ជាតិ
បោះឆ្នោត
នយោបាយជាតិ
លោក កឹម សុខា មិនបញ្ចេញមតិ «រឿងទៅបោះឆ្នោត ឬមិនទៅ»
× លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ មិនមាត់កអ្វីទាំងអស់ ជុំវិញការបោះឆ្នោត។ គាំទ្រឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត ឬក៏អំពាវនាវឲ្យប្រជាពលរដ្ឋធ្វើពហិការ គេមិនទាន់បានឮពីលោក កឹម សុខា នោះទេ។
លោក ផែង ហេង មេធាវីមួយរូបរបស់លោក កឹម សុខា បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ជាទូទៅក្រុមមេធាវី និងលោក កឹម សុខា ជជែកគ្នាតែពីផ្លូវច្បាប់បុណ្ណោះ ដោយមិនផ្តោតឲ្យស៊ីជម្រៅពីរឿងនយោបាយ ឬការបោះឆ្នោតឡើយ។ លោកមេធាវី ផែង ហេង ដែលអះអាងថាទើបនឹងត្រឡប់មកពីជួបលោក កឹម សុខា នៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ កាលពីសប្តាហ៍មុន បានបញ្ជាក់យ៉ាងដូច្នេះ៖«ឲ្យគាត់ផ្ញើសារពីរឿងបោះឆ្នោត បែបនេះ ឬបែបនោះ គឺអត់មានទេ»។
យ៉ាងណាក៏ដោយ នាពេលកន្លងមក លោក កឹម សុខា ធ្លាប់លើកឡើងពីការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការទៅបោះឆ្នោត ឬមិនទៅ។ លោក ផែង ហេង រម្លឹកពីប្រសាសន៍របស់អតីតប្រធានគណបក្សប្រឆាំង បែបនេះថា៖«គាត់ ធ្លាប់និយាយកន្លងមកថា ប្រជាពលរដ្ឋ អាចគិតខ្លួនឯងថា សន្លឹកឆ្នោតរបស់ពួកគាត់ មានតម្លៃកម្រិតណា ក្នុងការអភិវឌ្ឍប្រទេស។ ហើយរឿងទៅបោះឆ្នោត ឬមិនទៅ គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ»។
មកដល់ពេលនេះ សំណុំរឿងរបស់លោក កឹម សុខា មិនទាន់វិវត្តទៅមុខនោះទេ ពោលគឺ នៅតែស្ថិតក្នុងដំណាក់កាលនៃការស៊ើបសួរដដែល។ អស់រយៈពេលជាច្រើនខែមកហើយ ដែលចៅក្រមស៊ើបសួរ ផ្អាកទៅជួបលោក កឹម សុខា។ កន្លងមក មានសាក្សីមួយចំនួន ដែលភាគច្រើនជាសង្គមស៊ីវិល ត្រូវបានចៅក្រមស៊ើបសួរ ហៅទៅឲ្យបំភ្លឺ ពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក កឹម សុខា។
មានតែលោក កឹម សុខា ប៉ុណ្ណោះ ដែលស្ងៀមស្ងាត់ក្នុងរឿងបោះឆ្នោត។ ប៉ុន្តែ ក្រុមអ្នកប្រឆាំងនៅក្រៅប្រទេស ជាពិសេសលោក សម រង្ស៊ី ដែលរួមមានទាំងកូនស្រីរបស់លោក កឹម សុខា ផងនោះ បានបង្ហាញការប្រឆាំងខ្លាំងណាស់ ចំពោះការបោះឆ្នោតលើកនេះ។
លោក សម រង្ស៊ី ដែលជាដៃគូនយោបាយរបស់លោក កឹម សុខា និងអ្នកគាំទ្រ នាំគ្នាអំពាវនាវជាដដែលៗ កុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ បច្ចុប្បន្ន ពួកគេ កំពុងធ្វើយុទ្ធនាការយ៉ាងផុសផុលមួយ នៅលើបណ្តាញសង្គម ដែលហៅថា «យុទ្ធនាការម្រាមដៃស្អាត»៕
Tag:
បោះឆ្នោត
កឹម សុខា
សម រង្ស៊ី
ផែង ហេង
© រក្សាសិទ្ធិដោយ thmeythmey.com