ជាតិ
អាជ្ញាធរនឹងដាក់ដំណើរការច្រកចេញចូលតែមួយនៅរដ្ឋបាលខេត្តមួយទៀតនៅថ្ងៃទី២៣ កក្កដា
× សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នឹងដាក់ឱ្យដំណើរការនូវអង្គភាពច្រកចេញចូលតែមួយ ដែលមានការិយាល័យ នៅក្នុងរដ្ឋបាលខេត្តសៀមរាបផ្ទាល់។ ការបើកច្រកចេញចូលតែមួយ បន្ថែមទៀត គឺដើម្បីបំពេញតម្រូវការជាក់ស្ដែងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរ។
ច្រកចេញចូលតែមួយ ដែលមានការិយាល័យក្នុងរដ្ឋបាលខេត្តសៀមរាប គ្រោងនឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨។ ការបើកនេះ គឺស្របពេលដែលខេត្តសៀមរាបកំពុងដំណើរការច្រកចេញចូលតែមួយចំនួន៣ទីតាំងរួចមកហើយ ដែលមាននៅក្រុងសៀមរាប ស្រុកពួក និងស្រុកជីក្រែង។
ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួលអាជ្ញាធរខេត្តសៀមរាបនឹងបើកឱ្យដំណើរការអង្គភាពច្រក ចេញចូលតែមួយរបស់សាលាខេត្តនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ក្នុងគោលបំណងលើក កម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈនៃការប្រមូលផ្តុំ ការផ្តល់សេវារដ្ឋបាលលើវិស័យនានា នៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅ នឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ។
ក្នុងកិច្ចប្រជុំជាមួយមន្ទីរជំនាញកាលពីថ្ងៃទី១៨ កក្កដា អភិបាលរងខេត្តសៀមរាប លោក លី សំរិទ្ធ បានឱ្យដឹងថា ការដាក់ចេញឱ្យអនុវត្តន៍នូវអនុក្រឹត្យ និងលិខិតបទដ្ឋានស្តីពី ការបង្កើត យន្តការច្រកចេញចូលតែមួយ និងការិយាល័យ ប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានោះ ការអនុវត្តន៍នូវយន្តការនេះនឹងរួមចំណែកសម្រេចបាន នូវចក្ខុវិស័យ នៃគោលនយោបាយផ្តល់សេវាសាធារណៈរបស់ រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការប្រមូលផ្តុំ ការផ្តល់ សេវារដ្ឋបាលលើវិស័យនានានៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈ ងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ។
លោកអភិបាលរងបានបន្តឱ្យដឹងទៀតថា បន្ទាប់ពីការអនុវត្តសាកល្បង ការិយាល័យ ច្រកចេញចូលតែមួយក្នុងឆ្នាំ២០១៥ ក្រោមការសម្របសម្រួលរបស់ គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងមានការចូលរួមពីដៃគូ អភិវឌ្ឍន៍នានា ក្រសួងមហាផ្ទៃបានសហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធនានា បង្កើតបានជាបន្តបន្ទាប់ នូវការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅថ្នាក់រដ្ឋបាលក្រុង ស្រុក ខណ្ឌ គោលដៅ ដើម្បីប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនៅកន្លែងតែមួយ តាមរយៈការធ្វើប្រតិភូកម្មមុខងារ ក្នុងការផ្តល់សេវារដ្ឋបាល ចំនួនប្រមាណជាង២០០ប្រភេទ ពីក្រសួងស្ថាប័នចំនួន១០៕
© រក្សាសិទ្ធិដោយ thmeythmey.com