ជាតិ
អាជ្ញាធរខេត្ត​ស្ទឹងត្រែង ប្រាប់​ឲ្យពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេសេកុង​, សេ​សាន​, ស្រែ​ពក និង​ទន្លេមេគង្គ ត្រៀម​បង្ការ​ទឹកជំនន់​ពី​ឡាវ​
24, Jul 2018 , 10:20 pm        
រូបភាព
ពលរដ្ឋរងគ្រោះនៅប្រទេសឡាវឈរលើដំបូងផ្ទះរង់ចាំការសង្គ្រោះ(រូបភាព៖ Metro)
ពលរដ្ឋរងគ្រោះនៅប្រទេសឡាវឈរលើដំបូងផ្ទះរង់ចាំការសង្គ្រោះ(រូបភាព៖ Metro)
​ភ្នំពេញ​៖ ​រដ្ឋបាលខេត្ត​ស្ទឹងត្រែង បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេសេកុង ទន្លេសេសាន ស្រែ​ពក និង​ទន្លេមេគង្គ​ប្រុងប្រយ័ត្ន និង​ត្រៀម​បង្ការ​គ្រោះទឹកជំនន់ ដែល​បណ្ដាលមកពី​ការបាក់​ទំនប់​វា​រី​អគ្គិសនី នៅក្នុង​ប្រទេស​ឡាវ​។



​រដ្ឋបាលខេត្ត​ស្ទឹងត្រែង គូសបញ្ជាក់ថា ទឹកប្រមាណ​៥.០០០​លាន​ម៉ែត្រគូបពី​ទំនប់​វា​រី​អគ្គិសនី សេ​ពាន​សេណា​មណ​យ ក្នុងប្រទេស​ឡាវ នឹង​ហូរ​ក្នុង​ល្បឿនលឿន​បំផុត ចូល​ទន្លេសេកុង ក្នុងភូមិ​សាស្ត្រ​ស្រុក​សៀម​ប៉ាង ហើយ​បន្ត​ហូរ​ចុះទៅ​ផ្នែក​ខាងក្រោម​ចូលទៅ​ទន្លេសេសាន ស្រែ​ពក និង​ទន្លេមេគង្គ​។ អាជ្ញាធរខេត្ត​ដដែល អំពាវនាវ​ឲ្យ​រដ្ឋ​ក្នុង​ខេត្ត​ស្តឹង​ត្រែង ពិសេស​ពលរដ្ឋ​ដេ​ល​រស់នៅ​ក្បែរ​ទន្លេ និង​តាម​ដង​ទន្លេសេកុង រួមទាំង​ស្រុក​សៀម​ប៉ាង ស្រុក​សេសា​ន ក្រុង​ស្ទឹងត្រែង ស្រុក​ថា​ឡាប​រី​វ៉ា​ត់ និង​ស្រុក​សៀម​បូក សូម​ប្រុងប្រយ័ត្ន និង​ត្រៀម​បង្ការ​ខ្ពស់ ពី​ករណី​ទឹកជំនន់​នេះ​។ នេះ​បើតាម​ការជូនដំណឹង​ដដែល​។​
 
​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបញ្ជាក់​លម្អិត​ពី​លោក​អភិបាលខេត្ត​ស្ទឹងត្រែង​បានទេ ទាក់ទង​នឹង​ស្ថានភាព​នៅក្នុង​ខេត្ត​នៅពេលនេះ​។ លោក​បញ្ជាក់បាន​ត្រឹម​ថា កំពុង​ជាប់រវល់​ដោះស្រាយ​បញ្ហា​គ្រោះមហន្តរាយ​។​
 
​ទំនប់​វា​រី​អគ្គិសនី សេ​ពាន​សេណា​មណ​យ ដែល​ស្ថិតនៅ​ខេត្ត​អត្ត​ពី ភាគខាងត្បូង​ប្រទេស​ឡាវ បាន​បាក់​កាលពី​យប់​ថ្ងៃទី ២៣ កក្កដា​។ មនុស្ស​រាប់រយ​នាក់ ត្រូវបាន​រាយការណ៍​ថា​បាន​បាត់​ខ្លួន និង​មួយចំនួន​បាន​ស្លាប់ ខណៈ​ផ្ទះសម្បែង​ជាច្រើន​ខ្នង​បាន​លិច​៕

Tag:
 ទឹកជំនន់​
 ​បាក់​ទំនប់​
 ​ស្ទឹងត្រែង​
 ​​សេកុង​
 សេសាន​
 មេគង្គ
 ឡាវ​
© រក្សាសិទ្ធិដោយ thmeythmey.com