ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
បក្ស​ខ្មែរ​រួបរួម​ជាតិ លុប​រូបលោក ខាន់ សាវឿន ចេញ​តាម​សំណូមពរ​
24, Jul 2018 , 12:10 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ប្រាប់​ទៅ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​របស់ខ្លួន ឲ្យ​លុប​រូបលោក ខាន់ សាវឿន ចេញពី​ស្លាក​សញ្ញា​គណបក្ស​។ ចំណាត់ការ​ធ្វើឡើង​ក្រោយ​មានការ​ស្នើសុំ​ពី​លោក ខាន់ សាវឿន ផ្ទាល់ ដោយសារ​អតីត​អនុប្រធាន​រូបនេះ បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​។​

 
​លោក ញឹក ប៊ុន ឆៃ លោក ទា ចំ​រ៉ាត់ និង លោក ខាន់ សាវឿន ជា​អតីត​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​បានរួម​គ្នា​បង្កើត​គណបក្ស​ខ្មែរ​រួបរួម​ជាតិ កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ ។ នា​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ ទោះបី​លោក ខាន់ សាវឿន បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដោយ ប៉ុន្តែ​គេ​នៅតែ​សង្កេតឃើញ​ផ្ទាំង​រូប​របស់លោក ក្នុងនាម​អនុប្រធាន នៅជាប់​ជាមួយ​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស និង​លោក ទា ចំ​រ៉ាត់ ប្រធានកិត្តិយស​ដដែល​។​
 
​កាលពី​ថ្ងៃទី​២៣ ខែកក្កដា លោក ខាន់ សាវឿន បានស្នើ​ឲ្យ​ដក​រូបលោក​ចេញ ដើម្បី​កុំ​ឲ្យ​មានការ​យល់ច្រឡំ ពីព្រោះថា លោក​បាន​ចាក​ចេញទៅ​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​យូរ​ខែ​ហើយ​។​
 
​តប​ទៅនឹង​សំណូមពរ​នេះ លោក ញឹក ប៊ុនឆៃ បាន​សរសេរ​ទៅកាន់​ថ្នាក់ដឹកនាំ​មូលដ្ឋាន​របស់ខ្លួន​ថា​៖ «​សូម​ថ្នាក់ដឹកនាំ គណបក្ស ខ្មែរ​រួបរួម​ជាតិ នៅ​គ្រប់​មូលដ្ឋាន​ទូទាំងប្រទេស សូម​លុប​រូបលោក ខាន់ សាវឿន ចេញពី​ស្លាក​សញ្ញា​គណបក្ស ដែល​នៅ​សេសសល់​គ្រប់កន្លែង​ចេញ​ឲ្យ​អស់​។ សូម​អរគុណ​»​។​
 
​បើតាម​ការ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​របស់លោក សេក សុជាតិ មន្ត្រី​មួយរូប​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ខាន់ សាវឿន ផ្ទាល់ ក៏បាន​ព្យាយាម​លុប​រូប​របស់ខ្លួន​ចេញពី​ស្លាក​សញ្ញា​របស់​បក្ស​ខ្មែរ​រួបរួម​ជាតិ​ផងដែរ​៕
 

Tag:
 បោះឆ្នោត
  ខ្មែររួបរួម​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com