ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
បក្ស​ខ្មែរ​ឈប់​ក្រ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ដោយ​កុំ​ជឿ​តាម​ការ​ញុះញង់​ពី​អ្នកដទៃ​
24, Jul 2018 , 7:19 pm        
រូបភាព
ប្រភពពីfbលោក Daran Kravanh
ប្រភពពីfbលោក Daran Kravanh
ដោយ:
​ភ្នំពេញ​៖ គណបក្ស​ខ្មែរ​ឈប់​ក្រ បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា និង​កុំ​ជឿ​តាម​ការ​ញុះញង់​របស់​មនុស្ស​មួយចំនួន ដើម្បី​ជ្រើសរើស​គណបក្ស​ណា ដែល​អាចដឹកនាំ​ប្រទេស​រីកចម្រើន ស្របតាម​ឆន្ទៈ​ខ្លួន​។



​នៅក្នុង​ការឃោសនា​ស្វែងរក​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ គណបក្ស​ខ្មែរ​ឈប់​ក្រ បានសម្រេច​ជ្រើសរើស​មធ្យោបាយ​ចុះ​ជួប​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ផ្ទាល់ ដោយ​មិនមាន​ការហែក្បួន​ឃោសនា​ទ្រង់ទ្រាយ​ធំ​ឡើយ​។ ការធ្វើ​បែបនេះ ព្រោះ​គណបក្ស ជឿជាក់ថា​មាន​ប្រសិទ្ធភាព មិន​ប្រឈមមុខ​ជាមួយ​គណបក្ស​ដ​ទៃ និង​មិន​បង្ក​ផលប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ពលរដ្ឋ​។​

​លោក ស៊ិន វណ្ណា​រិ​ទ្ធ អគ្គលេខាធិការ​គណបក្ស​ខ្មែរ​ឈប់​ក្រ ដែល​ចុះ​ជួប​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នេះ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​គ្រប់គ្នា ដើម្បី​ជ្រើសរើស​មេដឹកនាំ​ប្រទេស​ទៅតាម​ឆន្ទៈ​របស់ខ្លួន​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​កុំ​ជឿ​តាម​ការឃោសនា​រប​ស់បុ​គ្គល ឬ​បក្ស​មួយចំនួន ដែល​រំលោភ​លើ​សិទ្ធិសេរីភាព​របស់ខ្លួន តាមរយៈ​ពីរ​ចំណុច​គឺ ញុះញង់​មិន​ឲ្យ​ទៅ​បោះឆ្នោត និង​គំរាមកំហែង​ឲ្យ​បោះឆ្នោត​ឲ្យ​គេ​»​។​



​គោលនយោបាយ ដែល​គណបក្ស​នេះ​ផ្ដោត​សំខាន់​គឺ ការ​ផ្ដល់នូវ​អ៊ីនធឺណិត​ដោយ​ឥតគិតថ្លៃ​នៅ​ទូទាំងប្រទេស និង​ទាក់ទាញ​អ្នកវិនិយោគ ដើម្បី​បង្កើត​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​។​

​ក្រោយពី​ការឃោសនា​អស់​រយៈពេល​១៧​ថ្ងៃ​រួចមក គណបក្ស​ខ្មែរ​ឈប់​ក្រ នៅ​មិនទាន់​បានដាក់​បណ្ដឹង ឬ​ទទួល​ពាក្យបណ្ដឹង​ពី គ​.​ជ​.​ប​.​ឡើយ​។ តែ​យ៉ាងណា អគ្គលេខាធិការ​គណបក្ស​នេះ បាន​បញ្ជាក់ថា គណបក្ស​លោក ក៏បាន​ជួប​បញ្ហា​ដែរ ដូចជា ការហាមឃាត់​មិន​ឲ្យ​ចូល​ឃោសនា​ក្នុង​ផ្សារ និង​ការហាម​មិន​ឲ្យ​ដាក់​ស្លាក​សញ្ញា​គណបក្ស​តាម​មូលដ្ឋាន​ជាដើម​។​

​នៅក្នុង​អាណត្តិ​ទី​៦ នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នេះ គណបក្ស​ខ្មែរ​ឈប់​ក្រ មាន​បេក្ខជន​ឈរឈ្មោះ​ចំនួន​២៥​មណ្ឌល​។ គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត មាន ជាង ៨,៣ លាន​នាក់ ហើយ​ការិយាល័យ​បោះឆ្នោត មាន​ជាង ២,២ ម៉ឺន​៕




Tag:
 នយោបាយ​
 ​បោះឆ្នោត​
 ​ឃោសនា​
© រក្សាសិទ្ធិដោយ thmeythmey.com