ពីនេះ ពីនោះ
ត្រីប្រាធំ ស្ថិតនៅក្នុងបញ្ជីប្រភេទត្រីកំពុងរងគ្រោះជិតផុតពូជ ពីធម្មជាតិ ត្រីប្រាធំ។ រូបភាព៖ ឈុត ឈាណា
× គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំត្រីឥតស្រកាមួយប្រភេទ ដែលជាប្រភេទត្រីទឹកសាប មានរស់នៅក្នុងអាងទន្លេគង្គ បឹងធំៗ ហើយក៏ជាត្រីដែលគេនិយមចិញ្ចឹមក្នុងស្រះ ត្រពាំងផងដែរ។
ត្រីប្រាធំ មានឈ្មោះវិទ្យាសាស្ត្រ (Pangasianodon hypophthalmus) និងឈ្មោះជាភាសាអង់គ្លេស Striped catfish គឺជាប្រភេទត្រីដែលធ្វើចរាចរផ្លាស់ទីផ្លូវឆ្ងាយ។ នៅក្នុងអាងទន្លេមេគង្គ ត្រីប្រាធំត្រូវបានគេគិតថា ពួកវាបានធ្វើចរាចរផ្លាស់ទីចេញពីបឹងទន្លេសាបឡើងទៅទន្លេមេគង្គលើ និងចូលទៅក្នុងតំបន់អាងទឹកជ្រៅ ក្នុងភាគឥសាន្តនៃប្រទេសកម្ពុជា ដើម្បីពង-កូន នាដើមរដូវវស្សា (រវាងខែឧសភា និងកក្កដា)។ នៅទន្លេមេគង្គកម្ពុជា ប្រភេទសត្វនេះ បង្កកំណើតនៅចន្លោះខែឧសភា និងខែកក្កដា។ កូនត្រីតូចៗ ត្រូវបានហូរតាមខ្សែទឹកចុះមកទន្លេមេគង្គក្រោម និងចូលក្នុងបឹងទន្លេសាប ដើម្បីរកចំណី និងធំលួតលាស់នៅទីនោះ។ វាស៊ីកំពឹស ក្តាម កាកសំណល់រុក្ខជាតិ ផ្លែល្វា និងត្រីជាអាហារ។
ត្រីប្រាធំ ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Endangered) ក្នុងឆ្នាំ ២០១១ ជាប្រភេទត្រីកំពុងរងគ្រោះជិតផុតពូជ។ ការចាប់កូនត្រីតូចៗ ពីទន្លេមេគង្គមកចិញ្ចឹមក្នុងស្រះ បានធ្វើឲ្យប្រភេទត្រីប្រាធំក្នុងធម្មជាតិ កាន់តែខ្សត់ទៅៗ។
មិនតែប៉ុណ្ណោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រែប្រួលអាកាសធាតុ ការនេសាទហួសកម្រិត ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ដោយប្រើចរន្តអគ្គិសនីឆក់ ដែលគេនិយមហៅថា ឆក់ក្តៅ ឆក់ត្រជាក់ ដែលជាឧបករណ៍នេសាទដ៏គ្រោះថ្នាក់បំផុតសម្រាប់មច្ឆជាតិ និងការសាងសង់ទំនប់វារិអគ្គីសនី សុទ្ធតែជាបញ្ហាប្រឈមដល់កំណើតពួកវា។ ទៅថ្ងៃអនាគត ប្រភេទត្រីចំនួននៅក្នុងប្រទេសកម្ពុជា អាចនឹងឈានទៅផុតពូជ បើពុំមានការចូលរួមពីមជ្ឈដ្ឋានទូទៅ ដើម្បីថែរក្សាការពារធនធានមច្ឆជាតិស្រុកយើងទាំងអស់គ្នាទេនោះ។
© រក្សាសិទ្ធិដោយ thmeythmey.com