ជាតិ
សង្គមជាតិ
លោក ម៉ុង ឫទ្ធី បដិសេធ​នឹង​អង្គការ​អន្តរជាតិ ដែល​ចោទ​លោក​ថា ជួញដូរ​កញ្ឆា និង​រកស៊ី​ឈើ
21, Jul 2018 , 7:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុករបស់លោក ម៉ុង ឫទ្ធី
រូបភាពពីហ្វេសប៊ុករបស់លោក ម៉ុង ឫទ្ធី
ដោយ: ថ្មីៗ
​ឧកញ៉ា ម៉ុង ឫទ្ធី បាន​ព្យាយាម​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់ខ្លួន បន្ទាប់ពី​លោក និង​ឧកញ៉ា​បីនាក់​ផ្សេងទៀត បាន​រង​ការចោទប្រកាន់​ពី​អង្គការ​លំដាប់​ពិភពលោក​មួយ​ឈ្មោះ Global Witness ថា​ធ្វើ​ជំនួញ​មិន​សុចរិត។ ឧកញ៉ា​បី​រូប​ទៀត គឺ​លោក លី យ៉ុង​ផាត់ លោក ទ្រី ភាព និង​លោក ឡៅ ម៉េង​ឃី​ន​។



​លោក ម៉ុង ឫទ្ធី ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា ការចោទប្រកាន់​នេះ គឺ​សិទ្ធិ​របស់ Global Witness ដែល​មិនអាច​ហាមឃាត់​បាន​។ លោក អះអាងថា ការចោទប្រកាន់​របស់ Global Witness គឺជា​រឿង​នយោបាយ ស្របពេល​ការបោះឆ្នោត​ជិត​ឈាន​មកដល់​។​

​លោក ម៉ុង ឫទ្ធី ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ ហៅថា​ឧកញ៉ា​ចិត្តធម៌ បានរង​ការចោទប្រកាន់​ជាច្រើន​ផ្នែក​ពី Global Witness ដូចជា បូ​ម​ខ្សាច់ កាប់​ឈើ និង​រត់ពន្ធ​កញ្ឆា​។ 

​លោក មិនប្រកែកឡើយ​ ចំពោះ​ការ​ចោទថា​លោក បាន​បូម​ខ្សាច់​។ លោក បកស្រាយ​ថា លោក ជា​ម្ចាស់​ផែស្ងួត ដូច្នេះ​ត្រូវតែ​បូម​ខ្សាច់​ចេញ ដើម្បី​ស្តា​រប្រឡាយ ឲ្យ​កប៉ាល់​ចូល តែ​មិនមែន​បូម​យកទៅលក់​នោះទេ​។ លោក លើកឡើង​បែប​សំណួរ​ថា​៖«​ខ្ញុំ​ធ្វើ​ផែ បើ​មិន​ស្តា​ប្រឡាយ  តើ​ឲ្យ​កប៉ាល់​ចូល ម៉េច​ទៅ​?»​។ 

​ចំពោះ​ការ​ចោទថា លោក រកស៊ី​កាប់​ឈឺ គឺ​លោក មិនអាច​ទទួលយកបាន​ជាដាច់ខាត​។ ម្ចាស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី​គ្រុប ឆ្លើយតបយ៉ាង​ដូច្នេះ​ថា​៖«​កាប់​ឈើ គឺ​ខ្ញុំ​អត់​មាន​ទេ​។ តែបើ​ដាំ​ដើមឈើ គឺមាន​»​។
 
​ចំណែក រឿង​រត់ពន្ធ​កញ្ឆា គឺ​លោក រឹតតែ​បដិសេធ​។ លោក​ឧកញ៉ា ដែលជា​សមាជិក​ព្រឹទ្ធសភា​ដែរនោះ បាន​និយាយ​ការពារ​ខ្លួន​បែ​បនេះ​ថា​៖«​បើ​ខ្ញុំ ជួញដូរ​កញ្ឆា​មែន ចុះ​ហេតុ​អី​កន្លងមក អាមេរិកចេញ​លុយ​ឲ្យ​ខ្ញុំ​ទៅ​អាមេរិក​? ឲ្យ​តែ​ឈ្មួញ​ទុច្ចរិត ឬក៏​ហៅថា​ឧក្រិដ្ឋជន​ជួញ​ដូរគ្រឿងញៀន និង​ព្រៃ​ឈឺ​អីហ្នឹង គឺ​អាមេរិក មិនដែល​ឲ្យ​ចូល​ទេ​។ ចុះ​ខ្ញុំ ម៉េច​អាមេរិក​ឲ្យ​ចូល​?»​។
 
​ក្រៅពី​រឿង​រកស៊ី​មិន​ត្រឹមត្រូវ Global Witness ក៏បាន​ចោទ​ពួកគេ​ទាំ​បួន​ថា ដើរតួនាទី​យ៉ាងសកម្ម​ក្នុងការ​សម្លាប់​លទ្ធិប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

​អង្គការ​នេះ ថែមទាំង​អះអាងថា អ្នកជំនួញ​ល្បីឈ្មោះ​ទាំង​បួន តែង​រួចផុត​សំណាញ់​ច្បាប់ (​និ​ទណ្ឌ​ភាព​) ដោយសារតែ​ពួកគេ គឺជា​ខ្នងបង្អែក​ដ៏​សំខាន់​របស់​សម្តេច ហ៊ុន សែន ក្នុងការ​គាំទ្រ​ផ្នែក​នយោបាយ និង​ការផ្គត់ផ្គង់​ផ្នែក​ហិរញ្ញវត្ថុ​ដល់​យោធា​។ អង្គការ​ពិភពលោក​មួយ​នេះ បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​អ្នកជំនួញ​ទាំងនោះ ទទួលបាន​ផលចំណេញ​យ៉ាង​សម្បើម ពី​ការ​កាន់អំណាច​របស់លោក ហ៊ុន សែន​»​។

Global Witness បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ នៅ​ថ្ងៃទី​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨ ជុំវិញ​ការចោទប្រកាន់​លោក ម៉ុង ឫទ្ធី និង​ឧកញ៉ា​ទាំងបី​រូប​ទៀត​។ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន អង្គការ​នេះ បានស្នើ​ឲ្យ​សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្ម​លើ​អ្នក​ទាំង​បួន​។

អត្ថបទទាក់ទង


​បច្ចុប្បន្ន តំណាងរាស្ត្រ​សហរដ្ឋ​អាម​រិ​ក​មួយចំនួន កំពុង​ធ្វើ​ច្បាប់​ថ្មី​មួយទៀត ដើម្បី​ដាក់ទណ្ឌកម្ម​បន្ថែម​ម​លើ​រដ្ឋាភិបាល​កម្ពុជា​។ កន្លងមក ប្រទេស​មហាអំណាច​មួយ​នេះ បានធ្វើ​សកម្មភាព​ជាក់ស្តែង​រួចហើយ​ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​កម្ពុជា ដោយបាន​ផ្តាច់ជំនួយ​លើ​ការបោះឆ្នោត និង​រឹតបន្តឹង​ការផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​កម្ពុជា​។

​កាលពី​ខែមិថុនា ឆ្នាំ​២០១៨ នាយ​ឧ​ត្ត​ម​សេនីយ៍ លោក ហ៊ីង ប៊ុន​ហៀ​ង មេ​អង្គរក្ស​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​សហរដ្ឋអាមេរិក បង្កក​ទ្រ​ព​សម្បត្តិ ដោយ​ចោទថា​លោក ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​។ បន្ទាប់មក អង្គការ​ឃ្លាំមើល​សិទ្ធិ​មន​ស្ស (HRW) ក៏បាន​ដាក់​មេ​ប្រដាប់អាវុធ​ជាន់ខ្ពស់​១៤​រូប ចូលទៅក្នុង​របាយការណ៍​ស្តីពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​៕


Tag:
 ម៉ុង ឫទ្ធី​
  Global Witness
© រក្សាសិទ្ធិដោយ thmeythmey.com