ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋសភា​អាមេរិក ស្នើ​ឲ្យ​លោក​ត្រាំ ដាក់ទណ្ឌកម្ម​លើ​មេដឹកនាំ​កំពូល និង​មន្ត្រីជាន់ខ្ពស់​១៧​រូប​
26, Jul 2018 , 12:28 pm        
រូបភាព
មេដឹកនាំកំពូល និងមន្រ្តីជាន់ខ្ពស់កម្ពុជា ទាំង១៧រូប ដែលត្រូវបានរដ្ឋសភាអាមេរិក ដាក់សំណើទៅប្រធានាធិបតី ដូណាល់ ត្រាំ ដាក់ទណ្ឌកម្មលើការចេញ-ចូលទឹកដីអាមេរិក និងបង្កកទ្រព្យសម្បត្តិ។ ប៉ុន្តែសំណើនេះ ត្រូវឆ្លងកាត់ការសម្រេចពីព្រឺទ្ធសភាសិន មុននឹងដល់ដៃប្រធានាធិបតី។
មេដឹកនាំកំពូល និងមន្រ្តីជាន់ខ្ពស់កម្ពុជា ទាំង១៧រូប ដែលត្រូវបានរដ្ឋសភាអាមេរិក ដាក់សំណើទៅប្រធានាធិបតី ដូណាល់ ត្រាំ ដាក់ទណ្ឌកម្មលើការចេញ-ចូលទឹកដីអាមេរិក និងបង្កកទ្រព្យសម្បត្តិ។ ប៉ុន្តែសំណើនេះ ត្រូវឆ្លងកាត់ការសម្រេចពីព្រឺទ្ធសភាសិន មុននឹងដល់ដៃប្រធានាធិបតី។
​ភ្នំពេញ​៖ រដ្ឋសភា​អាមេរិក (House of Representatives) បានអនុម័ត​ច្បាប់​មួយ​ដែល​ស្នើ​ឲ្យ​ប្រធានាធិបតី​អាមេរិក​ដាក់ទណ្ឌកម្ម​មេដឹកនាំ​កម្ពុជា រួមមាន​សម្ដេច ហ៊ុន សែន សម្ដេច ស ខេង សម្ដេច ទៀ បាញ់ និង​មន្ត្រីជាន់ខ្ពស់​ជាង​១០​រូប​ទៀត​។ យ៉ាងណាក៏ដោយ សំណើ​នេះ​នឹងត្រូវ​ឆ្លងកាត់​ការសម្រេច​ពី​ព្រឹទ្ធសភា​ទៀត មុននឹង​ទៅដល់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។ «​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​» ដែល​ត្រូវបាន​ស្នើឡើង​ដោយ​គណៈកម្មការ​កិច្ចការបរទេស​នៃ​រដ្ឋសភា​អាមេរិក ផ្តោត​សំខាន់​ទៅលើ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ , បញ្ហានយោបាយ និង​សិទ្ធិមនុស្ស ។ អ្នកនាំពាក្យ​រដ្ឋាភិបាល ចាត់ទុក​ទង្វើ​របស់​អា​មេ​រិ​ក​នេះ ថា​ជា​សកម្មភាព​ឈ្លានពាន​អធិបតេយ្យភាព​កម្ពុជា ទាំង​អយុត្តិធម៌​។​


​មូល​ហេតុដែល​រដ្ឋសភា​អាមេរិក ដាក់សំណើ​ទៅ​ប្រធានាធិបតី​ខ្លួន ឲ្យ​ត្រួតពិនិត្យ​ការដាក់ទណ្ឌកម្ម​លើ​មេដឹកនាំ​កម្ពុជា​នេះ គឺ​យោង​លើ​របាយការណ៍មួយចំនួន​ដែល​ទាក់ទង​នឹង​ស្ថានភាព​នយោបាយ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១៣​មក ។ ព័ត៌មាន​ដែល​អាមេរិក​ទទួលបាន​នេះ ទាក់ទង​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​, ការចាត់វិធានការ​លើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន ដែល​ប្រឆាំង​ការដឹកនាំ​របស់​រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន​។ ទន្ទឹមនឹងនេះ​រដ្ឋសភា​អាមេរិក បាន​រំ​ឮ​ក​ពី​ការវាយដំ លោក ញ៉យ ចំរើន ដែលមាន​សញ្ជាតិ​អាមេរិក និង​លោក គង់ សភា តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្បែ​រដ្ឋសភា កាលពី​៣​ឆ្នាំមុន​, ករណី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការឃុំខ្លួន​លោក កឹម សុខា រួមទាំង​ករណី​ឃាតកម្ម​លើ​លោក កែម ឡី ផង​។​

សេចក្តីសម្រេច​របស់រ​ដ្ឋ​សភា​អាមេរិក​នា​ថ្ងៃទី​២៥​ខែកក្កដា គឺ​ស្នើ​ឲ្យ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ហាមឃាត់​សម្ដេច ហ៊ុន សែន និង​មន្ត្រីជាន់ខ្ពស់​ជាង​១០​រូប ចេញ​-​ចូល ទឹកដី​អាមេរិក និង​ការ​បង្កក​ទ្រព្យសម្បត្តិ​របស់​ពួកគេ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​អាមេរិក បានបញ្ជាក់​ដូច្នេះ​ថា​៖«​សំណើ​នេះ​នឹងត្រូវ​បញ្ជូនទៅ​ប្រធានាធិបតី ដើម្បី​កំណត់ថា អ្នកណា​ដែល​គួរតែ​ត្រូវ​ទទួល​ទណ្ឌកម្ម​ទាំងនេះ​។ ប៉ុន្តែ​ដោយសារ​ភាព​ក្រអឺតក្រទម​នៃ​រដ្ឋាភិបាល​នេះ យើង​មានគំនិត​រួចហើយ​ថា តើ​អ្នកណា​ដែល​គួរតែ​ទទួល​ទណ្ឌកម្ម​ទាំងនេះ​»​។​

​មេដឹកនាំ​កំពូល និង​មន្ត្រីជាន់ខ្ពស់​ទាំង​១៧​រូប ដែល​រដ្ឋសភា​អាមេរិក បានកំណត់​នៅក្នុង​ច្បាប់​នោះ​រួមមាន​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ,​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង​, រដ្ឋមន្ត្រី​ក្រសួងការពារជាតិ សម្ដេច ទៀ បាញ់ , រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ,​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល​, រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក ប្រាក់ សុខុន​,​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យិនទៀង​, រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ​, លោក ប៉ុល សារឿន អតីត​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​, លោក គន់ គីម អតីត​អគ្គ​មេបញ្ជាការរង នាយ​សេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ​, លោក សៅ សុខា មេបញ្ជាការ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, លោក ហ៊ីង ប៊ុន​ហៀ​ង អគ្គបញ្ជាការរង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​កង​អង្គរក្ស លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាលជាតិ​, លោក ជួន សុវណ្ណ ស្នងការ​​រាជធានី​ភ្នំពេញ រួមទាំង​កូនប្រុស​-​ស្រី និង​កូនប្រសារ​សម្ដេច ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ា​ណែ​ត​, លោក សុខ ពុ​ទ្ធី​វុ​ធ និង​លោកស្រី ហ៊ុន ម៉ា​ណា​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​និយាយថា អាមេរិក​កំពុង​យក​កម្ពុជា ធ្វើជា​ចំណាប់ខ្មាំង​នយោបាយ​ខ្លួន​។ លោក ផៃ ស៊ី​ផាន ចាត់ទុក​ទង្វើ​របស់​អា​មេ​រិ​ក​នេះ ជា​សកម្មភាព​ឈ្លានពាន​អធិបតេយ្យភាព​កម្ពុជា​ទាំង​អយុត្តិធម៌​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ទង្វើ​អាមេរិក​នេះ ទី​១ វា​បង្ហាញ​ពី​ការឈ្លានពាន​លើ​អធិបតេយ្យភាព​កម្ពុជា​។ ទី​២ វា​បង្ហាញថា អាមេរិក​កំពុង​យក​កម្ពុជា ធ្វើជា​សត្រូវ ដែល​វា​ជា​រឿង​អយុត្តិធម៌​បំផុត ហើយ​វា​ក៏​បង្ហាញថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ឧបករណ៍​នយោបាយ​រប​ស់​អាមេរិក​ដែរ​។ តែ​យ៉ាងណា​រដ្ឋាភិបាល​កម្ពុជា​កើតចេញពី​ការបោះឆ្នោត កើតចេញពី​ប្រជាពលរដ្ឋ​កម្ពុជា មិនកើត​ចេញ​មកពី​អាមេរិក ឬក៏​ចិន​ឡើយ​»​។​

​បើទោះជា​អាមេរិក មើល​មក​កម្ពុជា ក្នុង​រូបភាព​អាក្រក់​ក្តី ក៏​រដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ត​សហការ​ការងារ និង​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក ។ នេះ​ជាការ​បញ្ជាក់​របស់លោក ផៃ ស៊ី​ផាន ដែល​ចង់​ផ្ដាំផ្ញើ​ឲ្យ​អាមេរិក​ពិចារណា​ឡើងវិញ ចំពោះ​ទង្វើ​ខ្លួន ដែល​បានធ្វើ​មកលើ​កម្ពុជា​៕


Tag:
 ​អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ហ៊ុន សែន​
  ស ខេង
  ទៀ បាញ់​
  កឹម សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com