សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃ​ត្រៀម​ជិត ៣​ពាន់​លាន​ដុល្លារ សម្រាប់​ជួយ​វិស័យ​ស្រូវ​អង្ករ​របស់ខ្លួន​ឆ្នាំ​២០១៨-២០១៩
25, Jul 2018 , 9:59 pm        
រូបភាព
រូបពីហ្វេសប៊ុក Amru Rice
រូបពីហ្វេសប៊ុក Amru Rice
ដោយ:
​រដ្ឋាភិបាល​ថៃ នៅក្នុង​សប្ដាហ៍​នេះ បានអនុម័ត​វិធាន​ការជួយ​វិស័យ​ស្រូវ​អង្ករ ដែលមាន​តម្លៃ​ទឹកប្រាក់​សរុប​ចំនួន ៩៧,៩៥​ពាន់​លាន​បាត (​ប្រហែល ២,៩​ពាន់​លាន​ដុល្លារ​) សម្រាប់​រដូវ​ប្រមូល​ផល​ឆ្នាំ​២០១៨-២០១៩ ។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្ដិ៍​។​



​វិធានការ​ខាងលើ រួមមាន​ផែនការ​ផ្ដល់​ឥណទាន ដែលមាន​ទឹកប្រាក់​សរុប ៣៥,០៦​ពាន់​លាន​បាត (​ជាង​១​ពាន់​លាន​ដុល្លារ​) ដែល​នឹង​ផ្ដល់​ដោយ​ធនាគារ​រដ្ឋ BAAC និង​ថវិកា​ជំនួយ​ចំនួន ៦២,៨៩​ពាន់​លាន​បាត (​ជិត​២​ពាន់​លាន​ដុល្លារ​) ដែល​រដ្ឋាភិបាល​នឹង​ផ្ដល់​ឲ្យ​កសិករ​។​

​លោក Nathporn Chatusripitak ទីប្រឹក្សា​រដ្ឋមន្ត្រី​ការិយាល័យ​នាយករដ្ឋមន្ត្រី ឲ្យ​ដឹងថា វិធានការ​នេះ នឹង​គ្រប់​ដណ្ដប់​លើ ៣​គម្រោង​។ ទី​១, ការផ្ដល់​ឥណទាន​ដល់​កសិករ​ដែល​យល់ព្រម​ពន្យារ​ការលក់​ស្រូវ និង​ការ​ផ្ដល់ជំនួយ​ថវិកា​សម្រាប់​ការ​ច្រូតកាត់ និង​លើកកម្ពស់​តម្លៃ​ស្រូវ​។ ទី​២, ឥណទាន​សម្រាប់​សហករណ៍​កសិកម្ម ដើម្បី​ប្រមូលស្រូវ និង​បង្កើត​តម្លៃបន្ថែម​។ និង​ទី​៣, កម្មវិធី​ឧបត្ថម​ធន​អត្រា​ការប្រាក់ ៣​ភាគរយ សម្រាប់​ពាណិជ្ជករ​ស្រូវ​អង្ករ ដែល​យល់ព្រម​រក្សាទុក​ស្រូវ​ក្នុង​ឃ្លាំង​។​

​កម្មវិធី​របស់​រដ្ឋាភិបាល​ទាំងនេះ នឹង​ចាប់ផ្ដើម​ដំណើរការ​ពី​ខែកញ្ញា​ឆ្នាំ​២០១៨​នេះ ដល់​ខែកញ្ញា​ឆ្នាំ​២០១៩ សម្រាប់​គ្រប់​ខេត្ត លើកលែងតែ​តំបន់​ភាគខាងត្បូង​។ ដោយឡែក​កម្មវិធី​សម្រាប់​ភាគខាងត្បូង ត្រូវអនុវត្ត​ពី​ខែមិថុនា ដល់​ខែតុលា​ឆ្នាំ​២០១៩ ឯណោះ​។

​រដ្ឋាភិបាល​គ្រោង​ថវិកា ២២,៥៦​ពាន់​លាន​បាត សម្រាប់​ផ្ដល់​កម្ចី​ដល់​កសិករ ដែល​ព្រម​ពន្យារពេល​លក់​ស្រូវ និង​សម្រាប់​ការលើកកម្ពស់​តម្លៃ​ស្រូវ​។ ហើយ​ឥណទាន​សម្រាប់​ក្រុម​សហគមន៍ សម្រាប់​ទិញស្រូវ និង​បង្កើត​តម្លៃបន្ថែម រដ្ឋាភិបាល​គ្រោង​ថវិកា ១២,៥​ពាន់​លាន​បាត​។​

​កម្មវិធី​ឧបត្ថម​ធន​អត្រា​ការប្រាក់​៣​ភាគរយ សម្រាប់​ពាណិជ្ជករ​ស្រូវ​អង្ករ ដែល​ព្រម​ស្តុក​ស្រូវ​ពី​រយៈពេល ៦០​ទៅ​១៨០​ថ្ងៃ ត្រូវបាន​រដ្ឋាភិបាល​គ្រោង​ថវិកា ៥៧២ លាន​បាត​។​
​គម្រោង​ផ្ដល់ប្រាក់​ជំនួយ​សម្រាប់​ការ​ច្រូតកាត់ រដ្ឋាភិបាល​នឹង​ផ្ដល់​ឲ្យ ១៥០០​បាត​ក្នុង​ដីស្រែ​មួយ​រ៉ៃ ហើយ​បានដាក់​ពិ​ដាន​មិន​ឲ្យ​ច្រើនជាង ១៨០០០​បាត​ក្នុង​មួយ​គ្រួសារ  និង​មិន​លើសពី ១២​រ៉ៃ​៕


Tag:
 ស្រូវ​អង្ករ​
 ​ថៃ​
© រក្សាសិទ្ធិដោយ thmeythmey.com