កីឡាអន្តរជាតិ
អន្តរជាតិ
ការរើសអើងនាំឲ្យ Ozil ប្រកាសលាឈប់ពីជម្រើសជាតិអាល្លឺម៉ង់
× Mesut Ozil ខ្សែបម្រើរបស់ Arsenal ប្រកាសឈប់លេងឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់តទៅទៀត ព្រោះទ្រាំមិនបាននឹងការរិះគន់ពីសំណាក់ប្រធានសហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់ (DFB) ដោយសាររូបគេបានថតរូបជាមួយប្រធានាធិបតីតួកគី Recep Tayyip Erdogan នាអំឡុងការឃោសនាបោះឆ្នោត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ សមាជិកក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់នៃការប្រកួតពានរង្វាន់ FIFA World Cup 2018 នៅរុស្ស៊ីកន្លងទៅ បាននិយាយថាខ្លួនបានទទួលរងការរិះគន់ និងរើសអើងជាតិសាសន៍ពី DFB ទើបធ្វើឲ្យរូបគេ«លែងចង់ពាក់អាវជម្រើសជាតិអាល្លឺម៉ង់»។
ខ្សែបម្រើវ័យ២៩ឆ្នាំរូបនេះបានអះអាងថា រូបគេត្រូវបានអ្នកគាំទ្ររបស់ក្រុមឥន្ទ្រីដែកស្តីបន្ទោសពីទម្រង់លេង បន្ទាប់ពីមិនអាចជួយក្រុមឆ្លងផុតវគ្គចែកពូល។ ក្រៅពីនោះ Özil ក៏បានទទួលការរិះគន់ខ្លាំងៗពី សំណាក់លោក Reinhard Grindel ប្រធាន DFB បន្ទាប់រូបគេបានជួបជាមួយលោក Recep Tayyip Erdoğan ក្នុងទីក្រុងឡុងដ៏ កាលពីថ្ងៃទី១៣ ខែឧសភា និងបានថតរូបជាមួយគ្នាផង ស្របពេលប្រធានាធិបតីតួកគីរូបនេះកំពុងធ្វើយុទ្ធនាឃោសនាការបោះឆ្នោត។
ខ្សែបម្រើក្រុមកាំភ្លើងធំរូបនេះ មានសាច់ឈាមតួកគី តែកើតលើទឹកដីអាល្លឺម៉ង់។ បើតាមការចុះផ្សាយរបស់សារព័ត៌មានជាច្រើន Özil ក៏ធ្លាប់បានជួបលោក Erdoğan ម្តងដែរនៅឆ្នាំ២០១១ កាលនៅជាសមាជិករបស់ Real Madrid។
ជុំវិញការជួបអ្នកនយោបាយកន្លងមកនេះ Özil បានបកស្រាយប្រាប់ប្រធានសហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់ហើយថា គ្រាន់តែជាការជួបលក្ខណៈធម្មតា និងបង្ហាញការគោរពតែប៉ុណ្ណោះមិនមានអ្វីលើសពីនេះទេ។
ប៉ុន្តែយ៉ាងណា Özil នៅតែទទួលរងការប្រមាថយ៉ាងធ្ងន់ធ្ងរដដែលពី DFB ទើបធ្វើឲ្យរូបគេសម្រេចចិត្តឈប់លេងឲ្យជម្រើសជាតិអាល្លឺម៉ង់តែម្តង។ ខ្សែបម្រើរូបនេះ បានសរសេរបែបឌឺដងថា៖ «ខ្ញុំជាជនជាតិអាល្លឺម៉ង់ នៅពេលដែលយើងឈ្នះ ហើយជាជនអន្តោប្រវេសន៍ នៅពេលយើងចាញ់»។
Tag:
បាល់ទាត់
Mesut Ozil
Arsenal
Recep Tayyip Erdogan
© រក្សាសិទ្ធិដោយ thmeythmey.com