ​ធ្លាប់​ឈ្នះ​១​លើក​ដូចគ្នា​។​

​អ្វី​ដែលជា​ការគត់សម្គាល់​មួយទៀត ប្រទេស​ដែល​ឈ្នះ World Cup ទាំង​៨ គឺមាន ៥​ពី​ទ្វីបអឺរ៉ុប និង​ពី​អាមេរិក​ឡាទីន​ចំនួន​៣​ប្រទេស​។​

​ខាងក្រោម​នេះ ជា​ប្រទេស​ដែល​ធ្លាប់​ឈ្នះ​ពានរង្វាន់ World Cup ចាប់ពី​ឆ្នាំ​១៩៣០ ដល់​ឆ្នាំ​២០១៨៖
-​    ​ប្រេ​ស៊ី​ល​៥​សម័យកាល (១៩៥៨, ១៩៦២, ១៩៧០, ១៩៩៤ និង ២០០២)
-​    ​អាល្លឺម៉ង់ ៤​សម័យកាល (១៩៥៤, ១៩៧៤, ១៩៩០ និង ២០១៤)
-​    ​អ៊ីតាលី ៤​សម័យកាល (១៩៣៤, ១៩៣៨, ១៩៨២ និង ២០០៦)
-​    ​អ៊ុយ​រូ​ហ្គា​យ ២​សម័យកាល (១៩៣០ និង ១៩៥០)
-​    ​អា​ហ្ស​ង់​ទីន ២​សម័យកាល (១៩៧៨ និង ១៩៨៦)
-​    ​បារាំង ២​សម័យកាល (១៩៩៨ និង ២០១៨)
-​    ​អង់គ្លេស ១​លើក (១៩៦៦)
-​    ​អេ​ស្ប៉ា​ញ ១​លើក (២០១០)










Tag:
 បាល់ទាត់​
  FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com