ជាតិ
អភិបាលខេត្ត​សៀមរាប​ព​ន្លឿ​ន​ឲ្យ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ដែល​រស់​នៅលើ​ទួល​បុរាណ​
24, Jul 2018 , 3:01 pm        
រូបភាព
​សៀមរាប​៖ រមណីយដ្ឋាន​អង្គរ ត្រូវបាន​ចុះបញ្ជី​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ នៅ​ឆ្នាំ​១៩៩២​។ ដើម្បី​គោរព​ទៅតាម​គោលការណ៍​នានា​នៃ​ច្បាប់​បេតិកភណ្ឌ​ពិភពលោក អាជ្ញាធរ​ជាតិ​អប្សរា​ដែលមាន​តួនាទី​គ្រប់គ្រង​រមណីយដ្ឋាន ត្រូវ​ប្រាកដថា​ថែរក្សា​ទេសភាព​វប្បធម៌​នានា​ឱ្យនៅ​និរន្ដរភាព តួយ៉ាង​មិនត្រូវ​ឱ្យមាន​សំណង់​កើនឡើង​ក្នុង​តំបន់​នេះឡើយ​។ ចំណុច​នេះហើយ​ដែល​ការសាងសង់​ផ្សេងៗ ត្រូវបាន​រិត​ត្បិត​ជាខ្លាំង​។



​ពិតណាស់ថា គោលការណ៍​នេះ​មិន​បានឱ្យ​ពលរដ្ឋ​ដែល​មិន​យល់​ពី​បញ្ហា​បេតិកភណ្ឌ សប្បាយចិត្ត​ឡើយ​។ ហើយ​ទីកន្លែង​មួយចំនួន ត្រូវបាន​ទ​ន្ទា​ញ​លួច​ចូល​រស់នៅ​ដោយ​ខុសច្បាប់ តួយ៉ាង​នៅលើ​ទួល ស្រះ និង​ប្រឡាយ​បុរាណ​មួយចំនួន​។ ប៉ុន្តែ​នៅលើ​ទួល​ខ្លះ ត្រឹម​ជា​ទួល​បុរាណ​ធម្មតា ដែល​គួររៀបចំ​ឱ្យ​ប្រជាពលរដ្ឋ​អាស្រ័យ​បានដែរ​។​

​អភិបាលខេត្ត​សៀមរាប លោក ឃឹម ប៊ុន​សុង បាន​លើកទឹកចិត្ត​ឱ្យ​អាជ្ញាធរ​ធ្វើការ​រួមគ្នា ដើម្បី​ដោះស្រាយ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​គ្រួសារ ដែល​កំពុង​រស់នៅ​លើ​ទីទួល​បុរាណ​មួយកន្លែង​ក្នុង​សង្កាត់​គោកចក​។ ការលើកឡើង​នេះ​ធ្វើឡើង​នៅក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​គោកចក  ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២៣ កក្កដា នៅ​បរិវេណ​ប្រាសាទ​វត្ត​គោកចក​។​

​ប្រជាពលរដ្ឋ​ដែល​រស់​នៅលើ​ទួល​បុរាណ​នោះ​សរុប​មាន​ចំនួន ១៦០​គ្រួសារ ដែលមាន​សិទ្ធិ​អាស្រ័យ​ផល​ធម្មតា តែ​មិនអាច​អភិវឌ្ឍន៍​អ្វី​បានឡើយ​។ លោក ឃឹម ប៊ុន​សុង ចង់ឱ្យ​អាជ្ញាធរ​ព​ន្លឿ​ន និង​ចុះ​មើល​ជាក់ស្ដែង​ដល់​កន្លែង​ទួល​បុរាណ​នោះ តើ​ថា​វា​មានលទ្ធភាព​ផ្តល់ជូន​ពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​អាច​កាន់កាប់ និង​ទទួលបាន​បណ្ណ​សម្គាល់​ដី​ពី​សូ​រិ​យោ​ដី​។ យ៉ាងណា លោក​អភិបាល​បាន​ប្រាប់​ពលរដ្ឋ​ថា ត្រូវ​ស្គាល់​កន្លែង​បុរាណ​ដ្ឋា​ន ដោយ​មិនត្រូវ​ចេះតែ​រំលោភ​ចូលទៅ​នៅទេ ព្រោះ​អាច​បាត់បង់​ប្រយោជន៍​ធំ​បាន ព្រោះ​ទី​ទាំងនោះ​ត្រូវបាន​ការពារ​ដោយ​ស្ថាប័ន​ជាតិ និង​អន្ដរជាតិ​។​



​អ្នកនាំពាក្យ​សាលាខេត្ត​សៀមរាប លោក លី សំរិទ្ធ បានឱ្យដឹងថា កន្លងមក​អាជ្ញាធរ​ធ្លាប់បាន​ធ្វើការ​ជាច្រើន​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា និង​បាន​បង្រួម​ទួល​បុរាណ​ដែល​មិនមាន​សារប្រយោជន៍​ខ្លះ សម្រាប់​ឱ្យ​ពលរដ្ឋ​អាស្រ័យ​ផល​។ លោក​បន្ថែមថា​៖«...​កុំ​ទុក (​ទួល ឬ​ត្រពាំង​) ធំ​ពេក​។ អភិរក្ស​កុំ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ បើជា​ទួល​ធម្មតា ទួល​អ្នកតា​យូរហើយ ឬ​ត្រពាំង​ដែល​អស់​ប្រយោជន៍ គោក​អស់ហើយ គួរតែ​ចែក​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​កាន់កាប់​»​។​

​ទាក់ទង​នឹង​ពលរដ្ឋ​នៅ​សង្កាត់​គោកចក លោក លី សំរិទ្ធ ថ្លែងថា​នឹង​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ពិនិត្យ​លើ​ទួល​បុរាណ​មួយចំនួន ប៉ុន្តែ​លោក​មិន​គាំទ្រ​ដល់​ពលរដ្ឋ​ខ្លះ ដែល​ចូល​ចាក់ដី និង​កាន់កាប់​ក្នុង​ត្រពាំង​បុរាណ ដែលជា​ប្រព័ន្ធ​រំដោះ​ទឹក​ក្នុង​ក្រុង​អង្គរ និង​ក្រុង​សៀមរាប​ឡើយ​។ លោក លី សំរិទ្ធ បន្តថា អាជ្ញាធរ​មិន​បណ្ដោយឱ្យ​ការរស់នៅ​ពលរដ្ឋ ប៉ះពាល់​ដល់​ការអភិវឌ្ឍ​ក្រុង ឬ​ធ្វើឱ្យប៉ះពាល់​ប្រយោជន៍​ជាតិ​ជាដាច់ខាត ពួកគេ​គួរ​មើលឃើញ​ពី​គុណវិបត្តិ​ទៅ​ថ្ងៃក្រោយ​។​

​គួរ​បញ្ជាក់ថា ពលរដ្ឋ​ជាង ២​ពាន់​គ្រួសារ បានទទួល​វិញ្ញាបនបត្រ​សម្គាល់​ដីធ្លី​ពីសា​លា​ខេត្តសៀមរាប ក្នុងនោះ​មាន​ភូមិ ត្រពាំង​សេះ ភូមិ​កស្សិណ​ខាងត្បូង និង​ភូមិ​វាល សង្កាត់​គោកចក ដែលជា​ព្រំប្រទល់​ក្នុង​តំបន់​២​នៃ​រមណីយដ្ឋាន​អង្គរ​។ ពលរដ្ឋ​ដែល​ទទួលបាន​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​បាន​សម្ដែង​អារម្មណ៍​រីករាយ ខណៈ​ពលរដ្ឋ​ផ្សេងទៀត ដែលមាន​ព្រំដី​ក្នុង​តំបន់​អង្គរ មិន​សប្បាយចិត្ត​ត្បិត​ពួកគេ​មិនអាច​អភិវឌ្ឍន៍​អ្វី​ផ្សេង​លើ​សំណង់ផ្ទះ​ដែល​ពួកគេ​រស់នៅ​។ យ៉ាងណា លោក​អភិ​បាន​ខេត្ត​បាន​អះអាងថា នឹង​បន្ត​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ជា​បន្តទៀត​៕


© រក្សាសិទ្ធិដោយ thmeythmey.com