ជាតិ
បោះឆ្នោត
អ្នកនាំពាក្យ​៖ សម្តេចក្រុមព្រះ នឹង​ត្រឡប់មក​កម្ពុជា មុន​ថ្ងៃ​បោះឆ្នោត
23, Jul 2018 , 11:46 am        
រូបភាព
រូបពីហ្វេសប៊ុកឈ្មោះ ព័ត៌មានសម្តេចក្រុមព្រះ
រូបពីហ្វេសប៊ុកឈ្មោះ ព័ត៌មានសម្តេចក្រុមព្រះ
ដោយ: ថ្មីៗ
​នៅសល់តែ​៦​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការបោះឆ្នោត នឹង​មកដល់​ហើយ តែ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​មិនទាន់​យាង​មក​កម្ពុជា​វិញ​នោះទេ​។ មន្ត្រី​របស់​ព្រះអង្គ បានត្រឹមតែ​ផ្តល់ដំណឹង​ពី​ប្រទេស​ថៃ​មក​ថា ព្រះអង្គ​នឹង​យាង​មក​កម្ពុជា​វិញ ឲ្យ​បាន​មុន​ថ្ងៃ​បោះឆ្នោត​។



​ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា ព្រះរាជសុខភាព​របស់​សម្តេចក្រុមព្រះ បាន​ធូរស្បើយ​មែនទែន​ហើយ​។ ប៉ុន្តែ លោក មិនទាន់​អាច​បញ្ជាក់​ឲ្យ​ច្បាស់លាស់​នោះទេ ថា​ព្រះអង្គ នឹង​យាង​មក​កម្ពុជា នៅ​ថ្ងៃ​ណា​ឲ្យ​ពិតប្រាកដ​។​

​អ្នកនាំពាក្យ​រូបនេះ លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​ព្រះអង្គ​ដឹង​តែ​យាង​មក​មុន​បោះឆ្នោត​ហើយ តែ​មិនដឹងថា​ថ្ងៃ​ណា​។ ខ្ញុំ មិន​ហ៊ាន​និយាយ​ទេ ចាំមើល​ស្អែក ឬ​ខានស្អែក ទើប​ខ្ញុំ​អាចនិយាយបាន​»​។​

​រយៈពេល​កន្លះ​ខែ​នៃ​ការឃោសនា​កន្លងមកនេះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានចេញ​ឃោសនា​រក​សំឡេងឆ្នោត ដោយ​គ្មាន​សម្តេចក្រុមព្រះ ដោយសារតែ​ព្រះអង្គ កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ បន្ទាប់ពី​ព្រះអង្គ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ កាល​អំឡុង​ខែមិថុនា ឆ្នាំ​២០១៨ នៅ​ខេត្ត​ព្រះសីហនុ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បណ្តាល​ឲ្យ​អ្នក​ម្នាង អ៊ុក ផល្លា របស់​ទ្រង់ សោយ​ទិវង្គត​។

​ការឃោសនា នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃទី​២៧ ខែកក្កដា​។ ថ្ងៃទី​២៨ ខែកក្កដា គឺជា «​ថ្ងៃ​ស​» ដែល​ត្រូវ​ឲ្យ​គ្រប់​គណបក្ស​រក្សា​ភាព​ស្ងៀមស្ងាត់ ដោយ​មិន​ត្រូវធ្វើ​សកម្មភាព​នយោបាយ​ឡើយ​។ ការបោះឆ្នោត នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨៕


Tag:
 បោះឆ្នោត​
  សម្តេចក្រុមព្រះ​
  ញ៉េប ប៊ុនជិន
© រក្សាសិទ្ធិដោយ thmeythmey.com