ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
តំណាង​ក្រុមហ៊ុន ទឹកខ្មៅ​ឥណ្ឌា នឹង​មកដល់​កម្ពុជា​យ៉ាងយូរ​២​ថ្ងៃ​មុនពេល​បោះឆ្នោត​
22, Jul 2018 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ តំណាង​ក្រុមហ៊ុន MYSORE PAINTS&VARNISH LTD. ជា​ក្រុមហ៊ុន​ទឹកខ្មៅ ដែល​កម្ពុជា​បាន​បញ្ជា​ទិញយក​មកប្រើប្រាស់​ក្នុងការ​បោះឆ្នោត នឹង​មក​ពិនិត្យ​តាមដាន​លើ​គុណភាព​ទឹកខ្មៅ​ជ្រលក់​ដៃ​របស់ខ្លួន ក្នុងពេល​បោះឆ្នោត​នៅ​កម្ពុជា​។​



​តំណាង​ក្រុមហ៊ុន​ទឹកខ្មៅ​ជ្រលក់​ដៃ​របស់​ឥណ្ឌា​៣​នាក់ នឹង​មក​កម្ពុជា​ដើម្បី​ធ្វើជា​ភ្ញៀវ​ពិសេស ក្នុងការ​បោះឆ្នោត​នៅ​កម្ពុជា​។ នៅ​ក្នុងន័យនេះ ពួកគេ មាន​សិទ្ធិ​ក្នុងការ​ចេញចូល​គ្រប់​ការិយាល័យ​បោះឆ្នោត ហើយ​ផ្ដោត​សំខាន់​លើ​ការពិនិត្យ​គុណភាព​ទឹក​ថ្នាំ​ជ្រលក់​ដៃ ដែល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​ប្រទេស​ឥណ្ឌា​។​



​យ៉ាងយូរ​២​ថ្ងៃមុន​បោះឆ្នោត តំណាង​ក្រុមហ៊ុន MYSORE PAINTS&VARNISH LTD. នឹង​មកដល់​ប្រទេស​កម្ពុជា​។ ពេលមកដល់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) នឹង​រៀបចំ​កិច្ចប្រជុំ​នៅ​ស្នាក់ការ គ​.​ជ​.​ប​. ដើម្បី​ឲ្យ​តំណាង​ក្រុមហ៊ុន​ទឹកខ្មៅ​នេះ បកស្រាយ​បន្ថែម ពី​គុណភាព​ទឹក​ថ្នាំ​ដល់​អ្នកសារព័ត៌មាន​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប​. ដែល​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​។​

​នៅក្នុង​បេសកម្ម​របស់​តំណាង​ក្រុមហ៊ុន​ឥណ្ឌា​ទាំង​៣​នាក់​នេះ នឹង​ធ្វើឡើង​រយៈពេល​៥​ថ្ងៃ​នៅ​កម្ពុជា​។ វត្តមាន​អ្នក​ទាំង​៣ ត្រូវបាន គ​.​ជ​.​ប​. សង្ឃឹមថា នឹងធ្វើ​ឲ្យ​ពលរដ្ឋ​កាន់តែ​មាន​ភាព​ជឿជាក់​ទៀត​លើ​គុណភាព​របស់​ទឹកខ្មៅ ដែល គ​.​ជ​.​ប​. បាន​បញ្ជា​ទិញ​។​



​ទឹក​ថ្នាំ​ជ្រលក់​ដៃ ត្រូវបាន គ​.​ជ​.​ប​. បញ្ជា​ទិញ​ពី​ក្រុមហ៊ុន MYSORE PAINTS&VARNISH LTD. របស់​ប្រទេស​ឥណ្ឌា ចំនួន ៥១,០០០​ដប ស្មើនឹង ៥,១០០​ប្រអប់ ដែលមាន​តម្លៃ​សរុប​ចំនួន ៨​សែន​ដុល្លារ​អាមេរិក​។ ទឹកខ្មៅ​ជ្រលក់​ដៃ​ទាំងនេះ នឹង​យកមកប្រើ​ប្រាស់ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នៅ​កម្ពុជា ដែលមាន​ការិយាល័យ​បោះឆ្នោត​សរុប​ចំនួន ២២,៩៦៧ ការិយាល័យ និង​អ្នកមាន​សិទ្ធិ​បោះឆ្នោត​សរុប​ចំនួន ៨,៣៨០,២១៧​នាក់​។ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ របស់​កម្ពុជា នឹងធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយមាន​គណបក្ស​ចូលរួម​សរុប​ចំនួន​២០​គណបក្ស​៕



Tag:
 ​នយោបាយ​
 ​ទឹកខ្មៅ​
 ​បោះឆ្នោត​
 ​ឃោសនា​
  គណបក្ស​
© រក្សាសិទ្ធិដោយ thmeythmey.com