កីឡាអន្តរជាតិ
អន្តរជាតិ
Barca ប្រជែងឈ្នះ Roma ដើម្បីយក Malcom ពី Bordeaux ក្នុងតម្លៃ ៤៨លានដុល្លារ
× Barcelona បានបញ្ចប់ការផ្ទេរដោយជោគជ័យដើម្បីចុះហត្ថលេខានាំយក Malcom ពី Bordeaux ក្នុងតម្លៃ ៣៦,៥ លានផោន (៤៨លានដុល្លារអាមេរិក) នៅក្រោយមួយថ្ងៃបន្ទាប់ពី Roma បាននិយាយថាពួកគេកំពុងស្ថិតក្នុងការចរចាយកខ្សែបម្រើសញ្ជាតិប្រេស៊ីលនេះផងដែរ។
គេហទំព័រផ្លូវការរបស់ Barcelona ចុះផ្សាយថា Malcom Filipe Silva de Oliveira វ័យ២ ១ឆ្នាំបានយល់ព្រមផ្លាស់ពីទឹកដីបារាំងទៅចូលរួមជាមួយក្លិបយក្សអេស្ប៉ាញដោយចុះកិច្ចសន្យារយៈពេល ៥ឆ្នាំ។
ជុំវិញការផ្ទេរ Malcom ក្លិប Roma ក៏បានប្រកាសកាលពីថ្ងៃទី២៣ ខែកក្កដាដែរថាពួកគេបានខិតជិតឈានដល់កិច្ចព្រមព្រៀងជាមួយ Bordeaux ទៅហើយ ដោយយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួន និងត្រៀមដល់ការធ្វើតស្ត៍ពិនិត្យសុខភាពទៀតផង។
តែយ៉ាងណា អតីតសមាជិក Corinthians បានទៅដល់ទឹកដី Cam Nou ដើម្បីពិនិត្យសុខភាពនៅថ្ងៃពុធ ទី២៥នេះ និងត្រៀមចូលរួមជាមួយក្រុមក្នុងការប្រកួតកំដៅសាច់ដុំមុនបើករដូវកាលថ្មី។
Malcom ដែលមិនធ្លាប់លេងឲ្យជម្រើសជាតិប្រេស៊ីលនៅឡើយ បានរកគ្រាប់បាល់បាន២០គ្រាប់ ក្នុងការបង្ហាញខ្លួន៨៤ប្រកួតសម្រាប់ Bordeaux ក្នុងក្របខណ្ឌ Ligue 1 ក្រោយផ្លាស់ពី Corinthians ក្នុងឆ្នាំ២០១៦។
Malcom ជាកីឡាករប្រេស៊ីលទី២ បន្ទាប់ពីខ្សែបម្រើ Arthur វ័យ២១ឆ្នាំដែលបានផ្លាស់ពី Gremio មកកាន់ម្ចាស់ការពារជើងឯក La Liga នៅរដូវកាលនេះ ក្នុងតម្លៃ ៣៥,៥ លានផោន (៤៦លានដុល្លារអាមេរិក)។ ខ្សែបម្រើរូបនេះក៏ជាកីឡាករប្រេស៊ីទី៤០ផងដែរ ដែលបានមកចូលរួមជាមួយក្លិបរហស្សនាមអ្នកមានបុណ្យនេះ៕
Tag:
បាល់ទាត់
Malcom
Bordeaux
Barcelona
Roma
© រក្សាសិទ្ធិដោយ thmeythmey.com