ជាតិ
បោះឆ្នោត
នយោបាយជាតិ
បក្សខ្មែររួបរួមជាតិ លុបរូបលោក ខាន់ សាវឿន ចេញតាមសំណូមពរ
× លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានប្រាប់ទៅថ្នាក់ដឹកនាំមូលដ្ឋានរបស់ខ្លួន ឲ្យលុបរូបលោក ខាន់ សាវឿន ចេញពីស្លាកសញ្ញាគណបក្ស។ ចំណាត់ការធ្វើឡើងក្រោយមានការស្នើសុំពីលោក ខាន់ សាវឿន ផ្ទាល់ ដោយសារអតីតអនុប្រធានរូបនេះ បានទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាអស់រយៈពេលជាច្រើនខែមកហើយ។
លោក ញឹក ប៊ុន ឆៃ លោក ទា ចំរ៉ាត់ និង លោក ខាន់ សាវឿន ជាអតីតឧត្តមសេនីយ៍ជាន់ខ្ពស់របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបានរួមគ្នាបង្កើតគណបក្សខ្មែររួបរួមជាតិ កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ។ នារយៈពេលប៉ុន្មានខែចុងក្រោយ ទោះបីលោក ខាន់ សាវឿន បានទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក៏ដោយ ប៉ុន្តែគេនៅតែសង្កេតឃើញផ្ទាំងរូបរបស់លោក ក្នុងនាមអនុប្រធាន នៅជាប់ជាមួយលោក ញឹក ប៊ុនឆៃ ប្រធានគណបក្ស និងលោក ទា ចំរ៉ាត់ ប្រធានកិត្តិយសដដែល។
កាលពីថ្ងៃទី២៣ ខែកក្កដា លោក ខាន់ សាវឿន បានស្នើឲ្យដករូបលោកចេញ ដើម្បីកុំឲ្យមានការយល់ច្រឡំ ពីព្រោះថា លោកបានចាកចេញទៅរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាជាយូរខែហើយ។
តបទៅនឹងសំណូមពរនេះ លោក ញឹក ប៊ុនឆៃ បានសរសេរទៅកាន់ថ្នាក់ដឹកនាំមូលដ្ឋានរបស់ខ្លួនថា៖ «សូមថ្នាក់ដឹកនាំ គណបក្ស ខ្មែររួបរួមជាតិ នៅគ្រប់មូលដ្ឋានទូទាំងប្រទេស សូមលុបរូបលោក ខាន់ សាវឿន ចេញពីស្លាកសញ្ញាគណបក្ស ដែលនៅសេសសល់គ្រប់កន្លែងចេញឲ្យអស់។ សូមអរគុណ»។
បើតាមការបង្ហោះហ្វេសប៊ុករបស់លោក សេក សុជាតិ មន្ត្រីមួយរូបរបស់គណបក្សខ្មែររួបរួមជាតិ លោក ខាន់ សាវឿន ផ្ទាល់ ក៏បានព្យាយាមលុបរូបរបស់ខ្លួនចេញពីស្លាកសញ្ញារបស់បក្សខ្មែររួបរួមជាតិផងដែរ៕
Tag:
បោះឆ្នោត
ខ្មែររួបរួមជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com