ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
បោះឆ្នោត​៖ ក្រសួងការបរទេស ថា​លោកស្រី ស្មី​ត កំពុង​កាន់ជើង​ក្រុមប្រឆាំង
24, Jul 2018 , 11:33 am        
រូបភាព
ជំនួបកាលពីអំឡុងខែមីនា ឆ្នាំ២0១៨ រវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ
ជំនួបកាលពីអំឡុងខែមីនា ឆ្នាំ២0១៨ រវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ
​ការបញ្ចេញមតិ​របស់​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ មានន័យ​គាំទ្រ​យុទ្ធនាការ​របស់លោក សម រង្ស៊ី និង​អតីត​អ្នកប្រឆាំង ដែល​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​។ នេះ​ជាការ​ឆ្លើយតប​របស់​អុ្ន​ក​នាំពាក្យ​ក្រសួងការបរទេសកម្ពុជា ទៅកាន់​លោកស្រី រ៉ូ​ណា ស្មី​ត​។



អត្ថបទទាក់ទង


​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លើកឡើងថា លោកស្រី រ៉ូ​ណា ស្មី​ត ហាក់ដូចជា​មើលមិនឃើញ​ទង្វើ​ដ៏​គ្រោះថ្នាក់​របស់លោក សម រង្ស៊ី និង​បក្សពួក​របស់លោក ដែល​អំពាវនាវ​ឲ្យ​យោធា​ប្រឆាំងនឹង​រដ្ឋាភិបាល​ស្របច្បាប់  និង​ញុះញង់​ឲ្យ​មានការ​រើសអើង​ពូជសាសន៍ រួមទាំង​មាន​លក្ខណ​ជ្រុលនិយម ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ល្អ​របស់​កម្ពុជា ជាមួយ​ប្រទេសជិតខាង​។

​តាមរយៈ​សេចក្តីថ្លែងការណ៍ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ ហើយ​បាន​ផ្ញើ​ទៅកាន់​ក្រុមអ្នកកាសែត​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម  អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ប្រាប់​អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ យ៉ាង​ដូច្នេះ​ថា​៖«​ទង្វើ​បែបនេះ [​របស់​ក្រុមប្រឆាំង​]  មិនមែន​លើកតម្កើង​ប្រជាធិបតេយ្យ​ទេ តែ​ផ្ទុយទៅវិញ គួរតែ​ត្រូវបាន​ដាក់ទោស នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​»​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បកស្រាយ​ទៅកាន់​លោកស្រី​ថា ប្រទេស​កម្ពុជា មិន​ដាក់ទោស​ប្រជាពលរដ្ឋ ដែល​មិន​ទៅ​បោះឆ្នោត​នោះទេ ប៉ុន្តែ​ដាក់ទោស​អ្នកណា ដែល​រារាំង​ប្រជាពលរដ្ឋ មិន​ឲ្យ​ទៅ​បោះឆ្នោត​។ លើសពីនេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ថែមទាំង​លើកយក​រដ្ឋធម្មនុញ្ញ មក​ពន្យល់​លោកស្រី​ថា ប្រជាពលរដ្ឋ អាច​ទទួលបាន​សេវាសាធារណៈ​គ្រប់ៗ​គ្នា ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ដូច​ការចោទប្រកាន់រ​បស់​លោកស្រី​ឡើយ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា សោកស្តាយ​យ៉ាងខ្លាំង ចំពោះ​មតិ​លម្អៀង​របស់លោក​ស្រី​។

​កាលពី​ប៉ុន្មាន​ថ្ងៃមុន លោកស្រី រ៉ូ​ណា ស្មី​ត បាន​លើកឡើងថា រដ្ឋាភិបាល​កម្ពុជា គួរតែអនុញ្ញាត​ឲ្យ មានការ​អំពាវនាវ កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​។ ម្យ៉ាងទៀត លោកស្រី ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ថ្កោលទោស​ចំពោះ​ការបំភិតបំភ័យ​លើ​ប្រជាពលរដ្ឋ ដែល​មិន​ទៅ​បោះឆ្នោត​។

​លោកស្រី រ៉ូ​ណា ស្មី​ត អះអាងថា លោកស្រី បានទទួល​របាយការណ៍ ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា ដែល​ចាត់ទុក​ការមិន​ទៅ​បោះឆ្នោត គឺជា​រឿង​ខុសច្បាប់ ហើយ​អាជ្ញាធរ​មូលដ្ឋាន គំរាម​ឈប់​ផ្តល់​សេវា​សាធារណៈ ដល់​ប្រជាពលរដ្ឋ​ទាំងឡាយណា ដែល​មិន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​។ លោកស្រី មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖«​ការធ្វើ​បែបនេះ គឺ​គ្រាន់តែ​បង្កើត​ឲ្យ​មាន​បរិយាកាស​ភ័យខ្លាច និង​ការច្របូកច្របល់​ប៉ុណ្ណោះ​»​។ 

​សារ​ចុងក្រោយ​របស់លោក​ស្រី រ៉ូ​ណា ស្មី​ត គឺ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ប្រាប់​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​ជៀសវាង​ការរើសអើង​ក្នុងអំឡុង​នៃ​យុទ្ធនា​ការបោះឆ្នោត​៕



Tag:
 បោះឆ្នោត​
  ជុំ សុន្ទរី​
  រ៉ូ​ណា ស្មី​ត
© រក្សាសិទ្ធិដោយ thmeythmey.com