ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
លោក ហង្ស ពុទ្ធា ៖ អន្តរជាតិ​ត្រូវ​សិក្សា​ពី​តម្រូវការ​ពលរដ្ឋ​កម្ពុជា​សិន មុននឹង​ដាក់​សម្ពាធ​
24, Jul 2018 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ ថ្ងៃ​បោះឆ្នោត​មកដល់ នៅ​ថ្ងៃទី​២៩ កក្កដា​។ ពលរដ្ឋ​មួយចំនួន ត្រៀមខ្លួន​សម្រេចចិត្ត បោះឆ្នោត​ឲ្យ​គណបក្ស​ដែល​ពួកគេ​ពេញចិត្ត ខណៈ​ពលរដ្ឋ​ខ្លះ បញ្ចេញ​ទស្សន​មិន​ទៅ​បោះឆ្នោត​។ ភាពចម្រូងចម្រាស​នៃ​ការបោះឆ្នោត​នេះ បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​ព្រួយបារម្ភ​ពី​សម្ពាធ​បរទេស​លើ​កម្ពុជា​។ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក ហង្ស ពុទ្ធា បាន​បញ្ជាក់ថា បើ​ទោះ​ការបោះឆ្នោត មាន​វត្តមាន​ពលរដ្ឋ​បំពេញ​សិទ្ធិ ក្រោម​៥០​ភាគរយ​ក្តី ក៏​អន្តរជាតិ​គ្មាន​សិទ្ធិ​អ្វី​មក​ដាក់​សម្ពាធ​លើ​កម្ពុជា​ដែរ ព្រោះ​វា​ច្បាប់​ណា ដែល​កម្រិត​ចំនួន​ពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត​ឡើយ​។​



​សូម​លោក​-​អ្នកនាង ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដូចតទៅ​៖




​លោក ហង្ស ពុទ្ធា បាន​បញ្ជាក់ថា ការដាក់​សម្ពាធ​មកលើ​កម្ពុជា ពី​សំណាក់​បរទេស គឺ​មិនអាច​កើតមាន​ឡើយ ដោយសារតែ​កម្ពុជា បានរៀបចំ​ការបោះឆ្នោត ដែល​អនុវត្ត​តាមច្បាប់​ត្រឹមត្រូវ​។​

«​ស្អី​ក៏ដោយ​នៅលើ​ពិភពលោក​យើង​នេះ គឺ​យក​ច្បាប់​ជា​គោល​។ អ៊ីចឹង គ​.​ជ​.​ប បាន​អនុវត្ត​តាមច្បាប់​។ ប្រជាពលរដ្ឋ​ចេញទៅ​បោះឆ្នោត គឺ​អនុវត្ត​តាមច្បាប់ ហើយ​គណបក្សនយោបាយ​ទៅ​ចុះបញ្ជី​បោះឆ្នោត គឺ​អនុវត្ត​តាមច្បាប់ ដូច្នេះ​ច្បាប់​គឺជា​គោល​»​។ នេះ​ជាការ​ពន្យល់​របស់លោក ហង្ស ពុទ្ធា ដែល​បាន​បន្ថែមថា ដំណើរការ​បោះឆ្នោត​រប​ស់​កម្ពុជា​បច្ចុប្បន្ន មាន​ភាពល្អប្រសើរ​ច្រើន ហើយ​អាច​ទទួលយកបាន បើ​ធៀប​ទៅ​នឺង​ការបោះឆ្នោត​របស់​ប្រទេស​នៅក្នុង​តំបន់​អាស៊ី និង​អឺរ៉ុប​។​

​ជាមួយគ្នានេះ​លោក ហង្ស ពុទ្ធា បានស្នើ​ឲ្យ​អន្តរជាតិ ដែល​តែងតែ​ប្រកាស​ពី​ជំហរ​មិន​ទទួលស្គាល់​ការបោះឆ្នោត​នៅ​កម្ពុជា ត្រូវ​សិក្សា​ស្វែងយល់​ពី​តម្រូវការ​ប្រជាជន​កម្ពុជា​សិន មុន​នឹងដាក់​សម្ពាធមក​កម្ពុជា​។​

​គួរ​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ កក្កដា មាន​គណបក្សនយោបាយ​ចំនួន​២០ ចូលរួម​ប្រកួតប្រជែង​៕  


Tag:
 ហង្ស ពុទ្ធា
  បោះឆ្នោត​
  គ​.​ជ​.​ប
© រក្សាសិទ្ធិដោយ thmeythmey.com