អន្តរជាតិ
ត្រាំ ឆ្លើយ​ទៅ​អ៊ីរ៉ង់​៖ ឈប់​គំរាម​អាមេរិក បើ​មិន​ចង់​ជួប​មហន្តរាយ​ដូច​ប្រទេស​ខ្លះ​
23, Jul 2018 , 8:39 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ទំនងជា​ក្ដៅ​សឹ្ល​ក​ត្រចៀក​ខ្លាំង​ហើយ ក្រោយ​ឮ​សម្ដី​របស់​ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន់ រូ​ហា​នី ដែល​ប្រាប់​ឲ្យ​អាមេរិក​ប្រយ័ត្នប្រយែង​នយោបាយ​របស់ខ្លួន​លើ​អ៊ីរ៉ង់​។ តាមរយៈ Twitter របស់ខ្លួន​នៅ​ថ្ងៃទី​២២ ខែកក្កដា  លោក ត្រាំ បាន​ប្រាប់​មេដឹកនាំ​អ៊ីរ៉ង់​ឲ្យ​ឈប់​ប្រើប្រាស់​សម្ដី​គំរាម​អាមេរិក​ម្ដងទៀត បើ​មិន​ចង់​ជួប​បញ្ហា​ធំ​ទេនោះ ប៉ុន្តែ​លោក​មិន​ប្រាប់ថា នឹង​ចាត់វិធានការ​បែបណា​ឡើយ​។​



​ប្រយោគ​មួយ​ឃ្លា​របស់​ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន់ រូ​ហា​នី ទៅកាន់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ «​កុំ​លេង​កន្ទុយ​តោ​ឲ្យ​សោះ​» ពិតជា​ធ្វើ​ឲ្យ​លោក ត្រាំ អត់ទ្រាំ​មិនបាន​រហូត​សរសេរ​សារ​លើ Twitter គំរាម​ផ្ដល់​មេរៀន​ជូរចត់​ឲ្យ​អ៊ីរ៉ង់​វិញ​។ សង្គ្រាមពាក្យសម្ដី​រវាង​អាមេរិក និង​អ៊ីរ៉ង់​បាន​ពុះកញ្ជ្រោល​ឡើង​នៅ​ចុង​សប្ដាហ៍​មុន បន្ថែម​ពីលើ​ការមិនចុះសម្រុង​គ្នា​ស្រាប់ បន្ទាប់ពី​អាមេរិក​ដើរ​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ មក​នោះ​។​

​ក្នុង​សំណេរ​ជា​អក្សរ​ធំៗ​លើ​បណ្ដាញ​សង្គម Twitter របស់ខ្លួន លោក​ប្រធានាធិបតី ត្រាំ គំរាម​លោក រូ​ហា​នី ដោយផ្ទាល់​ថា​៖ «​មិនត្រូវ​គំរាម​អាមេរិក​ម្ដងទៀត​ឡើយ បើ​មិន​ចង់​ជួប​គ្រោះមហន្តរាយ​ដូច​ប្រទេស​មួយចំនួន​ធ្លាប់​ជួប​ក្នុង​ប្រវត្តិសាស្ត្រ​ទេនោះ​»​។ ខណៈ​មិន​បង្ហើប​ពី​អ្វីដែល​អាមេរិក​អាចធ្វើ​នោះ មេដឹកនាំ​អាមេរិក​រូបនេះ​ទំនង​ចង់​រំឭក​អ៊ីរ៉ង់​ពីអ្វី​ដែល​កើតឡើង​កាលពី​ឆ្នាំ​១៩៤៥ គឺ​ពេលដែល​អាមេរិក​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​ពីរ​គ្រាប់​លើ​ជប៉ុន​។​

​បន្ថែម​ពីលើ​ការ​គំរាម​អ៊ីរ៉ង់ លោក ត្រាំ ក៏​ប្រកាស​ជំហរ​របស់​អាមេរិក​ដែល​ឈប់​ធ្វើតាម​សម្ដី​ទាមទារ​ដ៏​ឆ្កួត​ឡប់​អ៊ីរ៉ង់ និង​ពោរពេញ​ដោយ​ហិង្សា និង​សេចក្ដីស្លាប់​។ ចុងបញ្ចប់​នៃ​សារ​តាម​បណ្ដាញ​សង្គម ប្រធានាធិបតី​អាមេរិក​ក៏​ផ្ញើ​សារ​ឲ្យ​អ៊ីរ៉ង់​ប្រយ័ត្ន​ខ្លួន​ដែរ​។ សម្ដី​របស់លោក ត្រាំ ជាការ​ឆ្លើយតប​នឹង​សម្ដី​គំរាម​របស់លោក រូ​ហា​នី ដែល​ប្រា​ប់លោក ថា សង្គ្រាម​ជាមួយ​អ៊ីរ៉ង់ គឺជា​សង្គ្រាម​ដ៏​ធំ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​តែម្ដង​។​

​នា​រយៈពេល​ចុងក្រោយ​នេះ អ៊ីរ៉ង់ បាន​ក្លាយជា​គោលដៅ​វាយប្រហារ​របស់​អាមេរិក ស្របពេល​បញ្ហា​ជាមួយ​កូរ៉េខាងជើង​បាន​ធូរស្រាល​ខ្លះ​។ តាំងពី​ពេល​ឃោសនា​រក​សំឡេងឆ្នោត​មកទល់​ពេលបច្ចុប្បន្ន លោក ត្រាំ មិនដែល​ពេញចិត្ត​សកម្មភាព​របស់​អ៊ីរ៉ង់​ឡើយ ហើយ​បាន​ដាក់ចេញ​នយោបាយ​តឹងរ៉ឹង​ប្រឆាំង​អ៊ីរ៉ង់​ផង​។ ក្រោយ​ដើរ​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ លោក​ក៏​ប្រុង​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ប្រឆាំង​អ៊ីរ៉ង់​ទៅទៀត​។​

​ថ្មីៗ​នេះ​ទៀតសោត អាមេរិក​ក៏​ចង់​ឲ្យ​ប្រទេស​ជុំវិញ​ពិភពលោក​ឈប់​នាំចូល​ប្រេង​ពី​អ៊ីរ៉ង់ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​មហាអំណាច​តំបន់​មជ្ឈិមបូព៌ា​មួយ​នេះ​បន្ទន់ឥរិយាបថ​របស់​ខ្លួន​។ ចំណាត់​បែបនេះ​របស់​អាមេរិក អាចធ្វើ​ឲ្យ​ពិភពលោក​ជួប​បញ្ហា​ខ្លាំង ព្រោះ​អ៊ីរ៉ង់​អាច​ញ៉ុ​ក​ច្រក​ដឹកជញ្ជូន​ប្រេង​នៅ​សមុទ្រ Hormuz មិន​ខាន​៕


Tag:
 អាមេរិក​
  អ៊ីរ៉ង់​
  ដូ​ណា​ល់ ត្រាំ​
  ហាសាន់ រូ​ហា​នី​
© រក្សាសិទ្ធិដោយ thmeythmey.com