ជាតិ
បោះឆ្នោត
អ្នកនាំពាក្យ៖ សម្តេចក្រុមព្រះ នឹងត្រឡប់មកកម្ពុជា មុនថ្ងៃបោះឆ្នោត រូបពីហ្វេសប៊ុកឈ្មោះ ព័ត៌មានសម្តេចក្រុមព្រះ
× នៅសល់តែ៦ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោត នឹងមកដល់ហើយ តែសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច នៅមិនទាន់យាងមកកម្ពុជាវិញនោះទេ។ មន្ត្រីរបស់ព្រះអង្គ បានត្រឹមតែផ្តល់ដំណឹងពីប្រទេសថៃមកថា ព្រះអង្គនឹងយាងមកកម្ពុជាវិញ ឲ្យបានមុនថ្ងៃបោះឆ្នោត។
ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ព្រះរាជសុខភាពរបស់សម្តេចក្រុមព្រះ បានធូរស្បើយមែនទែនហើយ។ ប៉ុន្តែ លោក មិនទាន់អាចបញ្ជាក់ឲ្យច្បាស់លាស់នោះទេ ថាព្រះអង្គ នឹងយាងមកកម្ពុជា នៅថ្ងៃណាឲ្យពិតប្រាកដ។
អ្នកនាំពាក្យរូបនេះ លើកឡើងយ៉ាងដូច្នេះថា៖«ព្រះអង្គដឹងតែយាងមកមុនបោះឆ្នោតហើយ តែមិនដឹងថាថ្ងៃណា។ ខ្ញុំ មិនហ៊ាននិយាយទេ ចាំមើលស្អែក ឬខានស្អែក ទើបខ្ញុំអាចនិយាយបាន»។
រយៈពេលកន្លះខែនៃការឃោសនាកន្លងមកនេះ គណបក្សហ្វ៊ុនស៊ិនប៉ិច បានចេញឃោសនារកសំឡេងឆ្នោត ដោយគ្មានសម្តេចក្រុមព្រះ ដោយសារតែព្រះអង្គ កំពុងសម្រាកព្យាបាលនៅប្រទេសថៃ បន្ទាប់ពីព្រះអង្គ បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលអំឡុងខែមិថុនា ឆ្នាំ២០១៨ នៅខេត្តព្រះសីហនុ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យអ្នកម្នាង អ៊ុក ផល្លា របស់ទ្រង់ សោយទិវង្គត។
ការឃោសនា នឹងបិទបញ្ចប់នៅថ្ងៃទី២៧ ខែកក្កដា។ ថ្ងៃទី២៨ ខែកក្កដា គឺជា «ថ្ងៃស» ដែលត្រូវឲ្យគ្រប់គណបក្សរក្សាភាពស្ងៀមស្ងាត់ ដោយមិនត្រូវធ្វើសកម្មភាពនយោបាយឡើយ។ ការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕
Tag:
បោះឆ្នោត
សម្តេចក្រុមព្រះ
ញ៉េប ប៊ុនជិន
© រក្សាសិទ្ធិដោយ thmeythmey.com