រថយន្ត
អន្តរជាតិ
វៀតណាម​នឹង​បង្អួត​ផលិតផល​រថយន្ត​ដំបូង​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​យានយន្ត​ពិភពលោក​
23, Jul 2018 , 8:59 pm        
រូបភាព
ដោយ: ធីតា
​វៀតណាម បាន​ឆក់យក​ឱកាស​នៃ​ព្រឹត្តិការណ៍​យានយន្ត​ពិភពលោក Paris Motor Show នា​ថ្ងៃ​តុលា ខាងមុខ​ដើម្បី​ណែនាំ​ផលិតផល​រថយន្ត VinFast ដែល​សមិទ្ធផល​ដំបូង​របស់ខ្លួន​។ ម៉ូ​ដែល​ដំបូង​របស់ VinFast នៅលើ​ទីផ្សារ​គឺ​ប្រភេទ Sedan និង SUV ប៉ុន្តែ​រោងចក្រ​យានយន្ត​ដំបូង​បំផុត​របស់​វៀតណាម​មួយ​នេះ មិនទាន់​បង្ហើប​ឈ្មោះ​រថយន្ត​ជា​ផ្លូវការ​នោះឡើយ​។​



អត្ថបទទាក់ទង


​ព្រឹត្តិការណ៍​យានយន្ត​ពិភពលោក Pairs Motor Show ឬ «Mondial de l’Auto 2018» នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៤ ដល់​ថ្ងៃទី​១៤ ខែតុលា​ខាងមុខ នៅ Porte de Versailles ក្រុងប៉ារីស​ប្រទេស​បារាំង​។ នា​ព្រឹត្តិការណ៍​នេះ រថយន្ត VinFast របស់​វៀតណាម នឹង​បង្ហាញខ្លួន​ដើម្បី​ទាក់ទាញ​អតិថិជន មុន​ពេលដែល​ពួកគេ​គ្រោង​បង្ហាញ​វត្តមាន​នៅលើ​ទីផ្សារ​នា​ខែកញ្ញា ឆ្នាំ​២០១៩ ។​

VinFast ជា​ផលិតផល​មួយ​ក្នុងចំណោម​ផលិតផល​ជាច្រើន​របស់​ក្រុមហ៊ុន​ឯកជន​ដ៏​ធំ​របស់​វៀតណាម Vingroup​។ ក្រុមហ៊ុន​មួយ​នេះ កំណត់​គោលដៅ​របស់ខ្លួន​ឲ្យ​ក្លាយជា​សហគ្រាស​យានយន្ដ​ដ៏​ធំជាងគេ​នៅ​តំបន់​អាស៊ី​-​អាគ្នេយ៍ តាមរយៈ​ការផលិត​រថយន្ត​ស្តង់ដា​ពិភពលោក​។

​សម្រាប់​វត្តមាន​ដំបូង​បំផុត​នៅ​ក្រុងប៉ារីស VinFast នឹងដាក់​បង្ហាញ​ផលិតផល​រថយន្ត​បែប​គ្រួសារ​ប្រភេទ Sedan និង​ប្រភេទ SUV ដែល​រចនា​ដោយ​ក្រុមហ៊ុន​អ៊ីតាលី Pininfarina ប៉ុន្តែ​ឈ្មោះ​ពិតប្រាកដ​មិនទាន់​ត្រូវបាន​បង្ហើប​ឲ្យ​ដឹង​នោះឡើយ​។​

​លោក Jim DeLuca អគ្គនាយក​ក្រុមហ៊ុន បាន​បង្ហើប​ឲ្យ​ដឹង​ពី​មហិច្ឆតា​ដ៏​ធំ​របស់ VinFast ដោយ​ក្រៅពី​ដៃគូ​រចនា​អ៊ីតាលី ក្រុមហ៊ុន​ក៏​ពង្រីក​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាល្លឺម៉ង់​ផងដែរ​។​

​លោក​រំពឹងថា ក្រុមហ៊ុន​អាច​ផលិត​បាន​រថយន្ត​ប្រមាណ​៥០០ ០០០​គ្រឿងក្នុង​១​ឆ្នាំ​ដោយ​គិត​ត្រឹម​ឆ្នាំ​២០២៥​។ «​យើង​មាន​ធនធាន លទ្ធភាព និង​ការតាំង​ចិត្ត​ខ្ពស់ ដើម្បី​ឲ្យ​ក្លាយខ្លួនជា​គោលដៅ​ថ្មី​ក្នុង​ឧស្សាហកម្ម​យានយន្ត​ពិភពលោក​»​។ នេះ​ជាការ​អះអាង​របស់លោក James DeLuca​។​

​យោងតាម​ការផ្សាយ​រប​ស់ Vingroup រោងចក្រ​យានយន្ត​ដំបូង​បំផុត​របស់​វៀតណាម​នេះ ត្រូវបាន​សាងសង់ឡើង​ក្នុង​គម្រោង​ទឹកប្រាក់​ពី​១​ពាន់​លាន​ទៅ​១,៥​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ដំណាក់កាល​ដំបូង ដោយមាន​ទីតាំងនៅ Hai Phong៕



© រក្សាសិទ្ធិដោយ thmeythmey.com