ជាតិ
បោះឆ្នោត
អ្នកនាំពាក្យគ.ជ.ប៖ ជប៉ុន គ្មានអ្នកសង្កេតការណ៍ តែមានអ្នកបច្ចេកទេស
× ដំណឹង ដែលត្រូវបានផ្សព្វផ្សាយជាហូរហែដោយសារព័ត៌មានជាតិ និងអន្តរជាតិថា រដ្ឋាភិបាលជប៉ុន នឹងមិនបញ្ជូនអ្នកសង្កេតការណ៍ មកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា មិនទាន់ឈានដល់ការសម្រេចចិត្តជាផ្លូវការនោះទេ ប៉ុន្តែវាគ្រាន់តែភាសានយោបាយ ដែលលើកឡើងជាប្រយោលសិនប៉ុណ្ណោះ។ នេះជាការយល់ឃើញរបស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
លោក ហង្ស ពុទ្ធា អះអាងថា បើទោះបីជាជប៉ុន ពិតជាមិនបញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជាមែន ដូចដែលខ្លួនលើកឡើងពេលនេះក្តី ក៏ជប៉ុន នៅតែជាភាគីដ៏សំខាន់ សម្រាប់ការបោះឆ្នោតដដែល។ លោក បន្ថែមថា ម្យ៉ាងទៀត ការមិនដាក់អ្នកសង្កេតការណ៍នេះ មិនអាចធ្វើឲ្យដំណើរការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ជួបផលពិបាក ឬក៏បាត់ភាពត្រឹមត្រូវនោះទេ។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះ៖«ជប៉ុន នៅតែជួយយើងយ៉ាងដិតដល់។ ទោះមិនដាក់អ្នកសង្កេតការណ៍ តែជប៉ុន មានការិយាល័យ និងអ្នកបច្ចេកទេស ដែលកំពុងធ្វើការជាមួយយើង។ ហើយ ជប៉ុន បានជួយយើងជាច្រើន ដូចជារថយន្ត ហិបឆ្នោត និងឧបករណ៍ចាំបាច់ផ្សេងៗទៀត»។
ជប៉ុន គឺជាប្រទេសមួយ ដែលរក្សាជំហររឹងមាំជាងគេ ក្នុងការគាំទ្រ និងការផ្តល់ជំនួយដល់កម្ពុជា ជាពិសេសក្នុងដំណាក់កាលនៃការបោះឆ្នោត ខណៈសហគមន៍អន្តរជាតិមួយចំនួន កំពុងដាក់សម្ពាធ។ ប៉ុន្តែ នៅថ្ងៃទី២៥ ខែកក្កដា លោក Yoshihide Suga អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន ស្រាប់ចេញមកប្រកាសក្នុងសន្និសីទកាសែតមួយថា រដ្ឋាភិបាលរបស់លោក នឹងមិនបញ្ជូនអ្នកសង្កេតការណ៍ ឲ្យមកតាមដានការបោះឆ្នោតនៅកម្ពុជានោះទេ។
សូមបញ្ជាក់ថា បច្ចុប្បន្ន មានអ្នកសង្កេតការណ៍អន្តរជាតិជាង២០០នាក់ មកពីប្រទេសជាង៥០ បានសុំចូលរួមឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា។ ចំណែក អ្នកសង្កេតការណ៍ជាតិ មានប្រមាណ៨ម៉ឺននាក់ ហើយភ្នាក់ងារគណបក្ស ក៏មានប្រមាណ៨ម៉ឺននាក់ដែរ៕
Tag:
បោះឆ្នោត
ហង្ស ពុទ្ធា
ជប៉ុន
អ្នកសង្កេតការណ៍
© រក្សាសិទ្ធិដោយ thmeythmey.com