ជាតិ
សមត្ថកិច្ច​កំពុង​តាមមើល​អ្នក​បង្ហោះ​រូប​មិន​ទៅ​បោះឆ្នោត លើ​ហ្វេ​ស​ប៊ុ​ក
23, Jul 2018 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ សមត្ថកិច្ច កំពុង​តាមមើល​អ្នក​បង្ហោះ​រូប​មិន​ទៅ​បោះឆ្នោត នៅលើ​ហ្វេ​ស​ប៊ុ​ក ដើម្បី​អនុវត្ត​វិធានការ​ច្បាប់ បើសិនជា​រកឃើញថា រារាំង​ដល់​ដំណើរការ​បោះឆ្នោត​។​



​ថ្ងៃ​បោះឆ្នោត​ជិត​មកដល់​។ សកម្មភាព​នៃ​យុទ្ធនា​ការមិន​ទៅ​បោះឆ្នោត កំពុង​លេច​ឡើងជា​បន្តបន្ទាប់ នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ជាតិ លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​បញ្ជាក់ថា សមត្ថកិច្ច កំពុង​ត្រួត​ពិនិត្យមើល​សកម្មភាព​ពលរដ្ឋ​ទាំងនោះ ដើម្បី​កំណត់ថា​តើ​សកម្មភាព​របស់​ពួកគេ ពិតជា​រារាំង​ដល់​សិទ្ធិ​ពលរដ្ឋ​ដទៃ មិន​ឲ្យ​ទៅ​បោះឆ្នោត​ដែរ​ទេ​? ហើយ​បើ​រកឃើញ​ពិតជា​រារាំង​មែន​នោះ ពួកគេ​នឹងត្រូវ​ទទួលទោស​តាមច្បាប់​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​មិនអាច​ដាក់ពិន័យ​ទៅលើ​ពួកគាត់ បាន​ភ្លាមៗ​នោះទេ គឺ​យើង​ត្រូវ​ពិនិត្យមើល​សិន​ថា ការ​បង្ហោះ​រូប​មិន​ទៅ​បោះឆ្នោត​នោះ វា​ពិតជា​រារាំង​ដល់​សិទ្ធិ​អ្នកដទៃ ដែល​មានចែង​ក្នុង​ច្បាប់​ដែរ​ទេ​? ហើយ​តើ​អ្នក​បង្ហោះ​រូបនោះ គាត់​បង្ហោះ​ក្នុង​គោលបំណង​អ្វី​? ព្រោះ​បើ​គាត់​មិនសូវ​ចេះ​ប្រើ​ហ្វេ​ស​ប៊ុ​ក ហើយ​ចេះតែ​ចែករំលែក​តាម​គ្នា ក៏​យើង​មិនអាច​ដាក់ពិន័យ​បានដែរ គឺ​យើង​ត្រូវ​អប់រំ​គាត់ ។ ហើយ​បើ​គាត់​មិន​ស្ដាប់​គឺ​ដាក់ពិន័យ​។ ប៉ុន្តែ​បើ​យើង​ពិនិត្យឃើញថា គាត់​បង្ហោះ​ក្នុង​បំណង​រារាំង​អ្នកដទៃ មិន​ឲ្យ​ទៅ​បោះឆ្នោត​នោះ យើង​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​តែម្ដង​»​។​

​ទាក់ទង​នឹង​សិទ្ធិ​បោះឆ្នោត​នេះ អ្នកតាមដាន​ស្ថានការណ៍​សង្គម ធ្លាប់​លើកឡើងថា បើទោះជា​ពលរដ្ឋ​មិន​ទៅ​បោះឆ្នោត​ក៏​គ្មាន​ទោស​អ្វី​ឡើយ ព្រោះ​វា​ជា​សិទ្ធិ​របស់​ពលរដ្ឋ ហើយ​ច្បាប់​ក៏​មិន​បានចែង​ពី​ការកម្រិត​ទោស​ដែរ​។ ប៉ុន្តែ​បើ​ពលរដ្ឋ រារាំង​ដល់​ដំណើរការ​បោះឆ្នោត​នោះ ត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ស្តីពី​ការបោះឆ្នោត​។​

អត្ថបទទាក់ទង


​ច្បាប់​ស្តីពី​ការជ្រើសរើស​តំណាងរាស្ត្រ ត្រង់​ជំពូក​ទី​១០ ស្តីពី​ទោស​បញ្ញត្តិ នៃ​មាត្រា​៤២ ចែងថា​«​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ពី​៥,០០០,០០០​រៀល (​ប្រាំ​លាន​)​រៀល ទៅ​២០,០០០,០០០​រៀល ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដោយ​ពុំទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត ចំពោះ​ជន​ណា ដែល​តាម​គ្រប់​មធ្យោបាយ​ទុច្ចរិត​»​។​

​តែ​យ៉ាង​ណាគ​.​ជ​.​ប ធ្លាប់បាន​បញ្ជាក់ថា ទោះជា​ចំនួន​ពលរដ្ឋ ទៅ​បោះឆ្នោត​ក្រោម​៥០​ភាគរយ​ក្តី ក៏​ចាត់ទុកជា​សំឡេង​បានការ ក្នុងការ​ជ្រើស​តំណាងរាស្ត្រ ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល ៕


Tag:
 គៀត ច័ន្ទ​ថា​រិ​ទ្ធ
 ​បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com