ជាតិ
សង្គមជាតិ
អភិបាលខេត្ត​ព្រះសីហនុ និង​មន្ត្រីជាន់ខ្ពស់​ចិន រួមគ្នា​ដោះស្រាយ​អសន្តិសុខ​ដែល​បង្កដោយ​ជនជាតិ​ចិន​
24, Jul 2018 , 6:22 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ
រូបភាពពីហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ
ដោយ:
​កម្ពុជា​-​ចិន បាន​បង្កើន​កិច្ច​សហប្រតិបត្តិ​ជាមួយគ្នា​លើ​វិស័យ​ជាច្រើន​។ កិច្ចសហប្រតិបត្តិការ​នេះ លំហូរ​នៃ​ជនជាតិ​ចិន ដែល​បាន​ចូលមក​វិនិយោគ និង​រស់នៅ​កម្ពុជា​ជាច្រើន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ​។ ការមកដល់​ទាំង​អ្នកវិនិយោគ និង​អ្នក​មក​ធ្វើការ​នៅ​ខេត្ត​ព្រះសីហនុ​នេះ មាន​ជនជាតិ​ចិន​មួយចំនួន មិន​គោរព​ច្បាប់​កម្ពុជា ហើយ​បាន​បង្ក​អសន្តិសុខ និង​បង្កើតជា​បទល្មើស​ផ្សេងៗ​។ មន្ត្រីជាន់ខ្ពស់​នៃ​ស្ថានទូត​ចិន បាន​ប្រាប់​ទៅ​អភិបាលខេត្ត​ព្រះសីហនុ​ថា បើ​មាន​ជនជាតិ​ចិន​ណាប​ង្ក​អសន្តិសុខ ត្រូវ​ផ្ដល់ដំណឹង​ទៅ​ស្ថានទូត ដើម្បី​ចាត់ការ​ជនជាតិ​នោះ​។


 
 
​ភារៈធារី​នៃ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក ជា លី បាន​ប្រាប់​ទៅ​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន ថា ការផ្ដល់​ដំណឹង​នេះ​ឲ្យ​ស្ថានទូត​ចិន ដើម្បី​ជួយ​សហការ​ដោះស្រាយ ដោយ​ធ្វើយ៉ាងណា​ឱ្យ​សាធារណជន​ទូទៅ មាន​ទំនុកចិត្ត និង​ឥត​ព្រួយបារម្ភ​អំពី​អសន្តិសុខ ដែល​កើតឡើង​ចំពោះមុខ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាលខេត្ត​ព្រះសីហនុ​។​
 
​ការលើកឡើង​របស់លោក ជា លី គឺធ្វើឡើង​នៅក្នុង​ជំនួប​ជាមួយ​លោក យន្ត មីន លើ​ការពង្រឹង​សន្តិសុខ​សុវត្ថិភាព និង​ការអភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ ខណៈ​ក្រុមហ៊ុន​វិនិយោគ​ចិន ចាប់អារម្មណ៍​យ៉ាងខ្លាំង​លើ​ខេត្ត​នេះ​។ លោក ជា លី បាន​សរសើរ​លោក យន្ត មីន ថា បាន​ដឹកនាំ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ឱ្យមាន​ការរីកចម្រើន​លឿន គួរឱ្យកត់សម្គាល់ ហើយ​ថ្មីៗ​នេះ វត្តមាន​អាគារ​ខ្ពស់ៗ បាន​នឹង​កំពុង​រីក​ព្រោងព្រាត​នៅក្នុង​ខេត្ត​មួយ​នេះ​។
 
​លោក ជា លី បាន​បន្តទៀតថា ក្នុងនាម​ស្ថានទូត​ចិន ក៏​ជា​ប្រទេស​ចិន មានការ​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ប្តេជ្ញា​ជំរុញឱ្យមាន​ការអភិវឌ្ឍ​ថែមទៀត លើ​វិស័យ​វិនិយោគ​និង​សន្តិសុខ​ផងដែរ​។​
 
​ជាការ​ឆ្លើយតប លោក យន្ត មីន មានប្រសាសន៍ថា ខេត្ត​ព្រះសីហនុ ស្វាគមន៍​អ្នកវិនិយោគ និង​អ្នកទេសចរ​គ្រប់​សញ្ជាតិ​ដោយ​ឥត​កាន់​ថា​សាសន៍​ណា​ឡើយ​។ ហើយ​ក្នុងនាម​ថ្នាក់ដឹកនាំ​ខេត្ត លោក សូម​ធានា​ចំពោះ​សន្តិសុខ សុវត្ថិភាព​ដល់​គ្រប់​ជាតិ​សាសន៍ មិន​ថា​ពលរដ្ឋ​ខ្មែរ អ្នកវិនិយោគ និង​ភ្ញៀវទេសចរ​ណា​ទេ​។ 
 
​លោក បញ្ជាក់​ដូច្នេះ​ថា​៖«​ខេត្ត​ព្រះសីហនុ មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការការពារ​ទប់ស្កាត់ ដើម្បី​បុព្វហេតុ​សន្តិសុខ សុវត្ថិភាព កុំឱ្យ​មានការ​ព្រួយបារម្ភ​អ្វី​ឡើយ​»៕

Tag:
 ​កម្ពុជា​
  ចិន​
 ​ យន្ត មីន​
 ​ ជា លី​
© រក្សាសិទ្ធិដោយ thmeythmey.com