ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា មិន​បញ្ចេញមតិ «​រឿង​ទៅ​បោះឆ្នោត ឬ​មិន​ទៅ​»
23, Jul 2018 , 3:21 pm        
រូបភាព
​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ មិន​មាត់ក​អ្វី​ទាំងអស់ ជុំវិញ​ការបោះឆ្នោត​។ គាំទ្រ​ឲ្យ​ប្រជាពលរដ្ឋ ទៅ​បោះឆ្នោត ឬក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើពហិការ គេ​មិនទាន់​បានឮ​ពី​លោក កឹម សុខា នោះទេ​។



​លោក ផែង ហេង មេធាវី​មួយរូប​របស់លោក កឹម សុខា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ជាទូទៅ​ក្រុម​មេធាវី និង​លោក កឹម សុខា ជជែក​គ្នា​តែ​ពី​ផ្លូវច្បាប់​បុ​ណ្ណោះ ដោយ​មិន​ផ្តោត​ឲ្យ​ស៊ីជម្រៅ​ពី​រឿង​នយោបាយ ឬ​ការបោះឆ្នោត​ឡើយ​។ លោក​មេធាវី ផែង ហេង ដែល​អះអាងថា​ទើបនឹង​ត្រឡប់​មកពី​ជួប​លោក កឹម សុខា នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ កាលពី​សប្តាហ៍​មុន បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ឲ្យ​គាត់​ផ្ញើ​សារ​ពី​រឿង​បោះឆ្នោត បែបនេះ ឬ​បែប​នោះ គឺ​អត់​មាន​ទេ​»​។​

​យ៉ាងណាក៏ដោយ នាពេល​កន្លងមក លោក កឹម សុខា ធ្លាប់​លើកឡើង​ពី​ការសម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ ក្នុងការ​ទៅ​បោះឆ្នោត ឬ​មិន​ទៅ​។ លោក ផែង ហេង រម្លឹក​ពី​ប្រសាសន៍របស់​អតីត​ប្រធាន​គណបក្សប្រឆាំង បែបនេះ​ថា​៖«​គាត់ ធ្លាប់​និយាយ​កន្លងមក​ថា ប្រជាពលរដ្ឋ អាច​គិត​ខ្លួនឯង​ថា សន្លឹកឆ្នោត​របស់​ពួកគាត់ មានតម្លៃ​កម្រិតណា ក្នុងការ​អភិវឌ្ឍ​ប្រទេស​។ ហើយ​រឿង​ទៅ​បោះឆ្នោត ឬ​មិន​ទៅ គឺជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​»​។

​មកដល់ពេលនេះ សំណុំរឿង​របស់លោក កឹម សុខា មិនទាន់​វិ​វត្ត​ទៅមុខ​នោះទេ ពោលគឺ នៅតែ​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការ​ស៊ើបសួរ​ដដែល​។ អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ដែល​ចៅក្រម​ស៊ើបសួរ ផ្អាក​ទៅ​ជួប​លោក កឹម សុខា​។ កន្លងមក មាន​សាក្សី​មួយចំនួន ដែល​ភាគច្រើន​ជា​សង្គម​ស៊ីវិល ត្រូវបាន​ចៅក្រម​ស៊ើបសួរ ហៅ​ទៅ​ឲ្យ​បំភ្លឺ ពាក់ព័ន្ធ​នឹង​សំណុំរឿង​របស់លោក កឹម សុខា​។

​មានតែ​លោក កឹម សុខា ប៉ុណ្ណោះ ដែល​ស្ងៀម​ស្ងាត់​ក្នុង​រឿង​បោះឆ្នោត​។ ប៉ុន្តែ ក្រុម​អ្នកប្រឆាំង​នៅក្រៅ​ប្រទេស ជាពិសេស​លោក សម រង្ស៊ី ដែល​រួមមាន​ទាំង​កូនស្រី​របស់លោក កឹម សុខា ផង​នោះ បានបង្ហាញ​ការប្រឆាំង​ខ្លាំងណាស់ ចំពោះ​ការបោះឆ្នោត​លើក​នេះ​។

​លោក សម រង្ស៊ី ដែលជា​ដៃគូ​នយោបាយ​របស់លោក កឹម សុខា និង​អ្នកគាំទ្រ នាំគ្នា​អំពាវនាវ​ជា​ដដែលៗ កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ បច្ចុប្បន្ន ពួកគេ កំពុង​ធ្វើ​យុទ្ធនាការ​យ៉ាង​ផុសផុល​មួយ នៅលើ​បណ្តាញ​សង្គម ដែល​ហៅថា «​យុទ្ធនាការ​ម្រាមដៃ​ស្អាត​»៕ 



Tag:
 បោះឆ្នោត​
  កឹម សុខា​
  សម រង្ស៊ី​
  ផែង ហេង
© រក្សាសិទ្ធិដោយ thmeythmey.com