ជាតិ
២៥ខេត្ត/រាជធានី
អភិបាលខេត្ត​រតនគីរី ៖ ការបាក់​ទំនប់​វា​រី​អគ្គិសនី​នៅ​ឡាវ មិន​ប៉ះពាល់​ដល់​ពលរដ្ឋ​កម្ពុជា​ទេ​
24, Jul 2018 , 4:50 pm        
រូបភាព
ពលរដ្ឋឡាវនាំគ្នា​ឡើង​លើ​ដំបូងផ្ទះដើម្បី​រង់ចាំការជួយសង្គ្រោះ។ រូបថត Attapeu Today
ពលរដ្ឋឡាវនាំគ្នា​ឡើង​លើ​ដំបូងផ្ទះដើម្បី​រង់ចាំការជួយសង្គ្រោះ។ រូបថត Attapeu Today
​ភ្នំពេញ​៖ អភិបាលខេត្ត​រតនគីរី បាន​បញ្ជាក់ថា ពលរដ្ឋ​មិនទាន់​រង​ផលប៉ះពាល់ ដោយសារ​ការបាក់​ទំនប់​វា​រី​អគ្គិសនី​ទេ​។ ការបញ្ជាក់​របស់​អភិបាលខេត្ត​នេះ ធ្វើឡើង​បន្ទាប់ពី​ហេតុការណ៍​បាក់​ទំនប់​វា​រី​អគ្គិសនី​នៅ​ភាគខាងត្បូង​ឡាវ បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​រាប់រយ​នាក់​បាត់​ខ្លួន​តាម​ទឹក​។​

 
​លោក ថង សាវុន បាន​បញ្ជាក់ថា ទីតាំង​ទំនប់​វា​រី​អគ្គិសនី​នៅក្នុង​ខេត្ត Attapeu ប្រទេស​ឡាវ​នេះ មាន​ចម្ងាយ​ឆ្ងាយ​ពី​ខេត្ត​រតនគីរី ប្រទេស​កម្ពុជា ដូច្នេះ​វា​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ឡើយ​។ ម្យ៉ាងវិញទៀត ទឹក​ទំនប់​វា​រី​អគ្គិសនី ដែល​ហូរ​មកនេះ វា​នឹង​ធ្លាក់​ទៅតាម​ទន្លេសេសាន ទៅកាន់​ប្រទេស​ជាប់​ឡាវ ច្រើនជាង​កម្ពុជា​។ នេះ​ជាការ​បញ្ជាក់​ពី​ព័ត៌មាន​បឋម​របស់​អភិបាលខេត្ត​រតនគីរី​។​
 
​ហេតុការណ៍​បាក់​ទំនប់​វា​រី​អគ្គិសនី បានកើត​ឡើង​នៅ​រាត្រី​ថ្ងៃទី​២៣ ខែកក្កដា នៅក្នុង​ខេត្ត Attapeu ។ ទឹក​ចំនួន​៥​ពាន់​លាន​ម៉ែត្រ​គីប ត្រូវបាន​ហូរ​ចេញពី​ទំនប់ ដែល​សម្លាប់​មនុស្ស​ជាច្រើន និង​រាប់រយ​នាក់​ទៀត​បាន​បាត់​ខ្លួន​។ នេះ​បើតាម​ការ​ផ្សារ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​វា​រី​អគ្គិសនី​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន Xe Pien-Xe Namnoy Power Company ។ ផ្ទះ​ជាច្រើន​ខ្នង​នៅ​ផ្នែក​ខាងក្រោម​បាន​លិចលង់ និង​បោក​យកទៅ​តាម​ចរន្តទឹក ខណៈ​អាជ្ញាធរ​បាន​បើក​ប្រតិបត្តិការ​ជួយសង្គ្រោះ​ផង​៕ 
 
 

Tag:
 ថង សាវុន​
  រតនគីរី​
 ​ឡាវ​
© រក្សាសិទ្ធិដោយ thmeythmey.com