កីឡាអន្តរជាតិ
អន្តរជាតិ
ការរើសអើង​នាំ​ឲ្យ Ozil ប្រកាស​លាឈប់​ពី​ជម្រើសជាតិ​អាល្លឺម៉ង់​
23, Jul 2018 , 3:01 pm        
រូបភាព
Mesut Ozil ខ្សែបម្រើ​របស់ Arsenal ប្រកាស​ឈប់​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​តទៅទៀត ព្រោះ​ទ្រាំ​មិនបាន​នឹង​ការរិះគន់​ពី​សំណាក់​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាល្លឺម៉ង់ (DFB) ដោយសារ​រូបគេ​បាន​ថតរូប​ជាមួយ​ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan នា​អំឡុង​ការឃោសនាបោះឆ្នោត​។​



អត្ថបទទាក់ទង


​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ សមាជិក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង់​នៃ​ការប្រកួត​ពានរង្វាន់ FIFA World Cup 2018 នៅ​រុស្ស៊ី​កន្លងទៅ បាន​និយាយថា​ខ្លួន​បាន​ទទួលរង​ការរិះគន់ និង​រើសអើង​ជាតិ​សាសន៍​ពី DFB ទើប​ធ្វើ​ឲ្យ​រូបគេ​«​លែង​ចង់​ពាក់អាវ​ជម្រើសជាតិ​អាល្លឺម៉ង់​»​។​

​ខ្សែបម្រើ​វ័យ​២៩​ឆ្នាំ​រូបនេះ​បាន​អះអាងថា រូបគេ​ត្រូវបាន​អ្នកគាំទ្រ​របស់​ក្រុម​ឥន្ទ្រី​ដែក​ស្តីបន្ទោស​ពី​ទម្រង់​លេង បន្ទាប់ពី​មិនអាច​ជួយ​ក្រុម​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​។ ក្រៅពីនោះ Özil ក៏បាន​ទទួល​ការរិះគន់​ខ្លាំងៗ​ពី សំណាក់​លោក Reinhard Grindel ប្រធាន DFB បន្ទាប់​រូបគេ​បាន​ជួប​ជាមួយ​លោក Recep Tayyip Erdoğan ក្នុង​ទីក្រុង​ឡុង​ដ៏ កាលពី​ថ្ងៃទី​១៣ ខែឧសភា និង​បាន​ថតរូប​ជាមួយគ្នា​ផង ស្របពេល​ប្រធានាធិបតី​តួ​ក​គី​រូបនេះ​កំពុង​ធ្វើ​យុទ្ធនា​ឃោសនាការ​បោះឆ្នោត​។​



​ខ្សែបម្រើ​ក្រុម​កាំភ្លើង​ធំ​រូបនេះ មាន​សាច់ឈាម​តួ​ក​គី តែ​កើត​លើ​ទឹកដី​អាល្លឺម៉ង់​។ បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ជាច្រើន Özil ក៏​ធ្លាប់បាន​ជួប​លោក Erdoğan ម្តង​ដែរ​នៅ​ឆ្នាំ​២០១១ កាល​នៅ​ជា​សមាជិក​របស់ Real Madrid​។​

​ជុំវិញ​ការជួប​អ្នកនយោបាយ​កន្លងមក​នេះ Özil បាន​បកស្រាយ​ប្រាប់​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាល្លឺម៉ង់​ហើយ​ថា គ្រាន់តែ​ជាការ​ជួប​លក្ខណៈ​ធម្មតា និង​បង្ហាញ​ការគោរព​តែប៉ុណ្ណោះ​មិនមាន​អ្វី​លើសពីនេះ​ទេ​។​

​ប៉ុន្តែ​យ៉ាងណា Özil នៅតែ​ទទួលរង​ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដដែល​ពី DFB  ទើប​ធ្វើ​ឲ្យ​រូបគេ​សម្រេចចិត្ត​ឈប់​លេង​ឲ្យ​ជម្រើសជាតិ​អាល្លឺម៉ង់​តែម្តង​។ ខ្សែបម្រើ​រូបនេះ បាន​សរសេរ​បែប​ឌឺដង​ថា​៖ «​ខ្ញុំ​ជា​ជនជាតិ​អាល្លឺម៉ង់ នៅពេលដែល​យើង​ឈ្នះ ហើយ​ជា​ជនអន្តោប្រវេសន៍ នៅពេល​យើង​ចាញ់​»។



Tag:
 បាល់ទាត់​
  Mesut Ozil
  Arsenal
  Recep Tayyip Erdogan
© រក្សាសិទ្ធិដោយ thmeythmey.com