ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
គ​.​ជ​.​ប​. ៖ ទឹកជំនន់ មិនមែនជា​ឧបសគ្គ​ក្នុងការ​បោះឆ្នោត​ឡើយ​
25, Jul 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​និយាយថា បញ្ហា​ទឹកជំនន់ មិនមែនជា​ឧបសគ្គ សម្រាប់​ការបោះឆ្នោត​ឡើយ​។ គ​.​ជ​.​ប កំពុង​ត្រៀម​វិធានការ​ដោះស្រាយ​បញ្ហា​បោះឆ្នោត​នេះ​។



​បើទោះជា​តំបន់​មួយចំនួន កំពុង​រង​ការលិចលង់​ដោយសារ​ទឹកភ្លៀង​ក្តី តែ​វា​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការបោះឆ្នោត​នោះទេ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប​.។  លោក ​បាន​បន្ថែមថា ក្នុងករណី​មាន​តំបន់ ឬ​ការិយាល័យ​ណាមួយ​ជន់​លិច​ទាំងស្រុង មិនអាច​បោះឆ្នោត​បាន​នោះ គ​.​ជ​.​ប​. នឹង​ស្វែងរក​ទីទួល​មាន​សុវត្ថិភាព​ក្បែរៗ​នោះ ដើម្បី​បម្រើ​ដល់​ការបោះឆ្នោត​។ ចំណែក​ពលរដ្ឋ​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​ការិយាល័យ​រង​ការលិចលង់​នេះ ត្រូវ​ទៅ​បោះឆ្នោត​នៅ​ការិយាល័យ​ដដែល​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ហង្ស ពុទ្ធា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ការលើក​ផែនការ​ការិយាល័យ​បោះឆ្នោត​នេះ មិនមែនជា​លើក​ទី​១ រប​ស់គ​.​ជ​.​ប​. ទេ​។ គ​.​ជ​.​ប​. មិន​ធ្លាប់​បរាជ័យ​ក្នុង​ការលើក​ទីតាំង​ការិយាល័យ​ឡើយ ហើយគ​.​ជ​.​ប មាន​ផែនការ​បង្ការ​ទុក​មុន​ផងដែរ​»​។​

​ក្រោយ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ នឹង​បាក់​ទំនប់​វា​រី​អគ្គស​នី​របស់​ឡាវ បានធ្វើ​ឲ្យ​ទឹក​ជន់​លិច​តំបន់​មួយចំនួន ក្នុង​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ និង​កម្ពុជា​-​វៀតណាម​។ គិត​ត្រឹម​ថ្ងៃទី​២៥ ខែកក្កដា ទឹកជំនន់​បាន​លិច​ចូល​ភូមិ​សរុប​ចំនួន ១៧ ភូមិ ក្នុង​ឃុំ​ថ្មកែវ ឃុំ​សន្តិភាព ឃុំ​សេកុង និង​ឃុំ​ស្រែ​សំបូរ ខណៈ​ទឹក​ទន្លេសេកុង បាន​បន្ត​កើន​ឡើងដល់​កម្ពស់ ១១,៣៨ ម (​កម្រិត​កម្ពស់​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន ១១,៥០ ម​) ។ ស្រប​ពេលដែល​អាជ្ញាធរខេត្ត កំពុង​បន្ត​ជម្លៀស​ប្រជាពលរដ្ឋ​ទៅកាន់​ទីទួល​សុវត្ថិភាព​។ ក្រៅពី​តំបន់​នេះ ក៏មាន​ទីតាំង​ផ្សេង ក្នុង​ខេត្ត​ដទៃទៀត កំពុង​ជួប​បញ្ហា​ជំនន់​ទឹកភ្លៀង​ដែរ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​៕


Tag:
 បោះឆ្នោត​
 ​ទឹកជំនន់​
  គ​.​ជ​.​ប​
 ​នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com