ជាតិ
បោះឆ្នោត
នយោបាយជាតិ
បោះឆ្នោត៖ ក្រសួងការបរទេស ថាលោកស្រី ស្មីត កំពុងកាន់ជើងក្រុមប្រឆាំង ជំនួបកាលពីអំឡុងខែមីនា ឆ្នាំ២0១៨ រវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ
× ការបញ្ចេញមតិរបស់លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ មានន័យគាំទ្រយុទ្ធនាការរបស់លោក សម រង្ស៊ី និងអតីតអ្នកប្រឆាំង ដែលអំពាវនាវកុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត។ នេះជាការឆ្លើយតបរបស់អុ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ទៅកាន់លោកស្រី រ៉ូណា ស្មីត។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លើកឡើងថា លោកស្រី រ៉ូណា ស្មីត ហាក់ដូចជាមើលមិនឃើញទង្វើដ៏គ្រោះថ្នាក់របស់លោក សម រង្ស៊ី និងបក្សពួករបស់លោក ដែលអំពាវនាវឲ្យយោធាប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ និងញុះញង់ឲ្យមានការរើសអើងពូជសាសន៍ រួមទាំងមានលក្ខណជ្រុលនិយម ដែលបង្កឲ្យប៉ះពាល់ដល់ទំនាក់ទំនងល្អរបស់កម្ពុជា ជាមួយប្រទេសជិតខាង។
តាមរយៈសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ហើយបានផ្ញើទៅកាន់ក្រុមអ្នកកាសែតក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ យ៉ាងដូច្នេះថា៖«ទង្វើបែបនេះ [របស់ក្រុមប្រឆាំង] មិនមែនលើកតម្កើងប្រជាធិបតេយ្យទេ តែផ្ទុយទៅវិញ គួរតែត្រូវបានដាក់ទោស នៅក្នុងសង្គមប្រជាធិបតេយ្យ»។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បកស្រាយទៅកាន់លោកស្រីថា ប្រទេសកម្ពុជា មិនដាក់ទោសប្រជាពលរដ្ឋ ដែលមិនទៅបោះឆ្នោតនោះទេ ប៉ុន្តែដាក់ទោសអ្នកណា ដែលរារាំងប្រជាពលរដ្ឋ មិនឲ្យទៅបោះឆ្នោត។ លើសពីនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ថែមទាំងលើកយករដ្ឋធម្មនុញ្ញ មកពន្យល់លោកស្រីថា ប្រជាពលរដ្ឋ អាចទទួលបានសេវាសាធារណៈគ្រប់ៗគ្នា ដោយមិនប្រកាន់និន្នាការនយោបាយ ដូចការចោទប្រកាន់របស់លោកស្រីឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា សោកស្តាយយ៉ាងខ្លាំង ចំពោះមតិលម្អៀងរបស់លោកស្រី។
កាលពីប៉ុន្មានថ្ងៃមុន លោកស្រី រ៉ូណា ស្មីត បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា គួរតែអនុញ្ញាតឲ្យ មានការអំពាវនាវ កុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត។ ម្យ៉ាងទៀត លោកស្រី ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ថ្កោលទោសចំពោះការបំភិតបំភ័យលើប្រជាពលរដ្ឋ ដែលមិនទៅបោះឆ្នោត។
លោកស្រី រ៉ូណា ស្មីត អះអាងថា លោកស្រី បានទទួលរបាយការណ៍ ពាក់ព័ន្ធនឹងរដ្ឋាភិបាលកម្ពុជា ដែលចាត់ទុកការមិនទៅបោះឆ្នោត គឺជារឿងខុសច្បាប់ ហើយអាជ្ញាធរមូលដ្ឋាន គំរាមឈប់ផ្តល់សេវាសាធារណៈ ដល់ប្រជាពលរដ្ឋទាំងឡាយណា ដែលមិនបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។ លោកស្រី មានប្រសាសន៍យ៉ាងដូច្នេះថា៖«ការធ្វើបែបនេះ គឺគ្រាន់តែបង្កើតឲ្យមានបរិយាកាសភ័យខ្លាច និងការច្របូកច្របល់ប៉ុណ្ណោះ»។
សារចុងក្រោយរបស់លោកស្រី រ៉ូណា ស្មីត គឺស្នើឲ្យរដ្ឋាភិបាលកម្ពុជា ប្រាប់ទៅអាជ្ញាធរមូលដ្ឋាន ឲ្យជៀសវាងការរើសអើងក្នុងអំឡុងនៃយុទ្ធនាការបោះឆ្នោត៕
Tag:
បោះឆ្នោត
ជុំ សុន្ទរី
រ៉ូណា ស្មីត
© រក្សាសិទ្ធិដោយ thmeythmey.com