ជាតិ
បោះឆ្នោត
ប្រធានបក្សមាតុភូមិយើង ត្អូញថា បក្សខ្លួនតូចហើយ អាជ្ញាធរខ្លះមិនឲ្យហែនៅទីប្រជុំជនទៀត ប្រភពរូបពីផេកគណបក្ស
× ភ្នំពេញ៖ គណបក្សដែលមានលេខរៀងទី២ នៅក្នុងតារាង សន្លឹកឆ្នោត បានត្អូញត្អែរថា គណបក្សរបស់ខ្លួនតូចហើយ ថែមទាំងមិនត្រូវបានអនុញ្ញាតឲ្យឃោសនានៅតំបន់ទីប្រជុំជនទៅទៀត។ ដោយសារតែអាជ្ញាធរមូលដ្ឋានហាមឃាត់ ទើបប្រធានគណបក្សខាងលើអះអាងថា ជារឿងមិនយុត្តិធម៌សម្រាប់គណបក្សលោកឡើយ។
ដោយសារតែបារម្ភខ្លាចមានគ្រោះថ្នាក់ ឬកកស្ទះចរាចរណ៍ អាជ្ញាធរមូលដ្ឋានក្នុងតំបន់ទីប្រជុំជនមួយចំនួន មិនអនុញ្ញាតឲ្យគណបក្សមាតុភូមិយើង ហែក្បួនឃោសនាឡើយ។ ការមិនអនុញ្ញាតនេះ បានធ្វើឲ្យលោក ច័ន្ទ ប៊ុនហន ប្រធានគណបក្សមាតុភូមិយើង យល់ឃើញថា ជាការលំអៀងសម្រាប់គណបក្សលោក។ ហ៊ានថាលំអៀងបែបនេះ ក៏ព្រោះតែលោកសង្កេតឃើញ ស្ទើគ្រប់ទីកន្លែងប្រជុំជន ឬតាមផ្លូវសាធារណៈ តែងតែឃើញស្តង់ ឬឡានគណបក្សកាន់អំណាចមានគ្រប់ទីកន្លែង។
លោក ច័ន្ទ ប៊ុនហន បញ្ជាក់យ៉ាងដូច្នេះថា៖ «គេថាប៉ះពាល់ចរាចរណ៍ និងសុវត្ថិភាព តែផ្លូវច្រើនណាស់ដែលគេអាចហែបាន តែគាត់ទប់ស្កាត់ទាំងអស់។ នេះហើយជាបញ្ហាក្នុងការចូលរួមដើម្បីកសាងលទ្ធិប្រជាធិបតេយ្យ»។
មិនតែប៉ុណ្ណោះលោកបានអះអាងទៀតថា ការហែក្បួនឃោសនាមិនស្មើភាពគ្នាឡើយ បូករួមនិងការចំណាយជាដើម។ លើសពីនេះទៅទៀតប្រធានគណបក្សលេខរៀងលំដាប់ទៅ២ ក្នុងសន្លឹកឆ្នោតនេះថា មានការរើសអើងពីអជ្ញាធរ មិនចង់ឲ្យពលរដ្ឋមានការយល់ដឹងពីគណបក្សដទៃទៀត។
យ៉ាងណាបើទោះជាមិនមានការអនុញ្ញាតឲ្យហែក្បួនឃោសនាក្នុងតំបន់ទីប្រជុំជនក្ដី តែគណបក្សដែលដឹកនាំដោយ លោក ច័ន្ទ ប៊ុនហន នេះ នៅតែបន្តការឃោសនារបស់ខ្លួន នៅតាមមូលដ្ឋានផ្សេងៗទៀត ដើម្បីឲ្យពលរដ្ឋយល់ដឹងពីគោលនយោបាយរបស់ខ្លួន។ គោលនយោបាយដែលគណបក្សលេខរៀងទី២ ផ្សព្វផ្សាយគឺ ពង្រឹងការអនុវត្តច្បាប់ និងលុបបំបាត់បទល្មើសព្រៃឈើ។
គណបក្សមាតុភូមិយើង មានលេខរៀងទី២ ក្នុងសន្លឹកឆ្នោត មានបេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន ៦មណ្ឌល ដូចជា រាជធានីភ្នំពេញ,តាកែវ,កណ្ដាល,កំពង់ស្ពឺ,ព្រៃវែង និងស្វាយរៀង៕
Tag:
គណបក្ស
ឃោសនា
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com