អន្តរជាតិ
រដ្ឋាភិបាល​វៀតណាម​បញ្ឈប់​ការផ្សាយ​របស់​គេហទំព័​រ​ព័ត៌មាន​ដ៏​មាន​ប្រជាប្រិយ​មួយ​
24, Jul 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​តៃប៉ិ ៖ កាលពី​ថ្ងៃទី ១៦ ខែកក្កដា​កន្លងទៅនេះ ប្រធាន​នាយកដ្ឋាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​ព័ត៌មាន​និង​ទូរគមនាគមន៍ បាន​បិទ​គេហទំព័រ​ព័ត៌មាន​មួយ​ដែលមាន​ឈ្មោះថា Tuoi Tre សម្រាប់​រយៈពេល ៣ ខែ​។ គេហទំព័រ​ព័ត៌មាន​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​បាន​រាយការណ៍​បញ្ហា​ជាច្រើន​ដូចជា​បញ្ហា​អំពើពុករលួយ​ជាដើម​។​



​គេហទំព័រ Tuoi Tre ក៏​ជា​សារព័ត៌មាន​មួយ​ផងដែរ ដែល​គ្រប់គ្រង​ដោយ​សហជីព​យុវជន​កុ​ម្មុយ​និ​ស្ត​ហូជីមិញ និង​ត្រូវបាន​គេ​ចោទប្រកាន់ថា​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​។ គេហទំព័រ​នេះ​ត្រូវបាន​គេ​ស្នើ​ឲ្យ «​កែតម្រូវ​ព័ត៌មាន​មិន​ពិត​» និង​ផាកពិន័យ​ជា​ប្រាក់​ចំនួន ៩ ពាន់ ៥ រយ​ដុល្លារ​អាមេរិក​។​នេះ​បើ​យោងតាម​សេចក្ដីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ Viet Nam News​។​

​ការផ្អាក​គេហទំព័រ​នេះ​បាន​ធ្វើឡើង បន្ទាប់ពី​រដ្ឋសភា​វៀតណាម​បានអនុម័ត​ច្បាប់​សន្តិសុខ​តាម​អ៊ីនធឺណិត​ដែលជា​ច្បាប់​មួយ​គ្រប់គ្រង​លើ​ការប្រើប្រាស់​អ៊ីនធឺណិត កាលពី​ខែមិថុនា​កន្លងទៅនេះ និង​បន្ទាប់ពី​មានការ​ចាប់ខ្លួន​កាលពីពេល​ថ្មីៗ​នេះ​ចំពោះ​អ្នកសរសេរ​ប្លុក​ដែល​សរសេរ​ចោទសួរ​ទៅលើ​រដ្ឋាភិបាល​វៀតណាម​។​

​លោក Murray Hiebert នាយករង​កម្មវិធី​អាស៊ីអាគ្នេយ៍​នៃ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្ដរជាតិ CSIS នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក បាន​មានប្រសាសន៍ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​គួរតែ​កត់សម្គាល់​ទុក​ចំពោះ​បញ្ហា​នេះ​។​

​លោក Hiebert បាន​និយាយថា​៖ «​ខ្ញុំ​គិតថា ការបិទ​គេហទំព័រ Tuoi Tre នេះ​គឺជា​ការព្រមាន​មួយ​ដែល​សំដៅ​ឆ្ពោះ​សារព័ត៌មាន​នេះ និង​សារព័ត៌មាន​ផ្សេងៗ​ទៀត​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​បន្ថែមទៀត​។ រដ្ឋាភិបាល​វៀតណាម​មា​ន​ការ​វិលវល់​ដោយសារតែ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នកសរសេរ​ប្លុក​នានា​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកហើយ​»​។​

​ភាព​ប្រយ័ត្នប្រយែង​ចំពោះ​សេរីភាព​បញ្ចេញមតិ​

​លោក Hiebert បាន​និយាយថា ចាប់តាំងពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាម និង​បណ្ដាញ​សង្គម​បាន​រាយការណ៍​អំពី​ការងា​ប់រប​ស់ត្រី​សមុទ្រ​ជាច្រើន​ដែល​ដែល​បណ្ដាលមកពី​ការបំពុល​ដែលមាន​ទំនាក់ទំនង​ទៅនឹង​រោងចក្រ​ដែកថែប​មួយ​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​តៃវ៉ាន់​កាលពី ២ ឆ្នាំមុន​មក រដ្ឋាភិបាល​វៀតណាម​បាន​បង្កើន​ការគ្រប់គ្រង​លើ​អត្ថបទ​ព័ត៌មាន​នានា​។​

​លោក Hiebert បាន​បន្ថែមថា ក្រុមមន្ត្រី​សន្តិសុខ​វៀតណាម​បានធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​កាលពី​ឆ្នាំមុន «​ដើម្បី​ពិភាក្សា​រក​វិធី​គ្រប់គ្រង​អ៊ីនធឺណិត​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​»​។​

​ប្រទេស​ចិន​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រទេសមួយ​ដែលមាន​ត្រួតពិនិត្យ​ដ៏​តឹងតែង​លើ​អត្ថបទ​នានា​នៅលើ​អ៊ីនធឺណិត​។ ខុសពី​ប្រទេស​ចិន ប្រទេស​វៀតណាម​មិនសូវ​ទប់ស្កាត់​គេហទំព័រ​ផ្សេងៗ​ប៉ុន្មាន​ទេ​។​

​អ្នកជំនាញ​នានា​បាន​និយាយថា ការចាប់ខ្លួន​អ្នកសរសេរ​ប្លុក​ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ ២០១៦ និង​ឆ្នាំ ២០១៧ បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការមិនសប្បាយចិត្ត​រប​ស់​រដ្ឋាភិបាល​វៀតណាម​ចំពោះ​ការបញ្ចេញមតិ​របស់​សាធារណជន​អំពី​អំពើពុករលួយ និង​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការបរាជ័យ​ក្នុងការ​សម្រេច​កិច្ចការ​ក្នុងចំណោម​មន្ត្រី​រដ្ឋាភិបាល​នានា​។ អ្នកសរសេរ​ប្លុក​ម្នាក់​ដែល​បាន​បញ្ជាក់ថា បញ្ហា​ត្រី​សមុទ្រ​ងាប់​ទាំងនោះ​គឺ​បណ្ដាលមកពី​រដ្ឋាភិបាល​ដ៏​ទន់ខ្សោយ​នោះ ត្រូវបាន​តុលាការ​ផ្ដន្ទាទោស​អោយ​ជាប់ពន្ធនាគារ ១០ ឆ្នាំ កាលពី​ឆ្នាំមុន​។​

​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម​បានស្នើ​ឲ្យ​មានការ​បង្កើត «​ច្បាប់​គ្រប់គ្រង​សន្តិសុខ​តាម​អ៊ីនធឺណិត​» កាល​ពីមួយ​ឆ្នាំមុន ដើម្បី​ឲ្យ​ខ្លួន​អាចមាន​អំណាច​បន្ថែមទៀត​ដើម្បី​ហាមឃាត់​រាល់​អត្ថបទ និង​សកម្មភាព​ទាំងឡាយណា​ដែល​ប្រឆាំង​រដ្ឋាភិបាល​។ នៅ​ទីបំផុត បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​របស់​ប​រទេស​នានា​ប្រហែលជា​តម្រូវ​ឲ្យ​ផ្ទុក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ជនជាតិ​វៀតណាម​នៅក្នុង​ប្រទេស​វៀតណាម និង​លុបចោល​អត្ថបទ​ដែល​ហាមឃាត់​ទាំងនោះ «​ភ្លាមៗ​» ប្រសិនបើ​មានការ​ស្នើឡើង​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Hiebert​។​

​អ្នកខ្លះ​ខ្លាច​ថា បន្ទាប់ពី​ច្បាប់​នេះ​ត្រូវ​បានអនុម័ត​នៅ​ប្រហែលជា​កន្លះ​ឆ្នាំ​ខាងមុខនេះ​មក ច្បាប់​នេះ​អាច​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ស្នើ​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​នានា​ឲ្យ​ចែករំលែក​ព័ត៌មាន​អំពី​អ្វីដែល​អ្នក​ប្រើ​ធម្មតា​បញ្ចេញមតិ​តាម​អ៊ីនធឺណិត​។ ច្បាប់​នេះ​បាន​ជំរុញ​ឲ្យ​មានការ​ធ្វើបាតុកម្ម​តាម​ដងផ្លូវ​មួយចំនួន​នៅ​ទូទាំងប្រទេស​វៀតណាម​កា​លពី​ខែមិថុនា​កន្លងទៅនេះ​។​

​លោក Frederick Burke ដែលជា​ដៃគូ​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន​ច្បាប់ Baker McKenzie នៅក្នុង​ទីក្រុង​ហូជីមិញ បាន​ថ្លែងថា​៖ «​ច្បាប់​សន្តិសុខ​តាម​អ៊ីនធឺណិត​នេះ​ពិតជា​បង្កើន​នូវ​ហានិភ័យ​បន្ថែមទៀត​សម្រាប់​អ្នក​ដែល​បង្ហោះ​សារ​នៅលើ​អ៊ីនធឺណិត​។ អ្នក​ទាំងនោះ​នឹងត្រូវ​ប្រុងប្រយ័ត្ន​បន្ថែមទៀត​»​។​

​លោក Burke បាន​និយាយថា ការផ្អាក​គេហទំព័រ Tuoi Tre នេះ គឺជា​លើកដំបូង​ហើយ​សម្រាប់​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ​នៅក្នុង​ប្រទេស​វៀតណាម​។​

​ស្វែងរក​ការឯកភាព​ជាតិ​

​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (Reporters Without Borders) បានបញ្ជាក់​កាលពី​ទី ១៩ ខែកក្កដា​កន្លងទៅនេះ​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការផ្អាក​គេហទំព័រ​ព័ត៌មាន​នេះ​ថា ខ្លួន​មានការ «​ភ្ញាក់ផ្អើល​ដែល​ឃើញ​ដូច្នេះ​។ បន្ទាប់ពី​ធ្វើទុក្ខបុកម្នេញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មក អាជ្ញាធរ​ពេលនេះ​កំពុង​សំដៅ​ទៅលើ​អ្នក​ដែល​ធ្វើតាម​គោលការណ៍​របស់​គណបក្ស​។​

​លោក Carl Thayer សាស្ត្រាចារ្យ​ឯកទេស​ខាង​កិច្ចការ​អាស៊ីអាគ្នេយ៍​នៃ​សាកលវិទ្យាល័យ New South Wales ក្នុងប្រទេស​អូស្ត្រាលី បាន​ថ្លែងថា គេហទំព័រ Tuoi Tre​ត្រូវបាន​ផ្អាក​គឺ​ដោយសារតែ​សេចក្ដីរាយការណ៍​មួយ​របស់​គេហទំព័រ​នេះ ដែល​បាន​ដកស្រង់​សម្ដី​ប្រធានាធិបតី​វៀតណាម​លោក Tran Dai Quang ។​

​លោក Carl Thayer បាន​និយាយថា របាយការណ៍​នោះបាន​សរសេរថា លោក​ប្រធានាធិបតី Tran Dai Quang មាន «​ការអាណិតអាសូរ​» ចំពោះ​ការធ្វើ​បាតុកម្ម​ប្រឆាំង​ប្រទេស​ចិន​នៅក្នុង​ប្រទេស​វៀតណាម​កា​លពី​ខែមិថុនា​កន្លងទៅនេះ​។​

​លោក Carl Thayer បាន​បន្ថែមថា អ្នក​ដែល​រាយការណ៍​ព័ត៌មាន​នេះ​ត្រូវបាន​ចោទប្រកាន់ថា​បានធ្វើឱ្យ «​ប៉ះពាល់​ដល់​ឯកភាព​ជាតិ​»​។​

​រដ្ឋាភិបាល​វៀតណាម​មា​ន​មោទនភាព​នៅក្នុង​ការបង្រួបបង្រួម​វៀតណាម​ខាងជើង និង​វៀតណាម​ខាងត្បូង ដែល​វៀតណាម​ទាំងពីរ​បាន​បែក​ជា​ពីរ​ដូចនេះ​រហូត​ទាល់តែ​ពេលដែល​ពួក​កុ​ម្មុយ​និ​ស្ត​បាន​ឡើងកាន់​អំណាច​កាលពី​ទសវត្សរ៍ ១៩៧០​។​

​លោក Trung Nguyen ព្រឹទ្ធបុរស​ដេ​ប៉ា​តឺ​ម៉​ង់​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម​និង​មនុស្សសាស្ត្រ នៅក្នុង​ទីក្រុង​ហូជីមិញ បាន​និយាយថា មន្ត្រី​រដ្ឋាភិបាល​វៀតណាម​ប្រហែលជា​ខឹងសម្បារ​ចំពោះ​ការរាយការណ៍​ម្ដង​ហើយ​ម្ដងទៀត​អំពី​អំពើពុករលួយ​។​

​រដ្ឋាភិបាល​វៀតណាម​បាន​ចាប់ខ្លួន​មនុស្ស​ជាច្រើន​នាក់​ពី​ក្រុមហ៊ុន​ប្រេង​របស់​រដ្ឋ​ដែលមាន​ឈ្មោះថា Petro Vietnam ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ដែល​ករណីនេះ​ជា​អ្វីដែល​ក្រុមអ្នកវិភាគ​ហៅថា​ជា​វិធានការ​ដើម្បី​បង្ហាញ​សាធារណជន​ឲ្យ​បាន​ឃើញថា ខ្លួន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ការ​បោសសម្អាត​អំពើពុករលួយ​នៅក្នុង​ជួរ​រដ្ឋាភិបាល​។​

​ប្រជាពលរដ្ឋ​វៀតណាម​ទូទៅ​បាន​អំពាវនាវ​ចង់បាន​រដ្ឋា​ភិ​បាល​ស្អាតស្អំ​ជាង​មុន​មួយ ដោយសារតែ​ពួកគេ​បាន​បញ្ជាក់ថា នៅពេល​បច្ចុប្បន្ននេះ មាន​អំពើ​សូកប៉ាន់​ឲ្យ​ប៉ូលិស និង​ភាពមិនប្រក្រតី​ផ្សេងៗ​កើតឡើង​នៅក្នុង​ដំណើរការ​អនុញ្ញាត​ឲ្យ​មាន​ការធ្វើ​អាជីវកម្ម​។​

​សារព័ត៌មាន​វៀតណាម​បាន​រាយការណ៍​កាលពីពេល​នោះ​ថា នៅឯ​សន្និបាត​មួយ​កាលពី​ខែឧសភា គណៈកម្មាធិការ​កណ្ដាល​របស់​គណ​បក្សកុម្មុយនិស្ត​វៀតណាម បានអនុម័ត​សេចក្ដីសម្រេច​មួយ​ដើម្បី​តាមដាន​ពិនិត្យមើល​សមាជិក​រប​ស់​ខ្លួន​ដោយ​តឹងរ៉ឹង​បំផុត​មិន​ឲ្យ​ប្រព្រឹត្តិ​អំពើពុករលួយ​ណាមួយ​ឡើយ​។​

​លោក Nguyen បាន​បញ្ជាក់ថា មន្ត្រី​រដ្ឋាភិបាល​វៀតណាម​ចង់​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​និន្នាការ​នៅក្នុង​សង្គម «​ដោយ​មិន​លម្អៀង​» ប៉ុន្តែ​ត្រូវ​រាយការណ៍​តំណាង​ឲ្យ​រដ្ឋាភិបាល ក្នុង «​សំឡេង​បង្រួបបង្រួម​» តែមួយ​។​

​លោក Nguyen បាន​និយាយថា​៖ «​ខ្ញុំ​គិតថា​រដ្ឋាភិបាល​វៀតណាម​នឹង​ចាត់វិធានការ​គ្រប់គ្រង​ទាំងស្រុង​លើ​អត្ថបទ​នានា​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយសារតែ​ស្របទៅតាម​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ កាសែត​ខ្លះ​ត្រូវបាន​គេ​ចោទប្រកាន់ថា​បាន​ផ្សព្វផ្សាយ​ជ្រុល​ហួសហេតុ​ពេក​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com