ជាតិ
បោះឆ្នោត
នយោបាយជាតិ
អតីតមន្ត្រីបក្សCNRPម្នាក់ និងអ្នកគាំទ្រ៤នាក់ កំពុងរងបណ្ដឹង ពាក់ព័ន្ធយុទ្ធនាការម្រាមដៃស្អាត រូបពីហ្វេសប៊ុកលោក ជា ជីវ
× ភ្នំពេញ៖ អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ និងសមាជិក៥នាក់ កំពុងរងបណ្ដឹងពាក់ព័ន្ធយុទ្ធនាការម្រាមដៃស្អាត ក្នុងគោលបំណងពហិការបោះឆ្នោត។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងស៊ើបអង្កេតលើករណីម្រាមដៃស្អាត ដែលប្ដឹងដោយមន្ត្រីគណបក្សប្រជាជនខេត្តបាត់ដំបង ។
មនុស្សចំនួន៥នាក់ ក្នុងចំណោម៣០នាក់ ដែលបានធ្វើយុទ្ធនាការម្រាមដៃស្អាត នៅខេត្តបាត់ដំបង បានរងការប្ដឹងផ្ដល់ពីសំណាក់គណបក្សប្រជាជនកម្ពុជា។ ពលរដ្ឋទាំង៥នាក់នេះ មានលោក ជា ជីវ អតីតប្រធានគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង និងអ្នកគាំទ្រ៤នាក់ទៀត គឺឈ្មោះ គ្រុយ គឹមសាំង , ពៅ តាំង ,មាំង ឈុន និង ថោង សារឿន។
គណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (គ.ជ.ប) ដែលទទួលបានពាក្យបណ្ដឹងខាងលើនេះ កំពុងស៊ើបអង្កេតតាមនីតិវិធីច្បាប់។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ថា បើរកឃើញភស្តុតាងត្រឹមត្រូវនោះ អ្នកទាំង៥នាក់នេះ អាចប្រឈមមុខនឹងការដាក់ពិន័យជាទឹកប្រាក់ចាប់ពី៥លានរៀល ដល់២០លានរៀល តាមមាត្រា១៤២ នៃច្បាប់ស្តីពីការបោះឆ្នោត ។
ចំណែកលោក ជា ជីវ អតីតប្រធានគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបងវិញ អាចប្រឈមទោសលើសពីការពិន័យប្រាក់ថែមទៀត ព្រោះបុគ្គលនេះ បានជាប់ឈ្មោះក្នុងបញ្ជីអ្នកនយោបាយ១០៨នាក់ ដែលត្រូវបានតុលាការហាមធ្វើសកម្មភាពនយោបាយ៥ឆ្នាំកន្លងមក។ នេះជាការបញ្ជាក់របស់លោក ហង្ស ពុទ្ធា។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យគ.ជ.ប រូបនេះ បានបញ្ជាក់ដូច្នេះថា៖«ពួកគាត់ទាំងនេះ អាចរងការផាកពិន័យតាមច្បាប់ បើស៊ើបទៅរកឃើញថា គាត់ពិតជាប្រព្រឹត្តខុសមែន។ ប៉ុន្តែបុគ្គល ជា ជីវ យើងនឹងជូនដំណឹងទៅតុលាការកំពូលពីរឿងនេះ។ ដូច្នេះការសម្រេចទោសអ្វីនោះ គឺវាអាស្រ័យលើតុលាការជាអ្នកសម្រេចទេ»។
បុគ្គលទាំង៥នាក់ ដែលរងបណ្តឹងពីគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបងនេះ បាននាំគ្នាជួបជុំនៅផ្ទះលោក ជា ជីវ នៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ កាលពីថ្ងៃទី១៩កក្កដា ដើម្បីធ្វើយុទ្ធនាការម្រាមដៃស្អាត។ ការធ្វើយុទ្ធនាការនេះ ត្រូវបានគណបក្សប្រជាជន ចាត់ទុកជាការរារាំងដល់ដំណើរការបោះឆ្នោត ទើបសម្រេចប្ដឹងមកគ.ជ.ប។
ទាក់ទងនឹងសកម្មភាពនៃយុទ្ធនាការមិនទៅបោះឆ្នោត កំពុងលេចឡើងជាបន្តបន្ទាប់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា សមត្ថកិច្ច កំពុងត្រួតពិនិត្យមើលសកម្មភាពពលរដ្ឋទាំងនោះ ដើម្បីកំណត់ថាតើសកម្មភាពរបស់ពួកគេ ពិតជារារាំងដល់សិទ្ធិពលរដ្ឋដទៃ មិនឲ្យទៅបោះឆ្នោតដែរទេ? ហើយបើរកឃើញពិតជារារាំងមែននោះ ពួកគេនឹងត្រូវទទួលទោសតាមច្បាប់។
ការផាកពិន័យនេះ មានចែងនៅក្នុងច្បាប់ស្តីពីការជ្រើសរើសតំណាងរាស្ត្រ ត្រង់ជំពូកទី១០ ស្តីពីទោសបញ្ញត្តិ នៃមាត្រា៤២ ចែងថា«ត្រូវផាកពិន័យជាប្រាក់ពី៥,០០០,០០០រៀល (ប្រាំលាន)រៀល ទៅ២០,០០០,០០០រៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណា ដែលតាមគ្រប់មធ្យោបាយទុច្ចរិត»៕
Tag:
ហង្ស ពុទ្ធា
CNRP
ម្រាមដៃស្អាត
គ.ជ.ប
© រក្សាសិទ្ធិដោយ thmeythmey.com