ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
ទូត​អាមេរិក ប្រាប់​ពលរដ្ឋ​ខ្លួន​ឲ្យ​ប្រយ័ត្ន​ពី​សុវត្ថិភាព ក្នុងអំឡុងពេល​បោះឆ្នោត​នៅ​កម្ពុជា​
25, Jul 2018 , 9:39 pm        
រូបភាព
លោក william heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា
លោក william heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា
ដោយ: ថ្មីៗ
​ស្ថានទូត​អាមេរិក បាន​ផ្ញើ​សារ ទៅកាន់​ប្រជាពលរដ្ឋ​របស់ខ្លួន ដែល​កំពុង​រស់នៅ និង​ធ្វើដំណើរ​កម្សាន្ត​ក្នុង​ប្រ​ទស​កម្ពុជា ឲ្យ​ប្រុងប្រយ័ត្ន​ពី​សុវត្ថិភាព ចំពោះ​ព្រឹត្តិការណ៍​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ ស្ថានទូត​អាមេរិក បារម្ភ​ថា ក្នុងអំឡុង​បោះឆ្នោត អាច​នឹងមាន​ការប្រមូល​ផ្តុំ និង​ការធ្វើ​បាតុកម្ម ហើយ​រដ្ឋាភិបាល ក៏​អាច​នឹង​ចល័ត​កងកម្លាំង ដើម្បី​ការពារ​សន្តិសុខ​ដែរ​។

 


​ស្ថានទូត​អាមេរិក បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​អាមេរិក ​ជៀសវាង​ឲ្យ​ឆ្ងាយ បើ​មានការ​ប្រមូលផ្តុំ ឬ​ការធ្វើ​បាតុកម្ម ប្រឆាំងនឹង​ការបោះឆ្នោត​មែន​។ លើសពីនេះ ស្ថានទូត​អាមេរិក ក៏បាន​ដាស់តឿន​​ពលរដ្ឋ​ខ្លួន កុំ​ឲ្យ​ធ្វើដំណើរ​តាម​បណ្តា​ខេត្ត​នានា បើ​មិនចាំបាច់​។

​តាមរយៈ​សារ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​លើ​គេហទំព័រ  ស្ថានទូត​អាមេរិក បាន​ប្រាប់​ពលរដ្ឋ​ខ្លួន បែបនេះ​ថា​៖«​ការធ្វើ​បាតុកម្ម ឬ​ការប្រមូលផ្តុំ អាច​បង្ក​ឲ្យ​មានការ​ប្រឈមមុខ​ដាក់​គ្នា​»​។

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច មិន​សប្បាយចិត្ត​ឡើយ ពេល​ឃើញ​ស្ថានទូត​អាមេរិក បញ្ចេញ​សារ​បែបនេះ ពីព្រោះថា ប្រទេស​កម្ពុជា នឹង​មិនមាន​អសន្តិសុខ ភាពវឹកវរ ឬ​បញ្ហា​ណាមួយ កើតឡើង​នោះទេ ទោះជា​ក្នុង​ថ្ងៃ​បោះឆ្នោត​ក៏ដោយ​។ លោក ចាត់ទុក សារ​របស់​ស្ថានទូត​អាមេរិក​ថា មានន័យ​គាំទ្រ​អតីត​អ្នកប្រឆាំង និង​មានបំណង​បំភិតបំភ័យ​ប្រជាពលរដ្ឋ​កម្ពុជា កុំ​ឲ្យ​ទៅ​បោះឆ្នោត​។ 

​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​ប្រជាពលរដ្ឋ​ខ្មែរ ដឹង​ច្បាស់​ណាស់ ថា​កំពុង​រស់នៅ​ដោយ​សុខក្សេមក្សាន្ត និង​មាន​សុខសន្តិភាព​។ គ្មាន​នរណា​ជឿ​ទូត​អាមេរិក​ទេ​»៕



Tag:
 បោះឆ្នោត​
  អាមេរិក​
  សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com