ជាតិ
បោះឆ្នោត
ប្រធាន​បក្ស​មាតុភូមិ​យើង ត្អូញ​ថា បក្ស​ខ្លួន​តូច​ហើយ អាជ្ញាធរ​ខ្លះ​មិន​ឲ្យ​ហែ​នៅ​ទីប្រជុំជន​ទៀត​
23, Jul 2018 , 9:59 pm        
រូបភាព
ប្រភពរូបពីផេកគណបក្ស
ប្រភពរូបពីផេកគណបក្ស
ដោយ:
​ភ្នំពេញ​៖ គណបក្ស​ដែលមាន​លេខ​រៀង​ទី​២ នៅក្នុង​តារាង សន្លឹកឆ្នោត បាន​ត្អូញត្អែរថា គណបក្ស​របស់ខ្លួន​តូច​ហើយ ថែមទាំង​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ឃោសនា​នៅ​តំបន់​ទីប្រជុំជន​ទៅទៀត​។ ដោយសារតែ​អាជ្ញាធរ​មូលដ្ឋាន​ហាមឃាត់ ទើប​ប្រធាន​គណបក្ស​ខាងលើ​អះអាងថា ជា​រឿង​មិន​យុត្តិធម៌​សម្រាប់​គណបក្ស​លោក​ឡើយ​។​



​ដោយសារតែ​បារម្ភ​ខ្លាច​មាន​គ្រោះថ្នាក់ ឬ​កកស្ទះ​ចរាចរណ៍ អាជ្ញាធរ​មូលដ្ឋាន​ក្នុង​តំបន់​ទីប្រជុំជន​មួយចំនួន មិន​អនុញ្ញាត​ឲ្យ​គណបក្ស​មាតុភូមិ​យើង ហែ​ក្បួន​ឃោសនា​ឡើយ​។ ការមិន​អនុញ្ញាត​នេះ បានធ្វើ​ឲ្យ​លោក ច័ន្ទ ប៊ុន​ហន ប្រធាន​គណបក្ស​មាតុភូមិ​យើង យល់ឃើញថា ជាការ​លំអៀង​សម្រាប់​គណបក្ស​លោក​។ ហ៊ាន​ថា​លំអៀង​បែបនេះ ក៏​ព្រោះតែ​លោក​សង្កេតឃើញ ស្ទើ​គ្រប់​ទីកន្លែង​ប្រជុំជន ឬ​តាមផ្លូវ​សាធារណៈ តែងតែ​ឃើញ​ស្តង់ ឬ​ឡាន​គណបក្សកាន់អំណាច​មាន​គ្រប់​ទីកន្លែង​។​

​លោក ច័ន្ទ ប៊ុន​ហន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​គេ​ថា​ប៉ះពាល់​ចរាចរណ៍ និង​សុវត្ថិភាព តែ​ផ្លូវ​ច្រើនណាស់​ដែល​គេ​អាច​ហែ​បាន តែ​គាត់​ទប់ស្កាត់​ទាំងអស់​។ នេះហើយ​ជា​បញ្ហា​ក្នុងការ​ចូលរួម​ដើម្បី​កសាង​លទ្ធិប្រជាធិបតេយ្យ​»​។​

​មិនតែប៉ុណ្ណោះ​លោក​បាន​អះអាង​ទៀតថា ការហែក្បួន​ឃោសនា​មិន​ស្មើភាព​គ្នា​ឡើយ បូករួម​និង​ការចំណាយ​ជាដើម​។ លើសពីនេះទៅទៀត​ប្រធាន​គណបក្ស​លេខ​រៀង​លំដាប់​ទៅ​២ ក្នុង​សន្លឹកឆ្នោត​នេះ​ថា មានការ​រើសអើង​ពី​អជ្ញាធរ មិន​ចង់​ឲ្យ​ពលរដ្ឋ​មានការ​យល់ដឹង​ពី​គណបក្ស​ដទៃទៀត​។​

​យ៉ាងណា​បើទោះជា​មិនមាន​ការអនុញ្ញាត​ឲ្យ​ហែ​ក្បួន​ឃោសនា​ក្នុង​តំបន់​ទីប្រជុំជន​ក្ដី តែ​គណបក្ស​ដែល​ដឹកនាំ​ដោយ លោក ច័ន្ទ ប៊ុន​ហន នេះ នៅតែ​បន្ត​ការឃោសនា​របស់ខ្លួន នៅតាម​មូលដ្ឋាន​ផ្សេងៗ​ទៀត ដើម្បី​ឲ្យ​ពលរដ្ឋ​យល់ដឹង​ពី​គោលនយោបាយ​របស់ខ្លួន​។  គោលនយោបាយ​ដែល​គណបក្ស​លេខ​រៀង​ទី​២ ផ្សព្វផ្សាយ​គឺ ពង្រឹង​ការអនុវត្ត​ច្បាប់ និង​លុបបំបាត់​បទល្មើស​ព្រៃឈើ​។​

​គណបក្ស​មាតុភូមិ​យើង មាន​លេខ​រៀង​ទី​២ ក្នុង​សន្លឹកឆ្នោត មាន​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ចំនួន ៦​មណ្ឌល ដូចជា រាជធានី​ភ្នំពេញ​,​តាកែវ​,​កណ្ដាល​,​កំពង់ស្ពឺ​,​ព្រៃវែង និង​ស្វាយរៀង​៕

Tag:
 គណបក្ស​
 ​ឃោសនា​
 ​បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com