ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
លោក ខៀវ សុភ័គ​៖ អ្នកគាំទ្រ​CNRP ៤០​នាក់ កំពុង​ប្រឈម​ទោស​តាមច្បាប់ ដោយសារ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​
25, Jul 2018 , 2:55 pm        
រូបភាព
​ភ្នំពេញ​៖ អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់ កំពុង​ប្រឈម​ទោស​តាមច្បាប់ ពាក់ព័ន្ធ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​។ ពួកគេ នឹង​ទទួលរង​ការផាកពិន័យ​ពី​៥​លាន ទៅ​២០​លាន​រៀល​។ នេះ​បើតាម​ក្រសួងមហាផ្ទៃ​។​



​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចន្លោះ​ពី​៣០​នាក់ ទៅ​៤០​នាក់ កំពុង​រង​បណ្ដឹង​ពាក់ព័ន្ធ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​។ បណ្ដឹង​ទាំងនោះ ស្ថិតនៅក្នុង​ដៃ​សមត្ថកិច្ច​។ នេះ​ជាការ​បញ្ជាក់​របស់លោក ខៀវ សុភ័គ ដែល​ទទួលបាន​របាយ​ការណ៍​ពី​ស្នងការ​ក្រុង បាន​បន្ថែមថា បណ្ដឹង​ភាគច្រើន​មកពី​គណបក្ស​ប្រជាជន ប្ដឹងទៅ​អតីត​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​ខេត្តបាត់ដំបង និង​ក្រចេះ​ជាដើម​។ បើតាម​លោក ខៀវ សុភ័គ ពលរដ្ឋ​ដែល​រង​បណ្ដឹង​នេះ អាច​ប្រឈមមុខ​តាមច្បាប់​ស្តីពី​ការបោះឆ្នោត ត្រង់​មាត្រា​១៤២ ពីបទ​រារាំង​ការបោះឆ្នោត​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​មិន​ចាប់ខ្លួន​ពួកគេ​ទេ ប៉ុន្តែ​យើង​គ្រាន់តែ​អនុវត្តតាម​ច្បាប់បោះឆ្នោត តាម​បណ្ដឹង​ដែល​ខាង​គណបក្ស​ប្រជាជន​ប្ដឹង​។ ប៉ុន្តែ​មិនមែន​តែ​គណបក្ស​ប្រជាជន​ទេ គណបក្ស​ណា​ក៏មាន​សិទ្ធិ​ប្ដឹង​លើ​អ្នកធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​ដែរ បើសិនជា​គិតថា​យុទ្ធនាការ​នេះ ប៉ះពាល់​ដល់​ការបោះឆ្នោត​។ ហើយ​បើ​សួរ​ខ្ញុំ​ថា ពួកគេ​ពិតជា​ធ្វើ​ឲ្យ​រារាំង​ការបោះឆ្នោត​ដែរ​ទេ​? ខ្ញុំ​សូម​ឆ្លើយថា សកម្មភាព​នេះ​ពិតជា​រារាំង​ការបោះឆ្នោត​មែន ដោយ​មិន​ចាត់​ចូល​ជា​ទោស​ព្រហ្មទណ្ឌ​»​។​



​តែ​យ៉ាងណា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជាក់ថា បណ្ដឹង​ក្នុង​ដៃ​ដែល​គ​.​ជ​.​ប​កំពុង​ដោះស្រាយ​នោះ មាន​ចំនួន​៥ ដែល​ក្នុងនោះ​មាន​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តបាត់ដំបង​ម្នាក់ និង​អ្នកគាំទ្រ​៤​នាក់ ។ បើតាម​លោក ហង្ស ពុទ្ធា គ​.​ជ​.​ប​កំពុង​ដោះស្រាយ​បញ្ហា​អ្នកគាំទ្រ​៤​នាក់ នៅត្រឹម​គណៈកម្មាធិការ​ជាតិ​រៀបការ​បោះឆ្នោត​ខេត្ត នៅ​ថ្ងៃទី​២៥ កក្កដា​នេះ​។ ចំណែក​លោក ជា ជីវ អតីតមន្ត្រី​បក្សប្រឆាំង ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​អ្នកនយោបាយ​១០៨​នាក់ ដែល​ត្រូវបាន​ហាម​ធ្វើ​នយោបាយ​៥​ឆ្នាំ​នោះ ត្រូវ​បន្ត​ដោះស្រាយ​នៅ​តុលាការ​កំពូល​។ រឿង​រាវ​របស់​អ្នក​ទាំង​៥​ខាងលើនេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​១៩ កក្កដា នៅពេលដែល​ពួកគេ បាន​ជួបជុំគ្នា​នៅក្នុង​ផ្ទះ​លោក ជា ជីវ ដើម្បី​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​។ យុទ្ធនាការ​នេះ ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុក​ជាការ​បំផុស​មិន​ឲ្យ​ពលរដ្ឋ​ដទៃទៀត​ទៅ​បោះឆ្នោត ទើប​សម្រេច​ប្ដឹងទៅ​គ​.​ជ​.​ប​។​

 ​នៅក្នុង​ច្បាប់​ស្តីពី​ការជ្រើសរើស​តំណាងរាស្ត្រ ត្រង់​ជំពូក​ទី​១០ ស្តីពី​ទោស​បញ្ញត្តិ នៃ​មាត្រា​៤២ ចែងថា​«​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ពី​៥,០០០,០០០​រៀល (​ប្រាំ​លាន​)​រៀល ទៅ​២០,០០០,០០០​រៀល ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដោយ​ពុំទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត ចំពោះ​ជន​ណា ដែល​តាម​គ្រប់​មធ្យោបាយ​ទុច្ចរិត​»៕


Tag:
 ខៀវ សុភ័គ​
  CNRP
  ម្រាមដៃ​ស្អាត​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com