ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
បក្ស​ឆន្ទៈ​ខ្មែរ ស្នើ​ឲ្យ​អ្នកនយោបាយ​បញ្ឈប់​ការ​លាប​ពណ៌ ហើយ​រួមគ្នា​អភិវឌ្ឍ​ប្រទេស​
22, Jul 2018 , 4:59 pm        
រូបភាព
ប្រភពរូបពីផេកគណបក្ស
ប្រភពរូបពីផេកគណបក្ស
ដោយ:
​ភ្នំពេញ​៖ គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ទើប​បង្កើតឡើង​នៅ​អាណត្តិ​ថ្មី​នេះ បាន​អះអាងថា​ខ្លូន គឺជា​ជម្រើស​ថ្មី ដែល​នាំ​ប្រជាពលរដ្ឋ​ទៅរក​ការ​ផ្តាស់​ប្តូរ​ជា​វិជ្ជមាន បន្ទាប់ពី​បាត់បង់​គណបក្ស​សង្គ្រោះ​ជាតិ​។ មិនតែប៉ុណ្ណោះ គណបក្ស​នេះ ក៏បាន​អះអាងថា ខ្លួន​មិនមែនជា​អាយ៉ង​របស់​គណបក្សកាន់អំណាច​ឡើយ តែ​ជា​កម្លាំងចលករ​នៃ​ក្មេងជំនាន់ក្រោយ​។​



​ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ បានធ្វើ​ឲ្យ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន ត្រូវ​បាត់បង់ ដែលជា​មូលហេតុ​ចម្បង ជំរុញ​ឲ្យ​មានការ​បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ​។ លោក គង់ មុនី​កា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ បាន​អះអាងថា គណបក្ស​លោក គឺជា​ជម្រើស​ថ្មី នៃ​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា​។​

​មួយវិញទៀត ប្រធាន​គណបក្ស​នេះ ក៏បាន​លើកឡើង​ដែរ​ថា ខ្លួន​មិនមែនជា​កូនអុក​របស់​គណបក្ស​កាន់អំណាច​ឡើយ  ហើយ​ការចោទប្រកាន់​លើ​គណបក្ស​លោក​បែបនេះ គឺជា​វប្បធម៌​របស់​អ្នកនយោបាយ​ចាស់ៗ​។ លោក សូម​ឲ្យ​អ្នកនយោបាយ បញ្ឈប់​ការ​លាប​ពណ៌​ដាក់​ខ្មែរ​និង​ខ្មែរ​គ្នាឯង​។ 

​តាមរយៈ​ការផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ លោក គង់ មុនី​កា បានបញ្ជាក់ យ៉ាង​ដូច្នេះ​ថា​៖«​ជា​អ្នកនយោបាយ​ជំនាន់​ក្រោយ គឺ​ចង់​រួមចំណែក​ដ៏​ស្មោះត្រង់​សង្គ្រោះ​ជាតិ ដើម្បី​ឈានទៅរក​ការអភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​មួយ​នៅ​កម្ពុជា​»​។​

​អ្វីដែល​អ្នកនយោបាយ​វ័យក្មេង​រូបនេះ ចង់​ធ្វើ​បន្តទៀត​គឺ លោក​ចង់ឃើញ​អ្នកនយោបាយ​ខ្មែរ​ចេះ​រួមគ្នា​គិត រួមគ្នា​អភិវឌ្ឍ​ប្រទេសជាតិ​ទាំងអស់គ្នា កុំ​ឈ្លោះ​គ្នា​ដូច​ពីមុន​តទៅទៀត​។
​ក្រោយពី​បានដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ទាំង​២៥​មណ្ឌល ក្នុងប្រទេស​រួចមក គណបក្ស​ដែលមាន​លេខ​រៀង​ទី​១៧ ក្នុង​តារាង​សន្លឹកឆ្នោត បានធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ទៅគ្រប់​មណ្ឌល​ទាំងអស់​ដែល​ខ្លួន​បាន​ឈរឈ្មោះ​។ មិនតែប៉ុណ្ណោះ នៅ​ថ្ងៃ​បើក​ការឃោសនា គណបក្ស​នេះ ក៏មាន​ក្បួន​ដង្ហែ​កម្រិត​មធ្យម​ផងដែរ នៅ​រាជធានី​ភ្នំពេញ បាត់ដំបង និង​ស្វាយរៀង​។

​តាម​ការគ្រោងទុក គណបក្ស​ឆន្ទៈ​ខ្មែរ នឹង​ឃោសនា​ទ្រង់ទ្រាយ​ធំ ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។ ក្បួន​ធំ​នេះ គ្រោង​ធ្វើ​នៅ​ភ្នំពេញ តាកែវ ព្រៃវែង ត្បូងឃ្មុំ និង​កណ្ដាល តែមាន​អ្នកចូលរួម​ប៉ុន្មាន​នាក់ ឬ​ចំណាយ​អស់​ប៉ុន្មាន លោក គង់ មុនី​កា នៅ​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ​។​

​យ៉ាងណា ក្រៅពី​ការឃោសនា​ទ្រង់ទ្រាយ​ធំ​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ក៏បាន​ចុះទៅ​ដល់​មូលដ្ឋាន ដើម្បី​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​ដែរ​។ ក្រោយ​ការចុះ​មូលដ្ឋាន អ្វីដែល​ប្រធាន​គណបក្ស​រូបនេះ សង្កេតឃើញ​ពី​តម្រូវការ​ចាំបាច់​របស់​ពលរដ្ឋ​គឺ វិស័យ​កសិកម្ម សុខាភិបាល និង​ការអប់រំ​៕



Tag:
 បោះឆ្នោត​
  បក្ស​ឆន្ទៈ​ខ្មែរ​
  គង់ មុនី​កា​
  ឃោសនា
© រក្សាសិទ្ធិដោយ thmeythmey.com